សារលិខិតសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធាគណបក្សប្រជាជនកម្ពុជាក្នុងឱកាសរំឮកខួបទី៤៣ នៃទិវាជ័យជម្នះ ៧មករា

ចែករំលែក៖

ភ្នំពេញ : សារលិខិតសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ប្រធានគណបក្សប្រជាជនកម្ពុជា ក្នុងឱកាសរំឭកខួបទី ៤៣ នទិវាជ័យជម្នះ ៧ មករា

សូមក្រាបថ្វាយបង្គំព្រះថេរា នុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ បងប្អូនជនរួមជាតិ ជាទីគោរពស្នហាដ៏ជ្រាលជ្រៅបំផុត!

ថ្ងៃទី៧ ខែមករា ឆ្នាំ២០២២នេះ ជាថ្ងៃគម្រប់ខួប ៤៣ឆ្នាំ នៃទិវាជ័យជម្នះជាប្រវត្តិសាស្ត្ររបស់ប្រជាជនកម្ពុជា លើរបបប្រល័យពូជសាសន៍ ប៉ុល ពត ដែលបានសង្គ្រោះជាតិឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា បញ្ចប់សម័យ កាលដ៏ខ្មៅងងឹតបំផុត ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជា គឺឯករាជ្យ សេរីភាព ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។ បន្ទាប់ពីថ្ងៃជ័យជម្នះជាប្រវត្តិសាស្ត្រនេះ គណបក្សប្រជាជនកម្ពុជា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងរដ្ឋអំណាច ប្រជាជន បានប្រមូលកម្លាំងប្រជាជាតិខ្មែរទាំងមូលពុះពារជម្នះគ្រប់ឧបសគ្គ និងការលំបាករាប់ម៉ឺនសែនជំពូកយ៉ាងប្តូរផ្តាច់ ដើម្បីការពារការរស់រានរបស់ខ្លួន និងការស្តារ កសាងប្រទេសឡើងវិញដែលត្រូវចាប់ផ្ដើមពីចំណុចសូន្យ។ ជោគជ័យក្នុង ការអនុវត្តបណ្ដាភារកិច្ចជាយុទ្ធសាស្ត្រនេះបានបង្កើតបុព្វបទ និងលក្ខណសម្បត្តិជាមូលដ្ឋានសម្រាប់ការស្វែងរកសន្តិភាព និងបង្រួបបង្រួមជាតិ និងការបន្តស្តារ និងអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យឱ្យមានការរីកចម្រើនរហូតមកដល់ពេលនេះ។ ថ្ងៃ៧ មករា ឆ្នាំ១៩៧៩ ត្រូវបានប្រជាជនកម្ពុជាប្រសិទ្ធនាមថា ជា “ថ្ងៃកំណើតទី ២ របស់ខ្លួន” បើគ្មានជ័យជម្នះ ថ្ងៃ៧ មករា យើងពិតជាគ្មានជីវិតរស់នៅមកដល់ថ្ងៃនេះទេ ហើយក៏គ្មានអ្វីៗដូចបច្ចុប្បន្នដែរ នេះជាសច្ចធម៌ប្រវត្តិសាស្ត្រ។

យើងទាំងអស់គ្នា រំឭកព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះឡើង ក្នុងស្មារតីចងចាំជានិច្ចមហាឧក្រិដ្ឋកម្មដែលរបប ប្រល័យពូជសាសន៍ប៉ុល ពត បានប្រព្រឹត្តមកលើមាតុភូមិ និងប្រជាជនកម្ពុជា និងក្នុងស្មារតីចងចាំជានិច្ច គុណូបការៈ ដ៏ថ្លៃថ្លាបំផុតរបស់កម្មាភិបាល យុទ្ធជន យុទ្ធនារីនៃរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា និងកងទ័ពស្ម័គ្រចិត្តវៀតណាម ដែលបានធ្វើពលិកម្មសាច់ឈាម និងអាយុជីវិតរបស់ខ្លួនប្រកបដោយវីរភាព ក្នុងការប្រយុទ្ធវាយផ្តួលរំលំរបបប្រល័យ ពូជសាសន៍ប៉ុល ពត និងរាំងស្កាត់មិនឱ្យរបបដ៏អប្រិយនេះអាចវិលត្រឡប់មកជាថ្មីវិញបាន។ ព្រមជាមួយនេះ យើងទាំង អស់គ្នាសូមលំឱនកាយគោរព ឧទ្ទិសបួងសួងសូមឱ្យដួងវិញ្ញាណក្ខ័ន្ធរបស់ជនរួមជាតិយើងរាប់លាននាក់ដែលត្រូវ សម្លាប់យ៉ាងអយុត្តិធម៌ និងអាណោចអាធម្មបំផុតក្នុងរបបប៉ុល ពត បានទៅកាន់សុគតិភពជារៀងដរាប។

ជនរួមជាតិ ជាទីស្នេហា! រយៈពេល ៤៣ឆ្នាំមកនេះ ផ្ដើមពីជ័យជម្នះ៧មករា យើងបានធ្វើដំណើរលើផ្លូវមួយ ប្រកបដោយភាពបត់បែន និងគ្រោះថ្នាក់ជាទីបំផុត តែជាផ្លូវដ៏ត្រឹមត្រូវដែលបានធានាដល់ការស្ថិតស្ថេរគង់វង្ស និងរីកចម្រើន នៃមាតុភូមិកម្ពុជា។ ដោយភ្ជាប់ជាប់មេរៀនពិសោធន៍នៅក្នុងប្រវត្តិសាស្ត្ររបស់ខ្លួន ប្រជាជាតិយើងបានជ្រើសរើសយក របបនយោបាយ និងសង្គមរបស់ខ្លួនប្រកបដោយភាពឯករាជ្យដែលស្របទៅនឹងលក្ខណៈប្រវត្តិសាស្ត្រ ស្ថានភាពសង្គម សេដ្ឋកិច្ច វប្បធម៌កម្ពុជា ព្រមទាំងការវិវត្តនៃសភាពការណ៍ក្នុងប្រទេស និងក្រៅប្រទេស ដោយមិនរាថយចំពោះឧបសគ្គ និងការសាកល្បងគ្រប់បែបយ៉ាង និងមិនឱនក្បាលចំពោះការកៀបសង្កត់គំរាមកំហែងនានា។ លើមូលដ្ឋាននេះ បានធ្វើឱ្យ មាតុភូមិយើងអាចងើបឈរឡើងវិញ និងឈានទៅមុខជាជំហានៗ ឆ្លងផុតដំណាក់កាលដែលលំបាកបំផុត មកកាន់ ដំណាក់កាលពង្រឹងពង្រីកខ្លួន និងសម្រេចបានការផ្លាស់ប្តូរដ៏ធំធេងជាប្រវត្តិសាស្ត្រប្រកបដោយមោទនភាព កម្ពុជា ដែលពីមុនជាវាលពិឃាតនៃរបបប្រល័យពូជសាសន៍, ជាសមរភូមិនៃសង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរ៉ៃ, ជាកន្លែងដណ្តើមប្រជែងរវាងមនោគមវិជ្ជានយោបាយនានា, ជាប្រទេសក្រីក្រ និងឱនថយបំផុតផ្នែកសេដ្ឋកិច្ច ឥឡូវនេះបានក្លាយជាព្រះរាជាណាចក្រ ដែលប្រកាន់ខ្ជាប់នូវគោលការណ៍ប្រជាធិបតេយ្យ និងនីតិរដ្ឋ, ជាប្រទេសមានសន្តិភាព ឯកភាពជាតិ និងឯកភាពទឹកដី ទាំងស្រុង មានសេដ្ឋកិច្ចកំពុងលូតលាស់ ដោយបានចេញផុតពីប្រទេសមានចំណូលទាប ក្លាយជាប្រទេសមានចំណូល មធ្យមកម្រិតទាប ហើយជីវភាពប្រជាជនមានភាពកាន់តែប្រសើរឡើង។ កម្ពុជាបានក្រោកឈរស្មើមុខមាត់ជាមួយបណ្តា ប្រទេស បានចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងរាល់កិច្ចការអន្តរជាតិ។ ទាំងអស់នេះ គឺជាសមិទ្ធផលជាប្រវត្តិសាស្ត្រ ដ៏ធំធេងថ្លៃថ្លាបំផុតរបស់ប្រជាជនកម្ពុជាគ្រប់រូបនៃគ្រប់ជនជាតិ គ្រប់ជំនឿសាសនា និងគ្រប់និន្នាការនយោបាយ។

ឆ្នាំ ២០២០ និងឆ្នាំ ២០២១ កន្លងទៅនេះ វិបត្តិជាសកលនៃជំងឺកូវីដ-១៩ក៏បានបង្កផលប៉ះពាល់យ៉ាង ធ្ងន់ធ្ងរមកលើជីវភាពសង្គមជាតិយើង។ ប្រឈមនឹងស្ថានការណ៍នេះ រាជរដ្ឋាភិបាលបានដាក់ចេញផែនការយុទ្ធសាស្ត្រ និងវិធានការជាច្រើនប្រកបដោយភាពជាក់ស្ដែងក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺដ៏កាចសាហាវនេះ ទាំងខាងរដ្ឋបាល សុខាភិបាល សន្តិសុខ សេដ្ឋកិច្ច និងសង្គមកិច្ច ជាពិសេសយុទ្ធនាការជាតិចាក់វ៉ាក់សាំង ដើម្បីការពារអាយុជីវិតប្រជាជន រក្សាស្ថិរភាពសង្គម រក្សាលំនឹងសេដ្ឋកិច្ច

និងលំនឹងនៃជីវភាពរស់នៅដោយមានការចូលរួមយ៉ាងផុលផុសពីសំណាក់ ប្រជាពលរដ្ឋ មកដល់ចុងឆ្នាំ ២០២១ យើងបានធ្វើឱ្យចំនួនករណ៏ឆ្លងជំងឺកូវីដ-១៩ ត្រូវថយចុះមកក្នុងកម្រិត យ៉ាងទាប ហើយបង្កើតបានភាពស៊ាំក្នុងសង្គម ដែលអនុញ្ញាតឱ្យរាជរដ្ឋាភិបាលប្រកាសបើកប្រទេសឡើងវិញគ្រប់វិស័យ តាមគន្លងប្រក្រតីភាពថ្មីចាប់ពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២១ មក។ មកដល់ពេលនេះ ស្ថានភាពទូទៅកាន់តែបានល្អប្រសើរ ឡើងដែលឆ្លុះបញ្ចាំងអំពីជោគជ័យរបស់យើងក្នុងការទប់ស្កាត់មិនឱ្យប្រជាជនធ្លាក់ក្នុងជ្រោះមរណៈនៃជំងឺកូវីដ-១៩ និងបានផ្ដល់ការរំពឹងទុកប្រកបដោយភាពវិជ្ជមានចំពោះការស្តារ និងជំរុញកំណើនសេដ្ឋកិច្ចឡើងវិញក្នុងឆ្នាំ ២០២២ នេះ។ ប៉ុន្តែទោះបីជាដូច្នេះក្តី ក៏ជំងឺកូវីដ-១៩ នៅតែជាការគំរាមកំហែងយ៉ាងធំនៅឡើយដល់ការរស់នៅរបស់ប្រជាជន ដែលទាមទារឱ្យប្រជាជនម្នាក់ៗត្រូវរៀនរស់ជាមួយកូវីដតាមគន្លងប្រក្រតីភាពថ្មី បន្តអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវ វិធានសុវត្ថិភាពនានា ជាពិសេសការចាក់វ៉ាក់សាំងឱ្យបានពេញលេញ និងការអនុវត្តវិធានការ “៣ការពារ ៣កុំ”។

ជនរួមជាតិជាទីស្នេហា! ពេលនេះយើងកំពុងឈានចូលឆ្នាំថ្មី ២០២២ ជាមួយនឹងក្តីសង្ឃឹមដ៏មុតមាំ ចំពោះជោគជ័យនៃដំណើរជាតិយើងបន្តទៅមុខទៀត។ នៅក្នុងឱកាសនេះ ខ្ញុំសូមអំពាវនាវដល់បងប្អូនជនរួមជាតិនៅ គ្រប់ទិសទី សូមបន្តរួបរួមសាមគ្គីជាធ្លុងមួយក្រោមដំបូលរដ្ឋធម្មនុញ្ញ និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីសម្រេចបានសមិទ្ធផលថ្មីៗទៀតក្នុងការកសាង និងការពារមាតុភូមិជាទី ស្នេហានៃយើង ឆ្ពោះទៅរកអនាគតដ៏រុងរឿងដែលពុំមានការកើតឡើងជាថ្មីទៀតនូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុន។ ក្នុងស្មារតីនេះ ប្រជាជាតិយើងទាំងមូលត្រូវពួតដៃគ្នារួមចិត្តតែមួយ ប្តូរផ្តាច់ ថែរក្សាសន្តិភាព ការពារឯករាជ្យ អធិបតេយ្យ ការពាររាល់សមិទ្ធផលសង្គមជាតិដែលសម្រេចបានតាំងពីថ្ងៃជ័យជម្នះ ៧មករាឱ្យបានគង់វង្ស មិនឱ្យបុគ្គលណា ក្រុមណា ឬបរទេសណាមកបំផ្លាញទៅវិញបានឡើយ។

ស្មារតី ៧ មករា គឺសាមគ្គីភាព វីរភាព និងជ័យជម្នះ។ ស្មារតី ៧មករា រំឭកយើងឱ្យចងចាំជានិច្ចនូវមហា សោកនាដកម្ម និងគ្រោះមហន្តរាយដែលប្រជាជាតិយើងធ្លាប់បានឆ្លងកាត់, ស្មារតី ៧ មករា មានគុណតម្លៃជាអមតៈ សម្រាប់ជាតិ និងប្រជាជនកម្ពុជា ក្នុងការបន្តដំណើរទៅមុខលើមាគ៌ាឯករាជ្យ សន្តិភាព សេរីភាព អព្យាក្រឹត ប្រជាធិបតេយ្យ និងវឌ្ឍនភាពសង្គម។

នៅទីបញ្ចប់ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ និងសូមជូនពរជនរួមជាតិនៅគ្រប់ទិសទី សូមបានប្រកបត នឹងពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណក់ទាញ័ត្រឡើយ៕

...

ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print