អ្នកទោសនយោបាយ៦៣នាក់ត្រូវបានដោះលែងនៅមីយ៉ាន់ម៉ា

ចែករំលែក៖

ដូចអ្វីដែលលោកស្រីអ៊ុងសាន ស៊ូជី បានលើកឡើងក្រោយពេលចូលកាន់តំណែងក្នុងជួររដ្ឋាភិបាលថ្មីលោកស្រីបានសន្យាថា នឹងដោះលែងអ្នកទោសនយោបាយទាំងអស់នៅមីយ៉ានម៉ា និងបញ្ចប់ជម្លោះជាតិសាសន៍នៅក្នុងប្រទេសនេះ។

នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិភូមាប្រធានាធិបតីថ្មី លោក ទីន ក្យាវ បានប្រកាសដោះលែងអ្នកទោសនយោបាយយ៉ាងហោចណាស់៦៣នាក់នៅថ្ងៃអាទិត្យមុននេះ។ នេះគឺជាសេចក្តីសម្រេចនយោបាយដ៏សំខាន់ដំបូង របស់លោកប្រធានាធិបតីតាំងពីបានឡើងចូលកាន់តំណែង កាលពីចុងខែមីនាមក។នៅក្នុងសេចក្តីថ្លែងការណ៍ដែលមានបង្ហោះផ្សាយក្នុងទំព័រសង្គមហ្វេសប៊ុកប្រធានាធិបតីបានប្រកាសថានឹងធ្វើការលើកលែងទោសដល់ទណ្ឌិតចំនួន៨៣នាក់។ វិធានការនេះមានកម្មវត្ថុតែមួយគឺដើម្បីសន្តិភាពនិងភាពរីករាយ ព្រមទាំងដើម្បីផ្តល់សន្ទុះដល់ការផ្សះផ្សាជាតិ។បើតាមឯកសារនោះ នៅក្នុងចំណោមអ្នកទោសដែលត្រូវដោះលែងទាំងអស់មាន៦៣នាក់ ជាអ្នកទោសមនសិការ។នេះបើតាមការបញ្ជាក់របស់សមាគមជំនួយអ្នកទោសនយោបាយ។

នៅក្នុងសារបុណ្យចូលឆ្នាំថ្មី លោក ទីន ក្យាវ បានគូសបញ្ជាក់ក្នុងនាមជាប្រធានាធិបតីជាអ្នកធ្វើសេចក្តីសម្រេចចិត្តថា រដ្ឋាភិបាលរបស់លោកនឹងធ្វើគ្រប់យ៉ាងដាច់ខាត ដោះលែងអ្នកទោសនយោបាយឱ្យអស់ពីពន្ធនាគាររាប់ទាំងសកម្មជន និងនិស្សិតដែលកំពុងរង់ចាំការកាត់ទោសផងដែរ។

លោក ទីន ក្យាវ គឺជាមិត្តនិងជាសហការីដ៏ជំនិតបំផុតរបស់លោកស្រីអ៊ុងសាន ស៊ូជី ដែលបានក្លាយជាប្រធានាធិបតីមីយ៉ាន់ម៉ា កាលពីចុងខែមីនាត្រូវបានគេចាត់ទុកថាជារូបតំណាងលោកស្រីជ័យលាភីរង្វាន់ណូបែលសន្តិភាពដែលខណ្ឌដោយរនាំងរដ្ឋធម្មនុញ្ញាមិនអាចធ្វើប្រមុខដឹកនាំប្រទេសបាន។ពេលនេះលោកស្រីមានឋានៈត្រឹមតែជារដ្ឋមន្ត្រីក្រសួងការបរទេសនិងក្រសួងអប់រំ ព្រមទាំងមានតួនាទីសំខាន់មួយទៀតជាទីប្រឹក្សារដ្ឋពិសេស។

តាំងពីគណបក្សសម្ពន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យ របស់លោកស្រីអ៊ុងសាន ស៊ូជី បានក្លាយជាអ្នកដឹកនាំប្រទេសមកអាជ្ញាធរនេះបានដោះលែងនិងលុបចោលបណ្តឹងប្រឆាំងនឹងអ្នកនយោបាយជាងពីររយនាក់ក្នុងនោះមាននិស្សិតរាប់សិបនាក់ត្រូវបានចាប់ខ្លួន ព្រោះបានធ្វើបាតុកម្មប្រឆាំងនឹងកំណែទម្រង់អប់រំរបស់រដ្ឋាភិបាលចាស់ ក៏ត្រូវបានទទួលសេរីភាពវិញដែរ។

មានសកម្មជនគណបក្សសម្ពន្ធប្រជាធិបតេយ្យ ជាច្រើនរូបទៀតធ្លាប់ជាប់ពន្ធនាគារ ព្រោះបុព្វតែហេតុនយោបាយ។ លោកស្រីអ៊ុងសាន ស៊ូជី ជាមេបក្សផ្ទាល់ផង ក៏ធ្លាប់ជាប់ឃុំឃាំងក្នុងគេហដ្ឋានអស់រយៈពេលជាង១៥ឆ្នាំដែរ ៕

15cd0339-2165-4af5-b73e-87dd11e2150c

ដោយ៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print