ភ្នំពេញ : រដ្ឋបាលគយប្រទេសចិនបានធ្វើការវិភាគហានិភ័យនិងត្រួតពិនិត្យផ្លែមៀនកម្ពុជាតាមរយៈវីឌីអូ។ នេះបើយោងតាមផេក ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋ ប្រជាមានិត ចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានបង្ហោះអោយដឹងនៅយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ ។
ស្ថានឯកអគ្គរដ្ឋទូត សាធារណរដ្ឋ ប្រជាមានិត ចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងថា, ដើម្បីអនុវត្តកុងសុងស៊ីសពាក់ព័ន្ធដែលថ្នាក់ដឹកនាំចិននិងកម្ពុជាកំណត់ជូន និងដើម្បីបញ្ចប់នីតិវិធីតេស្តនិងត្រួតពិនិត្យលើផ្លែមៀនកម្ពុជាដែលនាំចេញទៅកាន់ប្រទេសចិនឱ្យបានឆាប់រហ័ស នាពីថ្ងៃទី៤ដល់៦ខែមករាឆ្នាំ២០២២ រដ្ឋបាលគយប្រទេសចិនបានធ្វើការវិភាគហានិភ័យនិងការត្រួតពិនិត្យផ្លែមៀនកម្ពុជាដោយតាមរយៈវីឌីអូ មន្រ្តីតំណាងស្ថានទូតចិនប្រចាំកម្ពុជា និងមន្ត្រីតំណាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជាបានចូលរួមត្រួតពិនិត្យនៅទីតាំងផ្ទាល់។ ដំណើរខាងលើនេះ បានចុះពិនិត្យចម្ការផ្លែមៀនចំនួន៣កន្លែងក្នុងខេត្តប៉ៃលិននិងខេត្តបាត់ដំបង និងរោងចក្រវេចខ្ចប់ចំនួន២កន្លែងក្នុងខេត្តប៉ៃលិននិងខេត្តកំពង់ស្ពឺ និងព្រមទាំងមន្ទីរពិសោធន៍ភូតគាមអនាម័យ និងមន្ទីរពិសោធន៍គុណភាពសុវត្ថិភាពក្នុងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា។ ស្ថាប័នទទួលបន្ទុកកិច្ចការខាងលើនៃប្រទេសទាំងពីរមានប្រសាសន៍ថា ការវាយតម្លៃលើកនេះទទួលបានជោគជ័យពេញលេញ និងសម្រេចបានលទ្ធផលដូចការរំពឹងទុក៕
ដោយ : សុខ ខេមរា