ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានឱ្យដឹងថា នៅព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២២នេះ នាយឧត្តមសេនីយ៍ វង្ស ពិសេន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ បានជួបពិភាក្សាការងារជាមួយ លោកឧត្តមសេនីយ៍ឯកបម្រុង ង្វៀន តឹងគឿង អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស និងជាប្រធានអគ្គសេនាធិការកងទ័ពប្រជាជនវៀតណាម តាមប្រព័ន្ធវីដេអូ។
ក្នុងជំនួបនោះ ភាគពីរទាំងពីរ បានផ្លាស់ប្តូរយោបល់គ្នា អំពីស្ថានភាពជំងឺកូវីដ-១៩ ជាពិសេស ការចូលរួមរបស់កងទ័ពជាមួយរដ្ឋាភិបាល នៅក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ និងទទួលបានលទ្ធផលគួរជាទីមោទនៈ ។
ភាគីទាំងពីរ ក៏បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការរវាងកងទ័ពប្រទេសទាំងពីរនាពេលកន្លងមក និងបានបង្ហាញជំហររួមគ្នាក្នុងការបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការឲ្យកាន់តែជិតស្និទ្ធថែមទៀត ពិសេសកិច្ចសហប្រតិបត្តិការសង្គ្រោះគ្រោះមហន្តរាយ ការផ្លាស់ប្ដូរទស្សនៈកិច្ចរវាងកងទ័ពប្រទេសទាំងពីរ ក្រោយស្ថានភាពកូវីដ-១៩ បានធូរស្រាល។
ក្នុងនាមកងយោធពលខេមរភូមិន្ទធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំអគ្គមេបញ្ជាការកងទ័ពអាស៊ានលើកទី១៩ និងកិច្ចប្រជុំពាក់ព័ន្ធ នាយឧត្តមសេនីយ៍ វង្ស ពិសេន បានអញ្ជើញ លោកឧត្តមសេនីយ៍បម្រុង ង្វៀន តឹងគឿង ដើម្បីចូលរួមក្នុងកិច្ចប្រជុំនេះដោយផ្ទាល់នៅរាជធានីភ្នំពេញ នាអំឡុងខែមីនា ឆ្នាំ២០២២ ខាងមុខនេះ៕
ដោយ៖ស តារា