យុវជនម្នាក់កំពុងឈរមើលគេរាំធុងបាស់ត្រូវគេចាក់មួយដែកឆាំស្លាប់មិនដឹងមូលហេតុ

ចែករំលែក៖

ខេត្តបាត់ដំបង៖ យុវជនម្នាក់បានដាច់ខ្យល់ស្លាប់ បន្ទាប់ពីក្រុមគ្រួសាររៀបចំ ដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យដើម្បីសង្គ្រោះ ខណៈដែលយុវជនរូបនេះទៅឈរមើលគេរាំធុងបាស់នៅឯវត្ត ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១០និង១៥នាទីយប់ ត្រង់ចំណុចក្នុងបរិវេណវត្តបឹងទឹម ស្ថិតក្នុងភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង ដោយនៅទីនោះអាចារ្យ និងគណៈកម្មការ នៅតែបន្តការចាក់ធុងបាស់ សម្រាប់ទទួលទេវតាឆ្នាំថ្មីនៅមិនទាន់ចប់នៅឡើយ ។

ក្រុមគ្រួសារសាច់ញាតិបាននិយាយថា ជនរងគ្រោះមានឈ្មោះ ឡម វ៉ាន់ស៊ុយ ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិស្វាយស ឃុំតាប៉ុន ស្រុកសង្កែ ដែលនៅល្ងាចថ្ងៃកើតហេតុគឺគេបានដើរទៅមើលគេរាំធុងបាស់នៅឯវត្ត លុះនៅពេលកើតហេតុ ក៏ស្រាប់តែមានគេមកប្រាប់ថា កូនប្រុសត្រូវ បានជនមិនស្គាល់មុខចាក់ចំខ្នងបណ្តាលអោយរងរបួសយ៉ាងធ្ងន់។

ប្រភពពន្តថា នៅពេលនោះ ក្រុមគ្រួសារបាននាំគ្នាទៅយកជនរងគ្រោះ ទៅសង្គ្រោះនៅមន្ទីរពេទ្យ តែជាអកុសលជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ ។

អធិការរងទទួលការងារព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបលស្រុកសង្កែ លោក មួរ ឡាន បានបញ្ជាក់ ថា ក្រោយទទួលបានព័ត៌មាន លោកបានដឹកនាំកំលាំងចុះទៅកាន់ចំនុចកើតហេតុ ព្រមទាំងបានកំណត់មុខសញ្ញាបានយ៉ាងច្បាស់ដោយបានបែងចែកកំលាំងដើម្បីតាមប្រមាញ់ប៉ុន្តែ ទំនងជាយឺតពេលបន្តិចទៅហើយ ព្រោះមុខសញ្ញាដែលជាឃាតក អាចចេញឆ្ពោះទៅកាន់ព្រំដែនកម្ពុជា ថៃបាត់ ។

ប្រភពបន្តថា សពរបស់ជនរងគ្រោះ តាមការត្រួតពិនិត្យរបស់ក្រុមជំនាញបានបញ្ជាក់ថា ឃាតកអាចប្រើដែកឆាំ ( ដែកប្រហោងសម្រាប់ចាក់បាវអង្ករ ) ចាក់ចំពីក្រោយយ៉ាងពេញទំហឹង ព្រោះមុខរបួសដែលឃាតកចាក់គឺត្រូវចំពីក្រោមស្លាបប្រចៀវខាងឆ្វេង និងមាន ជំរៅប្រហែល៥សង្ទីម៉ែត្រ ដោយមានប្រហោងយ៉ាងធំទៅតាមទំហំនៃដែកឆាំ ។

ជនសង្ស័យជាឃាតក ត្រូវសមត្ថកិច្ចកំណត់មុខសញ្ញាបានហើយៗកំពុងសុំគោលការណ៍ និងដីកាដើម្បីចាប់ខ្លួនមកផ្តន្ទាទោស ៕

ses (1)

ដោយ៖ សំ វិច្ឆិកា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print