ភ្នំពេញ៖ លោក នួន ផារ័ត្ន អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅល្ងាចថ្ងៃសុក្រទី១៤ ខែមករា ឆ្នាំ២០២២នេះថា៖ សូមចូលរួមអបអរសាទរដល់ប្អូនៗសិស្សានុសិស្ស ជាបេក្ខជនដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ២៧ ធ្នូ ២០២១!
ក្នុងចំណោមបេក្ខជនប្រឡងជាប់ទូទាំងប្រទេស ចំនួន ៧២.០១៦ នាក់ បេក្ខជនដែលទទួលបាននិទ្ទេស A មកពីរាជធានីភ្នំពេញ មានរហូតដល់ ៥៦៥ នាក់។
លោក នួន ផារ័ត្ន បានថ្លែងបន្តថា “ខ្ញុំសូមចូលរួមអបអរសាទរ និងកោតសសើរដោយស្មោះ ដល់ប្អូនៗសិស្សានុសិស្ស ចំពោះការខិតខំប្រឹងប្រែងសិក្សាទទួលយកចំណេះដឹង ពីលោកគ្រូ-អ្នកគ្រូ ជាពិសេសនៅក្នុងកាលៈទេសៈដ៏លំបាកនេះ។ ជាមួយគ្នានេះ ខ្ញុំសូមថ្លែងអំណរគុណដល់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានបំពេញតួនាទីភារកិច្ចយ៉ាងល្អប្រសើរ និងបានចូលរួមសហការរៀបចំ នាំឲ្យការប្រឡង ប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ គួរជាទីមោទនៈ”៕ដោយ៖សហការី