ខេត្តបាត់ដំបង : លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ក្នុងក្របខ័ណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ បានអញ្ចើញចូលរួមជាអធិបតីភាព ក្នុងពិធីប្រគល់-ទទួល ម៉ាស៊ីនលាងឈាម ចំនួន៥គ្រឿង និងសំភារៈវេជ្ជសាស្រ្តផ្សេងៗមួយចំនួនទៀត ដែលជាអំណោយរបស់សប្បុរជន ជូនមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង។
សូមបញ្ជាក់ថា, កាលពីម្សិលមុិញ នៅព្រលប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ថា, ខ្ញុំសូមធ្វើការប្រកាសក៏ដូចជាអំពាវនាវ ជូនដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ក្នុងនាមគណៈកម្មាធិការចំពោះកិច្ចចាក់វ៉ាក់សាំង covid 19 ក្នុងក្របខ័ណ្ឌទូទាំងប្រទេស គឺសូមបងប្អូនប្រជាពលរដ្ឋ ពូ អ៊ំ មា មីង ទាំងអស់អញ្ជើញ មកចាក់វ៉ាក់សាំង កូវីដ19 អ្នកដែលមិនទាន់ចាក់ដូសទី 1 សូមអញ្ជើញមកចាក់ អ្នកមិនទាន់បានចាក់វ៉ាក់សាំងដូសទី 2 ក៏អញ្ជើញមកចាក់ ពីព្រោះមន្ទីរសុខាភិបាលក៏ដូចជាអាជ្ញាធរ រាជធានី-ខេត្តទាំង 25 លោកបានចាត់ចែងរៀបចំចាត់តាំងទីតាំងចាក់ ជូនពរដល់បងប្អូនយើងនៅគ្រប់ទីកន្លែងទាំងអស់។ ដូច្នេះសូមអញ្ជើញបងប្អូនយើងអញ្ជើញមក ចាក់វ៉ាក់សាំងគ្រប់គ្នាដើម្បីចូលរួម ទប់ស្កាត់នៃការឆ្លងរាលដាលនៃជម្ងឺកូវីដ 19 ដើម្បីពង្រឹងនូវកងការពាររបស់ខ្លួន ជាពិសេស ក្នុងបរិបទប្រឆាំងទៅនឹងជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង ។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បន្តថា, បន្ថែមលើនេះទៀតខ្ញុំសូមអនុញ្ញាត អំពាវនាវទៅដល់បងប្អូន ដែលមានបញ្ហាជំងឺប្រចាំកាយ ក៏ដូចជាស្ត្រីមានផ្ទៃពោះ ស្ត្រីដែលបំបៅកូនដោយទឹកដោះ សូមអញ្ជើញមកទទួលវ៉ាក់សាំងឲ្យបានគ្រប់គ្នា ពីព្រោះក្រុមនេះគឺជាក្រុមដែល ដែលត្រូវការទទួលយកនូវវ៉ាក់សាំង កូវីដ-19 ជាពិសេស អស់លោក ចំពោះការចាក់ដូសជំរុញ ឬដូសទីបីរបស់យើងនេះ។ ដូច្នេះខ្ញុំសង្ឃឹមថាបងប្អូនប្រជាពលរដ្ឋ នឹងអញ្ជើញមកចាក់នៅតាមទីតាំង មន្ទីរពេទ្យរដ្ឋរបស់យើង មន្ទីរពេទ្យជាតិ មិន្ទីពេទ្យខេត្តក៏ដូចជា មណ្ឌលសុខភាពដែលមានទូទាំងព្រះរាជាណាចក្រកម្ពុជារបស់យើងនេះ។ ដោយឡែក សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា កម្ពុជារកឃើញករណីឆ្លងអូមីក្រុង ចំនួន ៣៤ ករណីបន្ថែមទៀតក្នុងនោះ ១០ ករណីជា ករណីក្នុងសហគមន៍ ហើយ២៤ករណីនាំចូល។
ថ្លែងតាមរយៈសារសំឡេងមានរយៈពេល ៨ នាទី សម្តេចតេជោ បានលើកឡើងថា វិធានការចាំបាច់នាពេល នេះគឺ ៣កុំ ៣ការពារ និងជំរុញល្បឿននៃការចាក់វ៉ាក់ សាំងដូសជំរុញដើម្បីធានាថាសហគមន៍មានភាពរឹងមាំ សូមអោយបងប្អូនប្រជាពលរដ្ឋទៅចាក់វ៉ាក់សាំងទាំងអស់គ្នា ។
សម្ដេចក៏បានបញ្ជាក់ផងដែរថា៖ «គណៈកម្មការចំពោះ កិច្ចសម្រាប់ការចាក់វ៉ាក់សាំងបានចែកជូនវ៉ាក់សាំង ទៅតាមបណ្តាខេត្តរួចទៅហើយដែរ ។ វ៉ាក់សាំង ប្រភេទណាក៏ដោយតម្រូវការបញ្ហាសំខាន់គឺត្រូវមានគ្រប់ គ្រាន់ដើម្បីចាក់ បន្ថែមលើនោះអ្វីដែលសំខាន់ជាងគេ នោះគឺ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវតែពង្រឹង និងយកចិត្ត ទុកដាក់ទៅលើការប្រមូលមនុស្សមកចាក់ឲ្យបានគ្រប់ៗ គ្នាដែលដូសជំរុញដើម្បីជាវិធានការទប់ស្កាត់ជាមួយនឹង មេរោគបំប្លែងថ្មីនេះ» ។
ទោះបីយ៉ាងណាក៏ដោយសម្ដេចក៏បានបញ្ជាក់ថា លក្ខ ខណ្ឌនៃការទទួលបានដូសទីបីគឺត្រូវតែជាលក្ខខណ្ឌដែល អនុវត្តទៅតាមស្តង់ដារសុខាភិបាលដែលបានបញ្ជាក់ គឺបួនខែក្រោយពីទទួលដូសទីពីរ បើមិនទាន់បានបួនខែ ទេគឺអាជ្ញាធរសុខាភិបាលឬគ្រូពេទ្យ នឹងមិនទទួល ចាក់ជូនទេព្រោះមិនធានានូវសុវត្ថិភាព។
ចំពោះ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី១០ ខែមករា ឆ្នាំ២០២២
-លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០១,៦៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
-លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,២០% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
-លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៥,៤២% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
-លើកុមារអាយុ ០៥ឆ្នាំ មាន ១០១,៨៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
-លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាននាក់ មាន ៨៩,៣០% ៕
ដោយ : សិលា