ខេត្តកំពង់ស្ពឺ៖ ទឹកធ្លាក់ជ្រាវស្ថិតនៅភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ មានចម្ងាយប្រមាណ១១០គីឡូម៉ែត្រពីវត្តភ្នំ។ ធ្វើដំណើរពីភ្នំពេញ ទៅឧត្តុង្គ រួចបន្តដំណើរតាមផ្លូវលេខ៥៣ (ផ្លូវកៅស៊ូ)។ សល់ប្រមាណ ២៥គីឡូម៉ែត្រទៀត ដល់ទឹកធ្លាក់ជ្រៀវ ផ្លូវក្រាលក្រួសក្រហម។ នេះបើយោងតាមប្រភពព័ត៌មានពីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃអាទិត្យទី០៩ ខែមករា ឆ្នាំ២០២២។
ក្រសួងបរិស្ថាន ក៏បានបង្ហាញសហគមន៍មូលដ្ឋាន(លេខទូរសព្ទទាក់ទង 093 827645)អាចជូនភ្ញៀវដើរព្រៃ បោះតង់ និង ទៅកន្លែងកំសាន្តជាច្រើនរួមមាន៖
១)ទឹកធ្លាក់ចន្លុះ(មានទឹកធ្លាក់ដល់ទៅ១០០ម៉ែត្រ) និង ទឹកស្ទឹងចន្លុះ។
២)ទឹកធ្លាក់ក្បាលឆាយ(មានអន្លង់សំរិទ្ធិ និង អន្លង់អន្ទរ)ដែលទីនេះមានផ្ទាំងសីលា ល្អាងធំៗ ត្រជាក់)។
៣)ទឹកធ្លាក់អន្លង់ស្វាយ អន្ទរស្វារៀល និង ស្វារំអិល (មានកន្លែងរំអិលលេងទឹក)។
៤)កន្លែងបារមីអ្នកតាព្រៃភ្នំ(តាហ្លួង-យាយហ្លួង)នៅលើខ្នងភ្នំ អាចមើលទេសភាពធម្មជាតិស្រស់បំព្រង។
នៅទឹកធ្លាក់ជ្រៀវមានកន្លែងសម្រាប់ចតឡានបានដល់ ៣០០គ្រឿង និង ចតម៉ូតូបាន ៥០០គ្រឿង។ សហគមន៍មានលក់ត្រី មាន់ស្រែ សាច់គោ ម្ហូបអាហារ និង ភេសជ្ជៈផ្សេងៗ។ មានតូបប្រមាណ៤០ សម្រាប់ភ្ញៀវអង្គុយកំសាន្ត បរិភោគអាហារ និងសម្រាកអង្រឹង។
សហគមន៍ទឹកធ្លាក់ជ្រៀវដែលចូលរួមការពារធនធានធម្មជាតិនៅទីនោះ កំពុងស្វះស្វែងរកដៃគូអភិវឌ្ឍន៍សាងសង់បង្គន់អនាម័យ ផ្តល់ភ្លើងអគ្គិសនី និង តទឹកស្អាត។
មានរឿងអ្នកស្រុកដំណាលថា មានប្រវត្តិទាក់ទងនឹងស្តេចត្រសក់ផ្អែមនាំមហេសីទៅងូតទឹកធ្លាក់ ហើយជ្រុះបាត់ចិញ្ជៀន រួចបានបញ្ជាឱ្យសេនាចុះរាវរក ទើបទីនោះគេហៅថា ជ្រាវ តមក។ ស្ថិតនៅចំងាយប្រមាណ ៣ គីឡូម៉ែត្រពីទឹកធ្លាក់ជ្រៀវ មានកន្លែងស្តេចត្រសក់ផ្អែម ដែលទីនោះធ្លាប់មានគេជីកកកាយរណ្តៅរកព្រះខ័ន្ទ និងវត្ថុបុរាណផ្សេងៗ។ ទាក់ទងនឹងប្រវត្តិសាស្ត្ររបស់ប្រទេសកម្ពុជា កាលពីអំឡុងឆ្នាំ១៩៧០ ដល់ ១៩៧៥ អមលាំងធ្លាប់ជាមូលដ្ឋានដែលកងទ័ពខ្មែរក្រហមប្រើប្រាស់ដើម្បីឈានទៅវាយយកភ្នំពេញ។
សូមគោរពជូនពរមិត្តអ្នកអានជួបប្រទះសុខភាពល្អ(អ្វីៗក៏រឹងប៉ឹង) សុភមង្គល និង អាយុយឺនយូរ៕
ដោយ៖សហការី