នៅថ្ងៃទី១១ខែមករានេះ ក្រសួងមហាផ្ទៃកាហ្សាក់ស្ថានបានប្រកាសថា កម្លាំងទាហានប្រទេសនេះបានចាប់ខ្លួនមនុស្សជាង ៩.៩០០នាក់ពាក់ព័ន្ធនឹងអំពើហិង្សាកាលពីសប្តាហ៍កន្លងមក។ ក្នុងថ្ងៃជាមួយគ្នានេះដែរ នៅក្នុងកិច្ចប្រជុំសភាកាហ្សាក់ស្ថាន ប្រធានាធិបតី Kassym-Jomart Tokayev បានតែងតាំងលោក Alikhan Smailov អាយុ៤៩ឆ្នាំ ធ្វើជានាយករដ្ឋមន្ត្រីថ្មី ក្នុងប្រទេសនេះ ។ លោក Alikhan Smailov ធ្លាប់កាន់តំណែងជាឧបនាយករដ្ឋមន្ត្រីទីមួយ ប៉ុន្តែត្រូវបានរំសាយកាលពីសប្តាហ៍កន្លងមក។ ជាមួយគ្នានោះដែរ ប្រធានាធិបតី Tokayev បានប្រកាសពីការកែទម្រង់ប្រព័ន្ធសន្តិសុខជាតិទាំងស្រុង ក៏ដូចជាស្ថាប័នអនុវត្តច្បាប់ ក្រសួងសន្តិសុខជាតិ និងចារកិច្ច ដើម្បីរក្សាសន្តិសុខសណ្តាប់ធ្នាប់តាមច្បាប់រដ្ឋធម្មនុញ្ញ ។ នៅថ្ងៃដដែលនេះដែរប្រធានាធិបតីបានប្រកាសនៅក្នុងអង្គសភានៃប្រទេសនេះថា កងកម្លាំងនៃអង្គការសន្ធិសញ្ញារួម «CSTO» ដែលដឹកនាំដោយប្រទេសរុស្ស៊ី នឹងចាប់ផ្តើមដកចេញពីប្រទេសរបស់លោកវិញនៅក្នុងរយៈពេល២ថ្ងៃទៀត។ ប្រធានាធិបតីកាហ្សាក់ស្ថានបានគូសបញ្ជាក់ថា ដំណើរការនៃការដកកងកម្លាំង CSTO ចេញទាំងស្រុងតែម្តង នឹងត្រូវប្រើប្រាស់ពេលយ៉ាងហោចណាស់ក៏១០ថ្ងៃដែរ។ ដូច្នេះសរុបសេចក្តីមក រយៈពេល ១២ថ្ងៃទៀត គិតចាប់ពីថ្ងៃទី១១ខែមករានេះទៅ កងកម្លាំងសន្តិសុខអង្គការ CSTO ដែលដឹកនាំដោយរុស្ស៊ី នឹងចាកចេញអស់ទាំងស្រុង។ រដ្ឋាភិបាលកាហ្សាក់ស្ថានបានស្នើឱ្យកម្លាំងរបស់អង្គការ CSTO ចូលមកក្នុងប្រទេសខ្លួនដើម្បីបង្ក្រាបភាពចលាចលដែលត្រូវបានចោទប្រកាន់ទៅលើកម្លាំងមកពីខាងក្រៅ ឬការលូកលាន់ពីបរទេសកាលពីសប្តាហ៍ដំបូងនៃខែមករា ឆ្នាំ២០២២នេះ។ ខណៈប្រទេសចិន និងរុស្ស៊ី សុទ្ធតែបានចេញមុខគាំទ្រចំពោះចំណាត់ការបែបនេះ, ប៉ុន្តែដោយឡែកសហរដ្ឋអាមេរិក និងប្រទេសលោកខាងលិចផ្សេងទៀត បានចោទសួរម្តងហើយម្តងទៀត ចំពោះរដ្ឋាភិបាលកាហ្សាក់ស្ថានអំពីភាពចាំបាច់ដែលត្រូវឱ្យកងកម្លាំងបរទេសចូលមកក្នុងប្រទេសខ្លួនបែបនេះ៕ ដោយសាធី
ប្រភពរូប៖Reuters.