រដ្ឋបាលរាជធានីភ្នំពេញ៖ អំឡុងពេលកូវីដ-១៩ រយៈពេល២ឆ្នាំមកនេះអាជ្ញាធររាជធានីនៅតែបន្តស្ថាបនានិងជួសជុលសួនច្បារបាន២កន្លែងដើម្បីលើកសោភណភាពរាជធានីផងនិងទុកជាកន្លែងហាត់ប្រាណសម្រាប់ប្រជាពលរដ្ឋផង

ចែករំលែក៖

ភ្នំពេញ៖ ទោះបីនៅក្នុងអំឡុងកូវីដ-១៩ នាឆ្នាំ២០២០និង២០២១ក្តី ក៏រដ្ឋបាលរាជធានីភ្នំពេញនៅតែធ្វើសកម្មភាព ស្ថាបនា និងជួសជុលសួនច្បារបានចំនួន២កន្លែងដែរដើម្បីលើកសោភណភាពរាជធានីភ្នំពេញ និងម្យ៉ាងទៀតដើម្បីទុកជាកន្លែងឱ្យបងប្អូនប្រជាពលរដ្ឋបានហាត់ប្រាណដើម្បីសុខភាពផងដែរ។
លោក សំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឱ្យដឹងនៅព្រឹកថ្ងៃទី១៧ មករា ឆ្នាំ២០២២នេះថា៖ នៅក្នុងឆ្នាំ២០២០និង២០២១កន្លងមកនេះ រដ្ឋបាលរាជធានីភ្នំពេញក្រោមការដឹកនាំរបស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបន្តការងារស្ថាបនានិងជួសជុលសួនច្បារបានចំនួន២កន្លែង បើទោះបីស្ថិតក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ-១៩ក៏ដោយ ពោលគឺ ដៃម្ខាងធ្វើការអភិវឌ្ឍ ឯដៃម្ខាងទៀត ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។ សួនច្បារ២កន្លែងនេះរួមមាន៖ ទី១ ស្ថាបនាសួនច្បារថ្មីនៅតាមបណ្តោយផ្លូវភ្នំពេញ-ហាណូយ ខាងមុខវិទ្យាស្ថានស្រាវជ្រាវនិងអភិវឌ្ឍន៍ព្រៃឈើ សត្វព្រៃ លើផ្ទៃក្រឡាជិត១ម៉ឺនម៉ែត្រការ៉េដែលមានបណ្តោយប្រវែង៥៥០ម៉ែត្រ និងទទឹង១៦ម៉ែត្រ បានស្ថាបនាបញ្ចប់១០០ភាគរយហើយ។ សួនច្បារថ្មីនេះរៀបចំឡើងឱ្យមានជាទីធ្លាសម្រាប់លំហែកម្សាន្ត កន្លែងហាត់ប្រាណ ឧបករណ៍ក្មេងលេង ដាំដើមឈើ ដាំស្មៅ បង្គន់សាធារណៈ ចំណតរថយន្តនិងម៉ូតូ ជាមួយនឹងបង្គោលបំភ្លឺសួនច្បារ តែនៅមិនទាន់បានសាងសង់បង្គន់អនាម័យនិងចំណតរថយន្តនៅឡើយទេ។
លោកសំ សាមុត បានបន្តថា៖ លោក ឃួង ស្រេង អភិបាលភ្នំពេញបានយកចិត្តទុកដាក់ខ្លាំងណាស់លើការកែលម្អសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ។ជាក់ស្ដែង នៅខណ្ឌសែនសុខនេះពីមុនមិនធ្លាប់មានសួនច្បារសាធារណៈនោះទេ តែដោយលោកឃួង ស្រេង បានពិនិត្យឃើញថា ទីតាំងខាងលើអាចស្ថាបនាសួនច្បារសាធារណៈបាន ទើបលោកអភិបាលរាជធានីណែនាំឱ្យមានការស្ថាបនាសួនច្បារខាងលើនេះតែម្តង។ដោយហេតុថាសួនច្បារមិនត្រឹមតែជាកន្លែងទាក់ទាញនូវភ្ញៀវជាតិអន្តរជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកន្លែងមួយ សម្រាប់ប្រជាពលរដ្ឋបានហាត់ប្រាណផងដែរ ដោយហេតុថា ការហាត់ប្រាណជាឱសថដ៏ស័ក្កិសិទ្ធិក្នុងការព្យាបាលជំងឺគ្រប់ប្រភេទ។
ទី២ទៀតបានធ្វើការជួសជុលកែលម្អសួនច្បារនៅមុខអគារទីស្តីការក្រសួងការពារជាតិ ។ សួនច្បារនេះត្រូវបានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ណែនាំឱ្យធ្វើការជួសជុលកែសម្រួលឡើងវិញកាលពីខែកក្កដាឆ្នាំ២០២១ ដោយធ្វើការកែលម្អឡើងវិញចាប់ពីក្តាន់២ រហូតដល់ក្រសួងការពារជាតិដែលមានទំហំ១ហិកតា ដែលពីមុនសួននេះមានស្មៅ ដើមផ្កា ដើមឈើ និងមានផ្លូវតូច។ តែពេលនេះបានពង្រីកឱ្យផ្លូវធំទូលាយមានទាំងសួនច្បារ មានស្មៅ បើកផ្លូវនៅមុខក្រសួងការពារជាតិទទឹង៤៥ម៉ែត្រ សម្រេចបាន១០០%។ សួនថ្មីនេះបានរៀបជាថ្មក្រានីត ដាំស្មៅ បំពាក់អំពូលភ្លើងដែលអាចឱ្យប្រជាពលរដ្ឋមានកន្លែងហាត់ប្រាណងាយស្រួលជាមួយនឹងទីតំាង ធំទូលាយជាងមុន។
លោកសំ សាមុត បានបន្តថា៖ អង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញនៅតែបន្តថែទាំសួនច្បារនានានៅក្នុងរាជធានីភ្នំពេញ ដើម្បីរក្សាបាននូវពណ៌បៃតងទាំងខែប្រាំងនិងខែវស្សា ។ បន្ថែមពីលើនេះទៀត ការថែទាំដើមឈើ ការកាប់លះដើមឈើ ការដកដើមឈើដែលងាប់ចេញ ដាំថ្មីជំនួសនៅតែបន្តធ្វើសកម្មភាពជារៀងរហូត៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print