ខេត្តបាត់ដំបង ; នារសៀលថ្ងៃចន្ទ ៨កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ មណ្ឌលហែលទឹក បាត់ដំបង និងការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២១។
អញ្ជើញមានប្រសាសន៍នាឱកាសនោះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី បានសម្ដែងការចូលរួមអបអរសាទរម្ចាស់ជ័យលាភីនៃការប្រកួត និងសម្ដែងការកោតសរសើរ ពិសេសការបញ្ចេញសមត្ថភាពប្រកួតរបស់កីឡាករ កីឡាការនីប្រកបដោយភាពទាក់ទាញនៅលើផ្ទៃទឹកក្នុងអាងហែលទឹកនៃមណ្ឌលកីឡាហែលទឹកបាត់ដំបង។
សម្ដេចក្រឡាហោម បានរម្លឹកថាប្រទេសកម្ពុជាធ្លាប់បានធ្វើជាម្ចាស់ផ្ទះកីឡាប្រកួតហែលទឹក ហើយក៏ធ្លាប់ទទួលបានមេដាយមាស មេដាយប្រាក់ មេដាយសំរិទ្ធជាច្រើនគ្រឿងផងដែរកាលពីអតីតកាលដែលជាការបង្ហាញថាកីឡាប្រភេទនេះក៏ជាប្រភេទកីឡាមានសក្ដានុពលមួយរបស់កម្ពុជាដែរ។
សម្ដេចក្រឡាហោម បានបន្ថែមថាមណ្ឌលកីឡាហែលទឹកបាត់ដំបងនេះ គឺស្ថិតក្នុងចំណោមអាងហែលទឹកថ្មីៗដែលបានសាងសង់ បន្ទាប់ពីមណ្ឌលហែលទឹកកំពង់ចាម និងនៅស្រុកកោះធំខេត្តកណ្ដាល ហើយថាសម្រាប់មណ្ឌលកីឡាហែលទឹកបាត់ដំបងនេះ គឺត្រូវបានសាងសង់ឡើងដោយប្រើប្រាស់ថវិកាពីសប្បុរសជន។
នាឱកាសនោះដែរ សម្ដេចឧបនាយករដ្ឋមន្ត្រីបានរម្លឹកដល់ទិវាជាតិ៧មករាដែលជាកាលបរិច្ឆេទប្រវត្តិសាស្ត្រនៃការផ្ដួលរំលំរបបខ្មែរ រហូតរំដោះប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ហើយឈានដល់ការអភិវឌ្ឍជាតិពីស្ថានភាពនៃប្រទេសដែលគ្មានសេសសល់អ្វីសោះរហូតរីកចំរើនដូចសព្វថ្ងៃនេះ។
សម្ដេចបានបន្ថែមថាដោយសារកត្តាសុខសន្តិភាព និងការអភិវឌ្ឍ កម្ពុជាបាននិងកំពុងរៀបចំព្រឹត្តិការណ៍សំខាន់ៗជាបន្តបន្ទាប់ ជាក់ស្ដែងឆ្នាំ២០២២នេះ កម្ពុជាបានទទួលតួនាទីជាប្រធានអាស៊ាន និងនៅឆ្នាំ២០២៣កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាសុីអាគ្នេយ៍ហៅកាត់ថាសុីហ្គេម ដែលមានប្រភេទកីឡាត្រូវប្រកួតច្រើន ហើយសម្ដេចបានថ្លែងលើកទឹកចិត្តឱ្យខិតខំអភិវឌ្ឍន៍វិស័យកីឡាជាតិបន្ថែមទៀត។
ដើម្បីរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាហែលទឹកនៅកម្ពុជា សម្ដេចក្រឡាហោម ស ខេង ប្រធានគណៈអធិបតី បានផ្ដល់អនុសាសន៍មួយចំនួនជូនក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងសហព័ន្ធកីឡាហែលទឹកកម្ពុជា។ សម្ដេចក៏បានថ្លែងអំណរគុណជូនសប្បុរសជន ពិសេសតាមរយៈឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ដែលបានបរិច្ចាគធនធានរួមចំណែកកសាងមណ្ឌលកីឡាហែលទឹកបាត់ដំបងនេះ៕
ដោយ : សិលា