ខេត្តកំពង់ស្ពឺ៖ មានករណីកាប់សម្លាប់បុរសម្នាក់ស្លាប់នៅនឹងកន្លែងខណៈរូបគាត់កំពុងអង្គុយលើម៉ូតូមើលគេរាំធុងបាស់បុណ្យដារលាន។
ករណីនេះបានកើតឡើងនៅចំណុចរោងបុណ្យភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២។
នគរបាលមូលដ្ឋានបានឱ្យដឹងថាជនរងគ្រោះមានឈ្មោះ ស្រី វ៉ាត ភេទប្រុស អាយុ៤៤ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ។ មុនពេលមានការកាប់សម្លាប់នេះជនរងគ្រោះកំពុងអង្គុយលើម៉ូតូមើលគេរាំធុងបាស់ក្នុងកម្មវិធីបុណ្យដារលាន ពេលនោះជនរងគ្រោះត្រូវគេកាប់ត្រូវកញ្ចឹងកពីក្រោយបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុ។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយធ្វើសកម្មភាពរួចជននោះបានរត់គេចខ្លួនបាត់។
ជាជំហានដំបូងសមត្ថកិច្ចសង្ស័យជារឿងគំនំុ ហើយកម្លាំងនគរបាលជំនាញផ្នែកកោសល្យវិច័យក្រោយពីពិនិត្យសាកសពរួចបានប្រគល់ឱ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។
ពេលនេះនគរបាលកំពុងធ្វើការស្រាវជ្រាវរកមុខសញ្ញាជនដៃដល់ដើម្បីចាត់ការតាមនីតិវិធី៕ដោយ៖ចន្ទ លីហ្សា