ខេត្តពោធិ៍សាត់ ៖ បើយោងតាមប្រភពពី៖ រដ្ឋបាលខេត្តពោធិ៍សាត់ បានអោយដឹងថា, នាព្រលប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២នេះ នៅវេទិកាក្នុងសាលាខេត្ត លោក ជាវ តាយ អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណ:កម្មាធិការខេត្ត ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយមានការចូលរួមពីលោក អ៉ឹង គឹមលាង អភិបាលរងនៃគណ:អភិបាលខេត្ត និងជាប្រធានលេខាធិការដ្ឋាន និងលោកនាយករដ្ឋបាលសាលាខេត្ត បានទទួលអំណោយសប្បុរសធម៌ ជាអង្ករ២០តោន ពីសប្បុរសជន ដើម្បីទុកចែកជូនបន្ត ដល់ប្រជាពលរដ្ឋក្រីក្រខ្វះខាតពិតប្រាកដ សម្រាប់យុទ្ធនាការបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ក្នុងខេត្ត។
សប្បុរសជន ដែលបាននាំយកអំណោយ មកផ្តល់ជូនរដ្ឋបាលខេត្តពោធិ៍សាត់ នាពេលនេះ គឺលោក គីម លាង និងលោកស្រី ស៉ីម ហេង បានចូលរួមឧបត្ថម្ភ អង្ករ២០តោន។
ក្នុងនាមរដ្ឋបាលខេត្ត លោក ជាវ តាយ បានថ្លែងអំណរគុណ និងធ្វើការកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជន ដែលជាម្ចាស់អំណោយទាំងនេះ។ លោកបានចាត់ទុកថា អំណោយទាំងអស់នេះ ពិតជាសំខាន់ក្នុងស្មារតី និងកាយវិការមនុស្សធម៌ដ៏ប្រពៃ ដើម្បីរួចចំណែកជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះផ្សេងៗម្តងម្កាល ជាពិសេសក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ នៅក្នុងខេត្ត។
លោកសូមសន្យាថា នឹងនាំយកអំណោយទាំងអស់នោះ ទៅប្រើប្រាស់ និងទុកចែកជូនបន្ត ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់ ទៅតាមអ្វីដែលអាចធ្វេីបាន៕
ដោយ : សិលា