ខេត្តកំពង់ធំ៖ កាលពីវេលាម៉ោង២០ និង៤០នាទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ នៅចំណុចសាលាបឋមសិក្សាឈើទាលជ្រុំ ឃុំក្រយា ស្រុកសន្ទុកខេត្តកំពង់ធំ មានអំពើឃាតកម្មកើតឡើងនៅក្នុងពិធីរាំធុងបាស ធ្វើឲ្យភ្ញាក់ផ្អើលមនុស្សប្រុសស្រីដែលកំពុងតែរាំលេងសប្បាយអបអរឆ្នាំថ្មី។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនដំបូងបង្កឡើងដោយជនដៃដល់២នាក់ ទី១ឈ្មោះ ពន ពុល ភេទប្រុស អាយុ២០ឆ្នាំ និងទី២ឈ្មោះ វុធ ភេទប្រុស អាយុ៣៣ឆ្នាំទាំង២នាក់រស់នៅភូមិកើតហេតុខាងលើ បានយកដំបង់មូល វាលទៅលើជនរងគ្រោះឈ្មោះឆាយ គាំ ភេទប្រុស អាយុ១៨ឆ្នាំរស់នៅភូមិកើតហេតុខាងលើ(រងរបួស) ពេលនោះឈ្មោះ ជា ធឿង ភេទប្រុស អាយុ៤៤ឆ្នាំរស់នៅភូមិដងក្តាឃុំ ក្រយាស្រុកសន្ទុក ជាប្រជាការពារបានចូលទៅឃាត់ក៏ត្រូវជនសង្ស័យទាំង២វាយផងដែរបណ្ដាលឲ្យរងរបួសធ្ងន់រហូតដល់បានបាត់បង់ជីវិតពេលបញ្ជូនទៅដល់មន្ទីរពេទ្យ ។ ចំណែកជនសង្ស័យទាំង២នាក់បានរត់គេចខ្លួនបាត់។
បច្ចុប្បន្នសមត្ថកិច្ចកំពុងតែដុតដៃដុតជើងតាមចាប់ជនសង្ស័យទាំង២នាក់ ដើម្បីយកមកផ្ដន្ទាទោសតាមច្បាប់៕
ដោយ៖ ប៊ុន រិទ្ធី