ភ្នំពេញ៖ ហេតុការណ៍គ្រោះអគ្គិភ័យមួយបានកេីតឡេីង ដោយសារតែការឆ្លងចរន្តអគ្គីសនី បានបង្កជាអគ្គិភ័យឆាបឆេះរថយន្តតូរីស មួយគ្រឿង នាវេលាម៉ោង ៤និង១៥នាទីល្ងាច ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះអគ្គិភ័យបានកើតឡើង ស្ថិតនៅចំណុចលេីស្ពាន លី យ៉ុងផាត់ ក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ព្រមទាំងឆេះបំផ្លាញអស់រថយន្តទាំងស្រុង។ នេះបេីយោងតាមប្រភពព័ត៍មានពីនាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។
បេីតាមការបញ្ជាក់ពីលោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យបង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានប្រាប់ឱ្យដឹងថា ម្ចាស់រថយន្តមានឈ្មោះ យៀន ផាន់ណា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ ដឹកទំនិញ ចំពោះមូលហេតុ នៃការឆាបឆេះ បណ្តាលមកពីការ ឆ្លងចរន្តអគ្គីសនី។
ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ បណ្តាលឱ្យឆាបឆេះរថយន្ត មួយគ្រឿង ម៉ាក តូរីស ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 2AA-2852។
គួរបញ្ជាក់ថា សម្រាប់ប្រតិបត្តិការសង្គ្រោះវិញ កម្លាំងជំនាញរបស់យេីងបានប្រើប្រាស់រថយន្ដការិយាល័យបង្ការ និងពន្លត់អគ្គិភ័យ ចំនួន ២គ្រឿង ប្រើប្រាស់ទឹកអស់ ១ឡាន ស្មើរនឹង ៥ម៉ែត្រគូប និងរថយន្តពន្លត់អគ្គិភ័យរបស់ក្រុមហ៊ុន សូគីមិច ចំនួន ២គ្រឿង ពុំបានប្រេីប្រាស់ទឹក។ ក្នុងគ្រោះអគ្គិភ័យខាងលេីនេះ បានរលត់ទាំងស្រុង នៅវេលាម៉ោង ៤និង៣០នាទីនាថ្ងៃដដែរ៕
ដោយ៖សហការី