លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយសុវត្ថិភាព

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី ១៩ ខែមករា ឆ្នាំ២០២២ លោក ប៊ូយ ថាញ់សឺន រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានអញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញដោយសុវត្ថិភាព ដើម្បីបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជារបស់លោក ពីថ្ងៃទី១៩ ដល់ ២០ ខែមករា ឆ្នាំ២០២២។
សូមបញ្ជាក់ថា, តបតាមការអញ្ជើញរបស់លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា លោក ប៊ូយ ថាញ់សឺន រដ្ឋមន្ត្រីការ បរទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម នឹងអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការ នៅ ព្រះរាជាណាចក្រកម្ពុជា ពីថ្ងៃទី ១៩-២០ ខែមករា ឆ្នាំ២០២២ ។

ក្នុងឱកាសនៃដំណើរទស្សនកិច្ចនេះ លោក ប៊ូយ ថាញ់សឺន នឹងអញ្ជើញចូលជួបសម្តែង ការគួរសមដាច់ដោយឡែកពីគ្នាចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា សម្តេច អគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ។

លោក ប៊ូយ ញ់សឺន នឹងមានជំនួបទ្វេភាគីជាមួយលោកឧបនាយករដ្ឋមន្តី ប្រាក់ សុខុន ដើម្បីពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងក្នុងតំបន់។

ខណៈដែលឆ្នាំ២០២២ គឺជាឆ្នាំរំលឹកខួបអនុស្សាវរីយ៍លើកទី៥៥ នៃការបង្កើតទំនាក់ទំនង ការទូត និងជា “ឆ្នាំមិត្តភាពកម្ពុជា-វៀតណាម ២០២២» ដំណើរទស្សនកិច្ចផ្លូវការរបស់លោក ប៊ូយ ថាញ់សឺន មកកាន់កម្ពុជា នឹងបន្តពង្រឹង និងធ្វើឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀតនូវទំនាក់ទំនង ទ្វេភាគីដែលត្រូវបានកសាងឡើងដោយឈរលើស្មារតីមិត្តភាពជាប្រពៃណី ភាពជាអ្នកជិតខាងល្អ និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងវៀតណាម ដើម្បីផលប្រយោជន៍ទៅវិញទៅ មកសម្រាប់ប្រជាជនទាំងពីរ៕

...


ដោយ : សុខ ខេមរា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print