ភ្នំពេញ៖ រថយន្តម៉ាកតូយ៉ូតាព្រូស បើកបរក្នុងល្បឿនលឿនដល់ផ្លូវបំបែកជាបួនមិនបង្អង់ល្បឿនបានជ្រុលទៅបុកឡំប្រឺតាដែលកំពុងបើកឆ្លងផ្លូវយ៉ាងពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ ហើយរថយន្តបានជ្រុលទៅបុកចូលរបងផ្ទះពលរដ្ឋទៅមុខលែងរួចបណ្តាលឱ្យមនុស្ស៤នាក់រងរបួសធ្ងន់។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវលេខ១០០៧កែងនឹងផ្លូវលេខ១០៨០ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញឡំប្រឺតាមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1II-7728 ដោយមានអ្នកបើកបរម្នាក់ និងនារី៣នាក់រួមដំណើរជាមួយ បើកបរតាមបណ្តោយផ្លូវលេខ១០០៧ក្នុងទិសដៅពីជើងទៅត្បូង ខណៈមកដល់ចំណុចកើតហេតុស្រាប់តែមានរថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2BE-6802 បើកបរតាមបណ្តោយផ្លូវលេខ១០៨០ ក្នុងទិសដៅពីលិចទៅកើត ពេលទៅដល់ផ្លូវបំបែកជាបួនមិនបង្អង់ល្បឿនបានជ្រុលទៅបុកឡំប្រឺតាដែលកំពុងបើកឆ្លងផ្លូវពេញទំហឹងប៉ើងទៅមុខជាច្រើនម៉ែត្រ បណ្តាលឱ្យមនុស្ស៤នាក់នៅក្នុងឡំប្រឺតារងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ភ្លាមៗ។ ចំណែករថយន្តនៅមិនទាន់អស់ល្បឿន បានបន្តទៅបុករបងផ្ទះពលរដ្ឋទៅមុខលែងរួច។ ក្រោយកើតហេតុអ្នកបើករថយន្តបានរត់គេចចេញពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍បានចុះមកវាស់វែង ហើយស្ទូចយករថយន្ត និងឡំប្រឺតាទៅរក្សាទុកនៅ ការិយាល័យចរាចរណ៍ជំនាញផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ជ្រោយពេជ្