ប្រទេសថៃ៖ តាមសេចក្ដីរាយការណ៍ពីសមត្ថកិច្ចតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃថា កាលពីថ្ងៃទី៨ ខែមករា ឆ្នាំ២០២២ យោធាកងរយប្រាណទី១៣០៥ បានចុះល្បាតក្នុងភូមិសាស្រ្តទទួលខុសត្រូវ ហើយបានប្រទះឃើញបុគ្គលគួរឱ្យសង្ស័យដើរមកតាមច្រករបៀងសំដៅចូលមកប្រទេសថៃ ក្នុងបរិវេណភូមិកុតហ៊ីន ឃុំផានសឹក ស្រុកអារញ្ញ ខេត្តស្រះកែវចំនួន១៣នាក់ ក្នុងនោះមានប្រុស៦នាក់ ស្រី៦នាក់ និងក្មេងស្រីម្នាក់ ទើបនាំខ្លួនមកសួរនាំបន្ថែម។
ក្រោយសមត្ថកិច្ចថៃសួរនាំបានឱ្យដឹងថា ពលករខ្មែរក្រុមនេះទៅធ្វើការខាងសំណង់នៅស្រុកបាងកះពិ ទីក្រុងបាងកក ដោយចំណាយប្រាក់ក្នុងម្នាក់៧,០០០បាតក្នុងការធ្វើដំណើរ។ ខណៈជាមួយគ្នានេះដែរ កម្លាំងយោធាអង្គភាពចំពោះកិច្ចទី១២ ក៏បានឃុំខ្លួនពលករខ្មែរបន្ថែម២នាក់ទៀត ក្នុងនោះមានប្រុស១នាក់ និងស្រី១នាក់ នៅបរិវេណជិតច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត។ ក្រោយពីសួរនាំ ពួកគេបានឆ្លើយថា ធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ ដោយចំណាយប្រាក់ឱ្យមេខ្យល់ជនជាតិខ្មែរមិនស្គាល់ឈ្មោះក្នុងម្នាក់៥,០០០បាត មានបំណងទៅធ្វើការខាងសំណង់នៅខេត្តស្រះកែវ។ សមត្ថកិច្ចតាមបន្ទាត់ព្រំដែនបញ្ជាក់ថាៈ កម្លាំងទាហានថៃប្រចាំស្រុកតាព្រះយ៉ា ខណៈកំពុងដើរល្បាតក៏ប្រទះឃើញពលករខ្មែរចំនួន៩នាក់ ក្នុងនោះមានប្រុស៤នាក់ និងស្រី៥នាក់នៅបរិវេណភូមិ ប៉ារ៉ៃថ្មី ឃុំប៉ារ៉ៃ ស្រុកអារញ្ញ ខេត្តស្រះកែវ ដែលពលករខ្មែរទាំងនោះធ្វើដំណើរមកពីខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា មានបំណងទៅធ្វើការនៅស្រុកអារញ្ញ ខេត្តស្រះកែវ ។បន្ទាប់មកទៀតទាហានថៃក៏បានឃាត់ខ្លួនស្រ្តីជនជាតិថៃ៣នាក់ និងមេខ្យល់ជនជាតិថៃ២នាក់ដែលកំពុងលួចឆ្លងដែនចូលទៅប្រទេសកម្ពុជា ត្រង់បរិវេណភូមិទ័ពសៀម ឃុំ/ស្រុកតាព្រះយ៉ា ខេត្តស្រះកែវ។ ក្រោយសមត្ថកិច្ចថៃសួរនាំពលករខ្មែរទាំង២៤នាក់ និងពលរដ្ឋថៃ៣នាក់រួចរាល់ហើយ ក៏បានបញ្ជូនទៅឲ្យជំនាញដើម្បីចាត់ការតាមច្បាប់បន្ត៕
ដោយ៖ វណ្ណា