ខេត្តកំពង់ឆ្នាំង៖ បន្ទាប់ពីបានការអនុញ្ញាតពីអាជ្ញាធរខេត្តកំពង់ឆ្នាំង មន្ទីរទេសចរណ៍ដែលជាអ្នកទទួលភារៈក្នុងការរៀបចំសង្ក្រានឆ្នាំថ្មី នៅកំពង់ឆ្នាំងនោះ ដោយអោយសហការជាមួយមន្ទីរអង្គភាពមួយចំនួន នោះត្រូវបានគេមើលឃើញថា ការរៀបចំនេះមិនខុសពីអ្វីដែលគេលើកឡើងថា ធ្វើនំអត់ម្សៅ មន្ទីរជំនាញផ្សេងដែលចូលរួមសហការគឺគ្រាន់តែជាការអស់កម្លាំងកាយចិត្តនិងប្រាជ្ញា ឯលាភសក្ការៈដ៍ច្រើនសន្ធឹកសន្ធាប់ដែលបានមកពីការរៀបចំសង្ក្រានឆ្នាំថ្មីនេះ ត្រូវបានមន្ទីរទេសចរណ៍ជាអ្នកទទួលតែម្នាក់ឯកគត់ ។ការបែកធ្លាយរបស់ពីភាពមិនប្រក្រតីនៃការរៀបចំនេះគឺបន្ទាប់ពី សង្ក្រានឆ្នាំថ្មីត្រូវបានបញ្ចប់ ។
តាមប្រភពបានអោយដឹងថា នៅក្នុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ព.ស ២៥៦០ គ.ស ២០១៦នេះ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានរៀបចំធ្វើសង្ក្រានឆ្នាំថ្មី ដើម្បីបង្ករភាពសប្បាយរីករាយជូនបងប្អូនប្រជាពលរដ្ឋ ដោយកំណត់អោយមន្ទីរទេសចរណ៍ជាអ្នកដឹកនាំរៀបចំ និងអោយមានកិច្ច សហការពីអង្គភាពពាក់ព័ន្ធ ព្រមទាំងវិស័យឯកជនមួយចំនួនផងដែរ ។ ប៉ុន្តែអ្វីៗត្រូវបានបែកធ្លាយថាក្រោយពីសង្ក្រានឆ្នាំថ្មីត្រូវបញ្ចប់ ដែលគេសន្និដ្ឋានថាមានតែមន្ទីរទេសចរណ៍តែមួយគត់ដែលសើមមាត់ជោគជាំនៃការរៀបចំនេះ ចំណែកឯមន្ទីរផ្សេងចូលរួមសហការស្ងួតជើងធ្មេញ រកតែទឹកសុទ្ធមួយដបដាក់ផ្សើមមាត់ ក៍មិនបានផង មិនបាច់ចាំរកដល់តែលុយកាក់នោះទេ ។
ប្រភពបានអោយដឹងថា នៅក្នុងកិច្ចប្រជុំដែលផ្តើមអោយរៀបចំពិធីនេះ លោកប្រធានមន្ទីរទេសចរណ៍ និង ដៃគូ របស់ខ្លួនបានប្រកាសថា គេមានលុយរាប់ម៉ឹនដូល្លា សម្រាប់ចំណាយ ក្នុងការរៀបចំពិធីនេះ ប៉ុន្តែពេលជាក់ស្តែង គេឃើញមានតែកូនរទេះមួយ និង ខ្ទមស្បូវមួយដែលធ្វើសសរពីដែក ព្រមទាំងបដាសួរស្តីឆ្នាំថ្មី និង សង្ក្រានឆ្នាំថ្មី លើទឹកដីខេត្តកំពង់ឆ្នាំងមិនបានទាំង១០ផ្ទាំងផង។ ក្រៅពីនោះសុទ្ធតែស្តង់លក់ផលិតផលថៃ និង តុសម្រាប់ផឹកស្រាបៀរ KINGDOM ។
មិនត្រឹមតែទីលានបាល់ទាត់ និង សួនកុមារទេ ដែលគេយករៀបចំស្តង់សម្រាប់លក់ផលិតផលថៃ ទីតាំងអង្គភាពរដ្ឋដូចជាមន្ទីរវប្បធម៌ មន្ទីរសារធារណការ សាលាខេត្ត និងទីតាំងមួយចំនួនទៀត ដែលស្ថិតនៅជុំវិញកន្លែងប្រារព្វពិធីត្រូវបានមន្ទីរទេសចរណ៍ម៉ៅផ្តាច់ទៅ អោយអ្នកយកភាស៊ី ក្នុងតម្លៃរាប់លានរៀល ហើយមានកន្លែងខ្លះជិត១០០០ដូល្លា ។ ដោយសារតែមន្ទីរទេសចរណ៍ម៉ៅផ្តាច់ក្នុងតម្លៃខ្ពស់ អ្នកយកភាស៊ីបានតម្លើងថ្លៃរហូតទៅដល់៣០០០រៀល ក្នុងម៉ូតូមួយគ្រឿង ដែលករណីនេះ ធ្វើអោយមានការិះគន់យ៉ាងខ្លាំងផងដែរ ពីព្រោះតម្លៃភាស៊ីផ្ញើម៉ូតូ នៅក្នុងខេត្តកំពង់ឆ្នាំង មិនដែលឡើងដល់៣០០០រៀលនោះទេ នេះអាចចាត់ទុកថា ជាលើកដំបូងហើយ ។
មន្ត្រីពាក់ព័ន្ធក្នុងការរៀបចំពិធីនេះ បានសំដែងនូវការមិនសប្បាយចិត្តថា ក្នុងខណៈពេលដែលអង្គភាពផ្សេងៗខំធ្វើការជាខ្លាំង បែជាមន្ទីរទេសចរណ៍ជាអ្នកប្រមូលលុយទៅវិញ សូម្បីតែកម្លាំងប៉ូលីស និង កម្លាំងអាវុធហត្ថ ដែលខំយាមកាមទាំងយប់ទាំងថ្ងៃ រកតែទឹកសុទ្ធមួយដបផឹកមិនបានផង ពិសេសទៀតនោះក្នុងថ្ងៃបើកសង្ក្រាន្តមន្ត្រីរាជការដែលចូលរួមមើលមុខគ្នាឡេងឡង់ រកទឹកសុទ្ធផឹកមិនបាន ទាល់តែកម្មវិធីជិតបញ្ចប់ទើបទៅទិញ២ទៅ៣យួមកអោយអ្នកចូលរួមផឹក ។
ពាក់ព័ន្ធនិងការិះគន់នេះលោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ ខេត្តកំពង់ឆ្នាំង នៅពុំទាន់អាចទាក់ទងសុំការបំភ្លឺបាននៅឡើយទេ ។
មន្ត្រីរាជការ និង ប្រជាពលរដ្ឋក្នុងខេត្ត បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកអភិបាលខេត្តកំពង់ឆ្នាំង ដែលបានផ្តួចផ្តើមរៀបចំកម្មវិធីនេះឡើង ធ្វើអោយខេត្តកំពង់ឆ្នាំងមានភាពអាធិកអាធម សប្បាយរីករាយ ជាងឆ្នាំមុនៗ ហើយមានប្រជាពលរដ្ឋជាច្រើនបានមកចូលរួមលេងល្បែងប្រជាប្រិយ រាំកំសាន្ត និង ទស្សនា ការសំដែងរបាំប្រពៃណី ដោយក្រុមសិល្បៈនៃមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈផងដែរ ដែលការរៀបចំនេះគេអាចចាត់ទុកបានថា ជាព្រឹត្តិការណ៍ដ៍ពិសេស ដែលកន្លងមកមានអភិបាលខេត្តរាប់ជំនាន់ទៅហើយពុំដែលមានគំនិតផ្តួចផ្តើមដូចនេះទេ ដែលពេលនេះប្រជាពលរដ្ឋសាទរជាខ្លាំងដែលសង្ក្រាន្តឆ្នាំថ្មីនៅកំពង់ឆ្នាំប្រជាពលរដ្ឋចូលមកលេងច្រើន ៕