ភ្នំពេញ ៖ លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ម្សិលមិញ បានចេញដីកាអមសម្រេចឱ្យឃុំខ្លួនមន្ត្រីយោធាពាក់ផ្កាយ៣ម្នាក់ ដាក់ពន្ធនាគារជាបណ្តោះអាសន្ន ពីបទផ្តើមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ដោយរង់ចាំសវនាការលើអង្គសេចក្តី អនុវត្តទៅតាមសាលដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនរបស់លោក ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៣ នៃសាលាឧទ្ធរណ៍។
ជនជាប់ចោទមានឈ្មោះ យី កុយ ភេទប្រុស អាយុ៧៣ឆ្នាំ មុខរបរបម្រើការងារនៅអគ្គលេខាធិការដ្ឋាននៃក្រសួងការពារជាតិ (បច្ចុប្បន្នឮថា ជាអនុរដ្ឋលេខាធិការក្រសួងការពារជាតិ) ស្នាក់នៅផ្ទះលេខ២០៥B ដីឡូត៍លេខ៥ ផ្លូវជាតិលេខ២ ភូមិព្រែកតានូ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
លោកផ្កាយ៣ យី កុយ ត្រូវបានកម្លាំងសមត្តកិច្ចនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការស្រាវជ្រាវនិងឃាត់ខ្លួនកាលពីវេលាម៉ោង៩ព្រឹក ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ នៅចំណុចមុខសាលាសង្កាត់ចាក់អង្រែក្រោម ផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលការចាប់ខ្លួនលោកផ្កាយ៣យោធារូបនោះសមត្តកិច្ចនគរបាលរាជធានីភ្នំពេញអនុវត្តទៅតាមសាលដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនរបស់លោក ឃុន លាងម៉េង ប្រធានក្រុមប្រឹក្សាជំនុំជម្រះទី៣ នៃសាលាឧទ្ធរណ៍ ។ ដីកាបង្គាប់ឱ្យចាប់ខ្លួន និងឃុំខ្លួនលោកផ្កាយ៣ យី កុយ ត្រូវបានតុលាការដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យពីបទផ្តើមគំនិតក្នុងអំពើក្លែងបន្លំឯកសារសាធារណៈ ប្រព្រឹត្តនៅចំណុចភូមិក្រាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៤ តាមបញ្ញត្តិមាត្រា ២៨ និងមាត្រា៦២៩ នៃក្រមព្រហ្មទណ្ឌ ។ ក្រោយពីលោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានចេញដីកាអមឱ្យសមត្តកិច្ចយកជនសង្ស័យទៅឃុំខ្លួន លុះពេលដឹកទៅដល់ពាក់កណ្តាលផ្លូវ ស្រាប់តែមានបទបញ្ជាឱ្យសមត្ថកិច្ចដឹកមន្ត្រីយោធាផ្កាយ៣នោះវិលត្រឡប់ទៅកាន់សាលាដំបូងរាជធានីភ្នំពេញវិញ ។ លុះមកដល់វេលាម៉ោង២រសៀលថ្ងៃដដែលនេះ គេបានឃើញលោកផ្កាយ៣យោធា យី កុយ ហៅឡំប្រឺតាជិះចេញពីសាលាដំបូងរាជធានីភ្នំពេញទៅផ្ទះវិញយ៉ាងរំភើយផាត់ ។
ពាក់ពន្ធនឹងការចាប់ខ្លួន-ឃុំខ្លួនមន្ត្រីយោធាផ្កាយ៣គឺលោក យី កុយ ផេកហ្វេសប៊ុកផ្លូវការរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក៏បានបង្ហោះផ្សព្វផ្សាយព័ត៌មានជាសាធារណៈកាលពីព្រឹកថ្ងៃទី១០ ខែមករានេះដែរ ប៉ុន្តែមួយសន្ទុះក្រោយមកព័ត៌មាននោះក៏ត្រូវបានលុបបាត់ទៅវិញ ។
ជាចុងក្រោយ លោក ប្លង់ សុផល ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់ថា គាត់ (យី កុយ) ត្រូវបានដោះលែងហើយ តាមរយៈដីកាដំណោះ ស្រាយលើកលែងការចោទប្រកាន់របស់ចៅក្រមស៊ើបសួរ ៕
ដោយ៖ រ៉ារ៉ា