ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» បានឱ្យដឹងថា ដើម្បីបន្តការពារនូវសុខុមាលភាពជូនប្រជាពលរដ្ឋ ទប់ស្កាត់អំពើមិនសុចរិតក្នុងធុរកិច្ចពាណិជ្ជកម្ម និងការពារផលប្រយោជន៍ជូនអ្នកប្រើប្រាស់។
មន្ត្រីស៊ើបអង្កេត ក.ប.ប. ខេត្តតាកែវ និងខេត្តព្រះសីហនុ សហការជាមួយអាជ្ញាធរដែនដី នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ បានចុះប្រតិបត្តិការត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញតាមបណ្តាផ្ទះលក់ទំនិញ និងទីផ្សារ ស្ថិតក្នុងស្រុកព្រៃកប្បាស ខេត្តតាកែវ និងក្រុងព្រះសីហនុ ដោយបានរកឃើញទំនិញដាក់តាំងលក់ចម្រុះ ខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ដែលអាចបណ្តាលឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ សរុបចំនួន ៩៩,៩គីឡូក្រាម។
ចំពោះទំនិញដែលមិនមានអនុលោមភាពខាងលើ ត្រូវបានមន្ត្រីជំនាញដកហូត យកមករក្សាទុកនៅស្នាក់ការរបស់សាខា ដើម្បីរៀបចំនីតិវិធីកម្ទេចចោលនាពេលក្រោយ ដោយឡែកសម្រាប់អាជីករដែលប្រព្រឹត្តខុសនឹងច្បាប់ ត្រូវបានទទួលការពិន័យអន្តរការណ៍ និងទទួលការណែនាំផងដែរ។
ជាមួយគ្នានេះ នៅថ្ងៃដដែលមន្ត្រីជំនាញ ក.ប.ប. ប្រចាំនៅខេត្តស្ទឹងត្រែង បានរកឃើញភាពមិនអនុលោមលើដេប៉ូប្រេងឥន្ធនៈចំនួន៣ ក្នុងចំណោម ៨ទីតាំងដែលបានចុះត្រួតពិនិត្យជាក់ស្តែង ស្ថិតក្នុងស្រុកសេសាន និងក្រុងស្ទឹងត្រែង។ សម្រាប់ម្ចាស់អាជីវកម្មដែលប្រព្រឹត្តល្មើសនឹងច្បាប់ ត្រូវបានមន្ត្រីជំនាញចាត់វិធានការជាធរមាន។
ដោយឡែក នៅក្នុងរាជធានីភ្នំពេញឯណោះវិញ មន្ត្រី ក.ប.ប. បានចុះតាមដាន និងអង្កេតតម្លៃលក់រាយប្រេងឥន្ធនៈតាមបណ្តាស្ថានីយ និងដេប៉ូបានសរុបចំនួន ៩ទីតាំង ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដែលទីតាំងទាំងនោះបានដាក់លក់ក្នុងតម្លៃត្រឹមត្រូវស្របតាមការប្រកាសរបស់ក្រសួងពាណិជ្ជកម្ម៕
ដោយ៖ស តារា