នៅក្នុងជំនួបពិភាក្សាជាមួយសមភាគីជប៉ុន លោក Yoshimasa Hayashi រដ្ឋមន្ត្រីការបរទេស អាមេរិក លោក Antony Blinken បានថ្កោលទោសយ៉ាងខ្លាំងដល់កូរ៉េខាងជើងដែលបានរបាញ់សាកល្បងមីស៊ីលល្បឿនលឿន ចូលទៅកាន់ដែនសមុទ្រជប៉ុន ។ ជាមួយគ្នានេះអាមេរិកបានសន្យាថានឹងការពារជប៉ុនឱ្យរួចផុតពីការគំរាមកំហែងពីប្រទេសជិតខាង។ ប្រមុខការបរទេសអាមេរិកនិងជប៉ុន ក៏បានពិភាក្សាគ្នាលើបញ្ហារំសាយអាវុធបរមាណុនៅឧបទ្វីបកូរ៉េផងដែរ។ សារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានចេញផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍ ទី០៦ ខែមករា ឆ្នាំ២០២២នេះថា អាវុធដែលទីក្រុងព្យុងយ៉ាងទើបបានបាញ់សាកល្បង កាលពីព្រឹកថ្ងៃពុធម្សិលមិញនេះ គឺជាប្រភេទ «មីស៊ីលលឿនជាងសំឡេង» (hypersonic missile) មួយគ្រាប់ ហើយការធ្វើតេស្តនោះក៏ទទួលបានជោគជ័យផងដែរ។ ការបាញ់សាកល្បងគ្រាប់មីស៊ីល កាលពីថ្ងៃពុធសប្តាហ៍នេះ គឺជាលើកដំបូងសម្រាប់កូរ៉េខាងជើង គិតចាប់តាំងពីខែតុលា ឆ្នាំ២០២១ ហើយវាត្រូវបានក្រុមសង្កេតការណ៍យោធានៃប្រទេសកូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងជប៉ុនចាប់បាន ហើយរិះគន់ទីក្រុងព្យុងយ៉ាងចំពោះទង្វើនេះផងដែរ ខណៈដែលពីដំបូងឡើយពួកគេបានសន្និដ្ឋានថា វាជាប្រភេទមីស៊ីលបាលីស្ទីកប៉ុណ្ណោះ។ KCNA បានចេញផ្សាយយ៉ាងដូច្នេះថា «ក្នុងការធ្វើតេស្តកាលពីថ្ងៃពុធ មីស៊ីលលឿនជាងសំឡេងមួយគ្រាប់ ត្រូវបានឧបករណ៍ជំរុញគ្រាប់រ៉ុក្កែតបាញ់ចេញ និងហោះនៅក្នុងរយៈចម្ងាយ៧០០គីឡូម៉ែត្រ រួចទើបវាយប្រហារចំគោលដៅ ប្រកបដោយជោគជ័យ»។ KCNA ក៏បានបង្ហើបពីសមត្ថភាពយោធាកូរ៉េខាងជើង ក្នុងការធ្វើប្រតិបត្តិការបាញ់មីស៊ីល បើទោះបីជាស្ថិតក្នុងរដូវរងាក៏ដោយ។ នេះមិនមែនជាអាវុធប្រភេទថ្មី ដែលកូរ៉េខាងជើងបានធ្វើតេស្តនោះឡើយ ដោយកាលពីខែកញ្ញា ឆ្នាំ២០២១ ទីក្រុងព្យុងយ៉ាងបានប្រកាសជាលើកទី១នូវការធ្វើតេស្តមីស៊ីលលឿនជាងសំឡេងដើម្បីបង្ហាញថា ខ្លួនក៏ដើរប្រកៀកនឹងមហាអំណាចយោធាកំពូលៗលើលោកផងដែរ នៅក្នុងការអភិវឌ្ឍអាវុធដ៏អស្ចារ្យប្រភេទនេះ។ មិនដូចគ្រាប់មីស៊ីលបាលីស្ទីក (ballistic missile) ដែលត្រូវហោះទៅដល់រយៈកម្ពស់ខ្ពស់ រួចទើបចុះមកវិញដើម្បីទម្លាក់ឱ្យចំគោលដៅនោះឡើយ, គ្រាប់មីស៊ីលលឿនជាងសំឡេង (hypersonic missile) គឺអាចហោះបាននៅក្នុងរយៈកម្ពស់ទាប និងមានល្បឿនលឿនជាងសំឡេងរហូតដល់ទៅជាង៥ដង ឬស្មើនឹង ៦,២០០គីឡូម៉ែត្រក្នុងមួយម៉ោង៕ ដោយសាធី
រូបថត៖Yonhap