ខេត្តកណ្តាល៖ បុរសម្នាក់បានប្រើល្បិចយកម៉ូតូមិត្តភក្តិទៅលក់បានប្រាក់ចំនួន៥០០ដុល្លារសហរដ្ឋអាមេរិកទៅដើរស៊ីចាយចូលខារ៉ាអូខេ និងទិញគ្រឿងញៀនយកមកប្រើប្រាស់ ខណៈចាយលុយអស់ក៏ត្រូវបានសមត្ថកិច្ចនគរបាលស្រុកស្អាងសហការជាមួយជនរងគ្រោះឃាត់ខ្លួនជនសង្ស័យបាន ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ជនសង្ស័យត្រូវបានឃាត់ខ្លួនកាលពីវេលារសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចភូមិសាស្ត្ររាជធានីភ្នំពេញ ។
ករណីរំលោភលើទំនុកចិត្តនេះបានកើតឡើងកាលពីវេលាម៉ោង៤ និង៣០នាទីព្រឹក ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០១៦ ត្រង់ចំណុចលើកោះខ្សាច់ទន្លា ស្ថិតក្នុងភូមិកណ្តាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។
អធិការនគរបាលស្រុកស្អាងលោកវរសេនីយ៍ទោ សេង សុជាតិ បានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សាឡេស អ៊ីត្រេះ ហៅទី ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ មានទីលំនៅក្នុងភូមិព្រែកតាពៅ សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ចំណែកឯជនរងគ្រោះឈ្មោះ អិន សុខភាស់ ភេទប្រុស អាយុ៣៦ ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប មានស្រុកកំណើតនៅភូមិយាយឡ ឃុំត្រាំកក់ ស្រុកត្រាំកក់ ខេត្តតាកែវ បច្ចុប្បន្នស្នាក់នៅក្នុងក្រុម២៧ មណ្ឌល៤ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភំ្នពេញ ជាម្ចាស់ម៉ូតូម៉ាកហុងដាឌ្រីម ធុនសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០០៨ ពាក់ស្លាកលេខកំពង់ឆ្នាំ1A-8970 ។
លោកវរសេនីយ៍ទោ សេង សុជាតិ បានបន្តថា នៅមុនពេលកើតហេតុជនរងគ្រោះបានឌុបជនសង្ស័យដែលជាមិត្តភក្តិនឹងគ្នាបានជិះម៉ូតូមកលេងសាច់ញាតិនៅឯលើកោះខ្សាច់ទន្លា ស្ថិតក្នុងភូមិកណ្តាលកោះ ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ។ ពេលមកដល់ក៏បាននាំគ្នារៀបចំកម្មវិធីផឹកស៊ី ខណៈនោះជនសង្ស័យបានសុំខ្ចីម៉ូតូជនរងគ្រោះយកទៅទិញសាច់ក្លែម បន្ទាប់ពីយកម៉ូតូពីជនរងគ្រោះបានហើយនោះជនសង្ស័យបានជិះទៅបាត់រហូតមិនឃើញត្រឡប់មកវិញ ។ ក្រោយមកជនរងគ្រោះក៏បានទៅដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលស្រុកស្អាង ហើយសមត្ថកិច្ចក៏បានសហការជាមួយជនរងគ្រោះឈានដល់ឃាត់ខ្លួនជនសង្ស័យបាននៅក្នុងភូមិសាស្ត្ររាធានីភ្នំពេញដោយមានការឯកភាពពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកណ្តាល ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ដោយ៖ ស្អាងជ័យ