កាលពីថ្ងៃទី ១៣ខែមករា កម្លាំងទាហានថៃបានបាញ់គ្រាប់បែកផ្សែងចូលទៅកាន់ទឹកដីមីយ៉ាន់ម៉ា ក្រោយពេលមានគ្រាប់បែកជាច្រើនដែលបាញចេញពីប្រទេសមីយ៉ាន់ម៉ាចូលទៅកាន់ភូមិមួយនៅក្នុងខេត្ត Tak ។ សង្គ្រាមវាយប្រហារគ្នារវាងកម្លាំងទាហានមីយ៉ាន់ម៉ា និងក្រុមទាហានសម្ព័ន្ធមិត្តជាតិ Karen (KNU) កាន់តែខ្លាំងឡើងស្ថិតនៅក្នុងខេត្ត Myawaddy ជិតព្រំដែនថៃនិងមីយ៉ាន់ម៉ា ។ កម្លាំងទាហានមីយ៉ាន់ម៉ា បានវាយប្រហារទៅលើក្រុមទាហានប្រឆាំងនៅព្រំដែនដោយអាវុធធុនធ្ងន់ ដើម្បីរារាំង ផ្លូវជំនួយអាវុធនិងស្បៀងអាហារទៅឲ្យក្រុមប្រឆាំង។ សង្គ្រាមវាយប្រហារគ្នា បានធ្វើឲ្យពលរដ្ឋថៃនៅតំបន់ព្រំដែនត្រូវរកកន្លែងលាក់ខ្លួនដើម្បីសុវត្ថិភាព។ នៅថ្ងៃទី ១៣ខែមករា មានការវាយប្រហារគ្នានៅតំបន់ព្រំដែន ធ្វើឲ្យគ្រាប់កាំភ្លើងជាច្រើន បានហោះចូលទៅក្នុងទឹកដីថៃ។ កម្លាំងទាហានថៃក៏មានសកម្មភាព តបតវិញ ដោយបាញ់គ្រាប់បែកផ្សែងចូលទៅកាន់ទឹកដីមីយ៉ាន់ម៉ាជាការព្រមានដល់កម្លាំងទាហានមីយ៉ានម៉ា ។ មកទល់ពេលនេះ មានពលរដ្ឋមីយ៉ាន់ម៉ាជាង១៨០០នាក់កំពុងភៀសខ្លួនរស់នៅក្នុងតំបន់ព្រំដែននៅទឹកដីថៃ។ ថៃមានជំរុំជនភៀសខ្លួនចំនួន៩ នៅតំបន់ព្រំដែន រយៈពេលជាង ៤ទសវត្សរ៍កន្លងមក ដែលជាទីកន្លែងរស់នៅរបស់ពលរដ្ឋជិត១សែននាក់ ៕ដោយ៖សាធី
រូបថត៖AP.