ភ្នំពេញ៖ បុរសម្នាក់ត្រូវជនសង្ស័យ២នាក់ ដែលជាមនុស្សធ្លាប់ស្គាល់គ្នាបានធ្វើសកម្មភាពដកដាវសាមូរៃភ្ជង់ និងគំរាមកាប់ប្លន់យកម៉ូតូហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦បានសម្រេច រួចគេចខ្លួនបាត់ស្រមោល ដោយសមត្ថកិច្ចសង្ស័យថាជាករណីពាលស៊ីពាល ។
ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១នឹង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ នៅចំណុចមុខផ្ទះបើកល្បែងហ្គេមបាញ់ត្រី ជាប់នឹងផ្លូវរថភ្លើង តាមបណ្តោយផ្លូវលេខ៧០ សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។
បើតាមសម្តីរៀបរាប់ពីបុរសជនរងគ្រោះជាម្ចាស់ម៉ូតូបានឱ្យដឹងថា នៅមុនពេលកើតហេតុគឺខ្លួនបានជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៦ពណ៍ខ្មៅ គ្មានស្លាកលេខ ដោយម៉ូតូទើបតែទិញ ទៅឌុបស្រីរកស៊ីផ្លូវភេទ២នាក់នៅខារ៉ាអូខេស្លីមកាហ្វេ ដោយបានឌុបនារីម្នាក់មកដាក់នៅសួនម្តុំរង្វង់មូលគួចកាណុង ហើយក៏បានឌុបនារីម្នាក់ទៀតមកឈប់មុខផ្ទះហ្គេមបាញ់ត្រីដែលជាកន្លែងកើតហេតុ ពេលនោះស្រាប់តែមានជនសង្ស័យ២នាក់ ដោយក្នុងនោះម្នាក់បានមកដកសោរម៉ូតូរបស់ខ្លួន និងឱ្យចុះពីលើម៉ូតូ តែខ្លួនគិតជាស្មានតែលេងសើចដោយសារតែជាមនុស្សធ្លាប់ស្គាល់គ្នា ហើយក៏មានជនសង្ស័យម្នាក់ទៀតបានដើរមក និងបានដកដាវសាមូរ៉ៃចេញពីក្នុងអាវភ្ជង់ និងគំរាមកាប់ប្លន់ ។ ជនរងគ្រោះបន្តថា ដោយសារតែភ័យខ្លាចជនសង្ស័យកាប់មកលើខ្លួននោះ រូបគេក៏បានប្រគល់ម៉ូតូឱ្យ ហើយជនក៏បានយកម៉ូតូជិះគេចខ្លួនបាត់ស្រមោលតែម្តង ។ បើទោះបីជាគេស្រែកថាចោរៗ ក៏មិនមាននរណាម្នាក់ហ៊ានជួយនោះដែរ ។
ក្រោយមកជនរងគ្រោះបានទំនាក់ទំនងទៅសមត្ថកិច្ច និងទៅរកនារីរកស៊ីផ្លូវភេទម្នាក់ដែលខ្លួនបានឌុបយកទៅដាក់នៅលើសួនក្បែររង្វង់មូលគួចកាណុង ដោយចោទថាជាសង្សារនិងបក្ខពួកក្រុមជនសង្ស័យ តែនាងបាននិយាយប្រកែកថាខ្លួនមិនដឹងអ្វីនោះទេ ជិះម៉ូតូទៅតែ២នាក់ដោយនាងឱ្យដាក់ខ្លួនចុះ ហេតុអ្វីមកចោទប្រកាន់បែបនេះទៅវិញ ។
បន្ទាប់មកសមត្ថកិច្ចប៉ុស្តិ៍ស្រះចកដែលបានមកដល់កន្លែងកើតហេតុ បានឌុបពួកគេឱ្យមកចង្អុលកន្លែងកើតហេតុ ទើបដឹងថាជាភូមិសាស្រ្តសង្កាត់ទួលសង្កែ ទើបទំនាក់ទំនងឱ្យទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ តែម្ចាស់ម៉ូតូបានគេចចេញពីសមត្ថកិច្ចទៅវិញ ។
នៅក្នុងករណីខាងលើនេះសមត្ថកិច្ចសន្និដ្ឋានថា ជាករណីពាលស៊ីពាល ដោយជនរងគ្រោះ និងជនសង្ស័យជាមនុស្សធ្លាប់ស្គាល់គ្នាពីមុខមក ៕
ដោយ៖ ព្រែកជ័យ