ខេត្តកំពង់ស្ពឺ៖ បុរសម្នាក់បានរងរបួសធ្ងន់ ត្រូវបានគេជួយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខណៈមានទំនាស់ពាក្យសម្តីជាមួយគូភាគីម្ខាងទៀតរហូតឈានដល់ការប្រើកាំបិតចាក់សម្លាប់គ្នា។
ហេតុការណ៍នេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ ស្ថិតក្នុងការដ្ឋានកិនថ្មមួយកន្លែងដែលមាន(យីហោ តៃវ៉ាន់ខាំហ្វា)ក្នុងភូមិក្រាំងច្រេស ឃុំគិរីវ័ន ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលមូលដ្ឋានបានឱ្យដឹងថា ជន
បង្កហេតុឈ្មោះប៊ូ ហួហ្សាវ (BU HUA ZHAO) ភេទប្រុស អាយុ៥២ឆ្នាំ ជាជនជាតិចិន ស្នាក់នៅក្នុងការដ្ឋានកិនថ្ម ក្នុងភូមិឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពយកកូនកាំបិតចុងស្រួច ចាក់ទៅលើឈ្មោះវ៉ាង ជីនយ៉ុង (WANG JINYONG) ភេទប្រុស ជាជនជាតិចិនដូចគ្នា អាយុ៣៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខE97081571 ត្រូវចំនួនពីរកាំបិត គឺត្រូវចំដើមទ្រូងខាងឆ្វេងមួយកាំបិត និងស្មាឆ្វេងផ្នែកខាងក្រោយមួយកាំបិត បណ្តាលឲ្យរងរបួសធ្ងន់។
ប្រភពបានបន្តទៀតថា ក្រោយធ្វើសកម្មភាពរួចជនសង្ស័យខាងលើបានរត់គេចខ្លួនបាត់។ ចំណែកជនរងគ្រោះត្រូវបានដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យរាជធានីភ្នំពេញ។ សមត្ថកិច្ចនៅមិនទាន់បញ្ជាក់ពីមូលហេតុច្បាស់លាស់អំពីករណីហិង្សាខាងលើនេះកើតចេញពីរឿងអ្វីឱ្យពិតប្រាកដនោះទេ គ្រាន់តែដឹងថាមានទំនាស់ពាក្យសម្តីគ្នាឈានដល់ប្រើកាំបិតចាក់គ្នាតែម្តង។
បច្ចុប្បន្នកម្លាំងនគរបាលកំពុងស្រាវជ្រាវតាមរកមុខសញ្ញាជនសង្ស័យខាងលើបន្តទៀត៕
ដោយ៖ ចន្ទ លីហ្សា