ភ្នំពេញ៖ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ កាសែតភ្នំពេញប៉ុស្តិ៍ (Phnom Penh Post) ជាភាសាខ្មែរ ដែលសរសេរដោយ លោក វង្ស សុខេង បាននិយាយថា “ លោក ហ៊ុន សែន ប្រកាសខ្លួនឯងជា “អធិរាជ ហ្វេសប៊ុក” ដែលនេះជាការសរសេរបំភ្លៃគ្មានការពិត និងគ្មានការទទួលខុសត្រូវលើវិជ្ជាជីវៈ ហើយដែលត្រូវតែកែតម្រូវជាបន្ទាន់។
តាមប្រសាសន៌ពិតរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានៅក្នុងពេលសម្ពោធរោងចក្រស្ករស និងកៀបទឹកអំពៅនៅខេត្តព្រះវិហារកាលពីម្សិលមិញគឺ សម្តេចតេជោ មានប្រសាសន៌ថា សម្តេចសប្បាយរីករាយដែលបានចូលរួមអបអរសាទរជាមួយបងប្អូនប្រជាពលរដ្ឋជាពិសេសកូនក្មួយយុវជននៅក្នុងពិធីបុណ្យចូលឆ្នាំថ្មី ព្រមទាំងបានរាំបទ “ញីកែងជើង” ដែលជាបទនិពន្ឋដោយកូនខ្មែរទៀតផង ហើយដែលស្របគ្នានៅពេលនោះគឺមេដឹកនាំគណបក្សប្រឆាំងបានខិតខំអូសទាញយុវជនអោយអោយដើរទៅរកផ្លូវផ្សេងដែលអាចបង្កអស្ថេរភាព និងប៉ះពាល់ដល់សុខសន្តិភាពដែលពលរដ្ឋទូទាំងប្រទេសកំពុងត្រូវការចាំបាច់បំផុត។ សម្តេចតេជោ បានមានប្រសាសន៌ថា “អ្នកនយោបាយខ្លះគេលេង មិនថាចូលឆ្នាំឬមិនចូលឆ្នាំទេគេជេរងាប់ ប៉ុន្តែមានរឿងមួយមើល..ពិភពលោកបើគេ Like Page មួយស្រាប់តែមកចូលក្នុង Page ខ្ញុំ…វាទៅជាអញ្ចឹងទៅ…ទៅរួច…លេង Facebook ចាញ់ខ្ញុំ ..ខ្ញុំបាន ៣លាន៨សែន Likes …បើល្ងង់ណាស់មកសួរ ហ៊ុន សែន វិញ អធិរាជ Facebook! (គឺសំដៅលើមេដឹកនាំបក្សប្រឆាំង)។ សូមលោក និងអ្នកសរសេរព័ត៌មានស្តាប់ប្រសាសន៌ សម្តេចតេជោ អោយបានរយដងឡើងវិញកាលពីម្សិលមិញ ព្រោះថា សម្តេចតេជោ មិនបាននិយាថា ខ្ញុំជាអធិរាជ Facebook ទេ។ ការពិតគឺ សម្តេចតេជោ មិនដែលតាំងខ្លួនឯងជាស្តេចឬជាអធិរាជ Facebook ម្តងណាឡើយ។ គឺមានតែមេដឹកនាំគណបក្សប្រឆាំងមួយប៉ុណ្ណោះដែលធ្លាប់បានតាំងខ្លួនជាអធិរាជ Facebook នៅពេលដែលចំនួនអ្នកគាំទ្រ Likes កើនលើស Facebook សម្តេចតេជោ ហ៊ុន សែន កាលពីឆ្នាំ ២០១៥។
ចាប់តាំងពីសម្តេចតេជោ មានគណណេយ្យផ្លូវការ កាលពីខែ កញ្ញា ២០១៥ គឺសម្តេចតេជោ តែងតែរំលឹកនិងមានប្រសាសន៌ជារឿយៗថា សម្តេចមិនបានយក Facebook ទៅប្រកួតប្រជែងជាមួយនរណាម្នាក់ឡើយ។ សម្តេចតេជោ ប្រើប្រាស់បណ្តាញ Facebook ដើម្បីទទួលព័ត៌មានពីប្រជាពលរដ្ឋ និងដោះស្រាយបញ្ហានានាជូនប្រជាពលរដ្ឋអោយបានរហ័សនិងមានប្រសិទ្ឋិភាព។ សម្តេចតេជោ ចង់អោយប្រទេសជាតិមានទំនើបភាវូបនីយកម្មផ្នែកបច្ចេកវិជ្ជាតាមលក្ខណៈE-Government និង E-People។
ចំណុចសំខាន់ដែល សម្តេចតេជោ បានរំលឹកដល់ជនរួមជាតិកាលពីម្សិលនេះក៏ដោយសារ នៅពេលដែលប្រជាពលរដ្ឋទូទាំងប្រទេសកំពុងសប្បាយអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ បែរជាមេដឹកនាំគណបក្សប្រឆាំងសរសេរនៅលើគហទំព័ររបស់ខ្លួនដែលមានចរិតឆ្កឹះឆ្កៀល ញុះញុង ចោទប្រកាន់មួលបង្កាច់ប្រឌិតរឿងមិនពិតនិយាសំដៅមកគេហទំព័រសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ថាជាចោរទុច្ចរិតលួចយក Likes ពីទំព័ររបស់ខ្លួន ដែលជាកានិយាយប្រមាថយ៉ាងធ្ងន់ធ្ងរ ដោយភាពល្ងង់ខ្លៅគ្មានការចេះដឹងផ្នែកបច្ចេកវិទ្យា ជាពិសេសលើការប្រើប្រាស់ Facebook តែម្តង។
អាស្រ័យដូចបានជម្រាបជូនខាងលើនេះ សូមលោកនិពន្ឋនាយកធ្វើការកែរតម្រូវពាក្យ ដែលបានសរសេខុសពីការពិត ហើយសូមចុះផ្សាយអត្ថបទកែតម្រូវនេះឡើងវិញដោយអនុគ្រោះ។ ទន្ទឹមនឹងនេះ សូមលោកនិពន្ឋនាយកអប់រំហ្វឹកហ្វឺនបុគ្គលិកក្រោមឱវាទ ជាពិសេសអ្នកសារព័ត៌មានអោយចេះស្តាប់ និងចេះសរសេរព័ត៌មានត្រឹមត្រូវតាមបែបវិជ្ជាជីវៈប្រកបដោយការទទួលខុសត្រូវខ្ពស់៕
ដោយ៖ សុខ ខេមរា