ភ្នំពេញ ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២១ មករា ឆ្នាំ២០២២នេះ បានចំណាយពេលប្រមាណ៣៥នាទី ក្នុងការធ្វើកិច្ចសន្ទនាតាមប្រព័ន្ធទូរស័ព្ទ ជាមួយ លោក ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ (Joko Widodo) ទាក់ទិនទៅនឹងដំណើរទស្សនកិច្ចរបស់សម្តេចនាយករដ្ឋមន្រ្តី ទៅកាន់ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-៨ មករាកន្លងទៅថ្មីៗនេះ។
ក្នុងជំនួបគ្នានោះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថ្លែងអំណរគុណ ជូនចំពោះ លោកប្រធានាធិបតី ដែលបានចំណាយពេលវេលាដ៏មានតម្លៃបំផុត ជួបសន្ទនាការងារជាលើកទី២ បន្ទាប់ពីការសន្ទនាលើកទី១ កាលពីថ្ងៃទី៤មករាឆ្នាំ២០២២។ ទាក់ទិនទៅនឹងដំណើរទស្សនកិច្ចរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រី ទៅកាន់មីយ៉ាន់ម៉ា សម្តេចតេជោបានមានប្រសាសន៍ថា មានមនុស្សមួយចំនួនអបអរសាទរ និងគាំទ្រដំណើរទស្សនកិច្ចរបស់សម្តេច ប៉ុន្តែមានអ្នកខ្លះមិនបាន គាំទ្រដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់មីយ៉ាន់ម៉ា។ សម្តេចតេជោមានប្រសាសន៍សង្កត់ធ្ងន់ថា អ្វីដែលសម្តេចធ្វើដំណើរទៅមីយ៉ាន់ម៉ា គឺទៅដាំដើមឈើ មិនមែនទៅកាប់ឈើនោះទេ ហើយអ្នកមិនគាំទ្រនោះ គឺហាក់គិតថាដាំដើមឈើតែមួយថ្ងៃ ពីថ្ងៃ ហើយចង់បានផ្លែផ្កាភ្លាមៗ។ សម្តេចតេជោបន្តថា ដំណើរទស្សនកិច្ចទៅកាន់មីយ៉ាន់ម៉ា គឺដើម្បីជំរុញដោះស្រាយស្ថានភាពទាល់ច្រក ដើម្បីរកច្រកចេញ ហើយជាពិសេសស្ថានភាពនៅមីយ៉ាន់ម៉ាពីមុនហើយនិងស្ថានភាពនៅពេលនេះ គឺមិនដូចគ្នាទេ ដោយសារនៅមីយ៉ាន់ម៉ា ពីមុនមានរដ្ឋាភិបាលតែមួយ ប៉ុន្តែបច្ចុប្បន្ននេះ គឺថាអាចមានរដ្ឋាភិបាល២ឯណោះ។ សម្តេចតេជោ បានគូសបញ្ជាក់ផងដែរថា យើងធ្វើក៏ខុស យើងមិនធ្វើក៏ខុស ប៉ុន្តែគោលដៅសំខាន់របស់សម្ដេច គឺទម្លាយភាពទាល់ច្រកពាក់ព័ន្ធនឹងសភាពការណ៏នៅមីយ៉ាន់ម៉ានោះ ដែលជាប្រទេសមួយមានសភាពការណ៍ មានលក្ខណៈស្មុគស្មាញនាពេលបច្ចុប្បន្ន។
សម្ដេចតេជោបានបន្តកិច្ចសន្ទនាជាមួយប្រធានាធិបតីឥណ្ឌូនេស៊ី ពាក់ព័ន្ធនឹងអ្វីដែលសម្ដេចគិត និងមានយោបល់ថា អ្វីដែលមីយ៉ាន់ម៉ា ត្រូវការពេលនេះ គឺត្រូវការដំណោះស្រាយដែលមានលក្ខណៈពេញលេញ ហើយមានពេលវេលាយូរអង្វែង ដើម្បីដោះស្រាយស្ថានភាពនៅមីយ៉ាន់ម៉ានេះ ដូច្នេះហើយគោលដៅរបស់សម្ដេចតេជោទៅទស្សនកិច្ច មិនមែនបង្កើតភាពស្មុគស្មាញ ឬមួយយ៉ាងណានោះទេ ប៉ុន្តែគឺរកមធ្យោបាយដោះស្រាយភាពទាល់ច្រកនេះ ទម្លាយភាពទាល់ច្រកនេះ ដើម្បីជួយដល់ប្រទេសមីយ៉ាន់ម៉ា ។
នៅក្នុងជំនួបនេះដែរ សម្ដេចតេជោ បានស្នើទៅរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ី តាមរយៈលោកស្រី រ៉េតណូ ដើម្បីឲ្យលោកស្រី ជូនសាររបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ទៅរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី ដែលយើងដឹងហើយថា គាត់ធ្លាប់ធ្វើការនៅក្នុងគណបក្សប្រឆាំង ហើយមិនត្រឹមតែប៉ុណ្ណោះទេ អ្វីដែលគាត់បានធ្វើកន្លងទៅនេះ គឺវាមិនត្រឹមត្រូវនៅក្នុងក្របខណ្ឌអាស៊ាននេះ ហើយនៅក្នុងការបញ្ជូនសារនេះ សម្ដេចបានមានប្រសាសន៍ថា កុំឲ្យរដ្ឋមន្ត្រីការបរទេសនេះ ព្រហើនពេកដែលមានសំដីសំដៅមិនគប្បីចំពោះថ្នាក់ដឹកនាំអាស៊ាន ជាពិសេសប្រធានអាស៊ានតែម្ដង ដែលមិនសមជាភាសាការទូត ដូច្នេះហើយកុំឲ្យយកលក្ខណៈព្រហើនដែលលើកឡើងកន្លងទៅនេះ មិនដូចភាពជាក់ស្ដែងដែលអ្នកមួយចំនួន ដែលគេតាមដានការងារអាស៊ាន ឬធ្វើការងារអាស៊ាននេះ ហើយគាត់ខ្វះនូវការគួរសមទៀតផង ។
ក្នុងជំនួបទ្វេភាគីនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ថ្វីត្បិតការធ្វើទស្សនកិច្ចនេះ គឺមិនមែនជាលទ្ធផលដែលយើងធ្វើបានក្នុងរយៈពេល១ថ្ងៃ ឬ១ខែនោះទេ ប៉ុន្តែយើងធ្វើភ្លាម ហើយយើងក៏ទទួលបាននូវលទ្ធផលមួយចំនួនផងដែរ ៖
ទី១) លទ្ធផលដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីជម្រាបជូនទៅប្រធានាធិបតីឥណ្ឌូនេស៊ី គឺពាក់ព័ន្ធទៅនឹងបទឈប់បាញ់ និងការបញ្ឈប់នូវអំពើហិង្សា តែសម្ដេចស្នើសុំឲ្យមានការឯកភាពពី ឯកឧត្តម មីន អោងឡាំង ថា បទឈប់បាញ់នេះនឹងបញ្ឈប់ពីពេលនេះទៅរហូតទៅដល់ចុងឆ្នាំ២០២២ឯណោះ ។
ទី២) ការផ្ដល់ជូននូវជំនួយមនុស្សធម៌ទៅដល់ប្រជាពលរដ្ឋមីយ៉ាន់ម៉ា ដែលត្រូវការជំនួយជាចាំបាច់ ហើយជាពិសេស គឺការធ្វើការជាមួយនឹងប្រេសិតពិសេសរបស់ប្រធានអាស៊ាន អគ្គលេខាធិការអាស៊ាន មជ្ឈមណ្ឌលអាហាររបស់អាស៊ានផងដែរ ដែលទទួលបន្ទុកខាងជំនួយមនុស្សធម៌ និងគ្រោះមហន្តរាយ ហើយនឹងភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដែលពាក់ព័ន្ធ។ ដូច្នេះការងារនេះ គឺសំខាន់ណាស់ ក្នុងការធ្វើការងារជាក្រុម និងធ្វើការងារជាមួយនឹងខាងមីយ៉ាន់ម៉ាផងដែរ ដូច្នេះហើយនៅក្នុងការងារនេះ គឺសម្ដេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ពាក់ព័ន្ធ នឹងជំនួយមនុស្សធម៌ ដោយជំរុញធ្វើយ៉ាងណា ឱ្យមានជំនួយជាវ៉ាក់សាំង ការចាក់វ៉ាក់សាំងទៅប្រជាពលរដ្ឋដែលត្រូវការជាចាំបាច់នេះ។
សម្ដេចតេជោ ក៏បានគូសបញ្ជាក់អំពីការងារផ្សេងៗទៀតដែលពាក់ព័ន្ធនឹងយន្តការ ដែលសម្ដេចតេជោនាយករដ្ឋមន្ត្រីបានលើកជាគំនិតនៅក្នុងការបង្កើតជាយន្តការ អាស៊ាន-ត្រយការ ដើម្បីធ្វើយ៉ាងណា ចូលរួមជួយដល់មីយ៉ាន់ម៉ា ហើយនិងគំនិតផ្ដួចផ្ដើមរបស់ឥណ្ឌូនេស៊ី ដែលចង់បង្កើតក្រុមអ្នកសង្កេតការណ៍ ដោយប្រើប្រាស់មន្ត្រីស្ថានទូតរបស់បណ្ដាប្រទេសអាស៊ានប្រចាំនៅទីក្រុងយ៉ាំងហ្គូន នៃប្រទេសមីយ៉ាន់ម៉ានេះ ។ គំនិតទាំងអស់នេះ ឬមួយក៏ការចាប់ផ្ដើមជំនួបការងារផ្សេងៗទាំងអស់នេះ
គឺសម្ដេចតេជោនាយករដ្ឋមន្ត្រី ស្នើសុំថា នឹងឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន ជួបប្រជុំគ្នានៅពេលខាងមុខនេះ គឺដើម្បីពិភាក្សា និងរកមធ្យោបាយ ក្នុងការជំរុញការងារនេះ ជាពិសេស នៅក្នុងការជំរុញការធ្វើយ៉ាងណា ជួយដល់មីយ៉ាន់ម៉ានៅពេលខាងមុខនេះ ។ អ្វីដែលសំខាន់នៅក្នុងជំនួបនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានលើកអំពីគំនិតផ្ដួចផ្ដើមទាំងអស់នេះ គឺសម្ដេចចង់ឱ្យ រដ្ឋមន្ត្រីការបរទេសអាស៊ានទាំងអស់ នឹងជួបគ្នានៅពេលខាងមុខ ដើម្បីពិភាក្សាទៅលើគំនិតផ្ដួចផ្ដើមមួយចំនួន ក៏ដូចជាអ្វីដែលសម្ដេចបានមានប្រសាសន៍នាពេលនេះ ក៏ដូចជាកន្លងមកនេះ រួមទាំងសមិទ្ធផលនៃទស្សនកិច្ចរបស់សម្ដេចតេជោ ទៅមីយ៉ាន់ម៉ាផងដែរ ។
ជាការឆ្លើយតប លោកប្រធានាធិបតីឥណ្ឌូនេស៊ី ចាត់ទុកថា វិធីដែលសម្ដេចបានជំរុញនេះ គឺមានអត្ថប្រយោជន៍ ប៉ុន្តែសំខាន់ទៅទៀត គឺយើងទាំងអស់គ្នា បន្តអនុវត្តនូវគោលការណ៍ទាំង ៥ ដែលប្រមុខរដ្ឋាភិបាលអាស៊ាន បានសម្រេចជាឯកច្ឆន្ទរួចហើយនេះ ធ្វើយ៉ាងណាជំរុញឲ្យភាគីមីយ៉ាន់ម៉ា អនុវត្តទៅតាមផែនការទាំង ៥នោះ ។ ឯកឧត្តមក៏បានគូសបញ្ជាក់ និងកោតសរសើរផងដែរ ចំពោះការខិតខំប្រឹងប្រែងរបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងការជំរុញការងារដែលសម្ដេចបានទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ានេះ ដើម្បីជំរុញការទម្លាយភាពទាល់ច្រក។ លោកក៏បានលើកផងដែរពាក់ព័ន្ធនឹងការធ្វើយ៉ាងណា ឱ្យមានការរីកចម្រើន នូវការអនុវត្តផែនការ ៥ចំណុច ដែលបានឯកភាពជាឯកច្ឆ័ន្ទនេះ។ លោកក៏ស្នើសុំ និងឯកភាពផងដែរ ធ្វើយ៉ាងម៉េចរកដំណោះស្រាយទាំងអស់នេះ គឺត្រូវមានការចូលរួមដោយភាគីទាំងអស់ ដូចដែលសម្ដេចធ្លាប់លើកមកហើយ គឺថាការបង្រួបបង្រួមជាតិ រកដំណោះស្រាយ ត្រូវតែមានការចូលរួមពីភាគីទាំងអស់ ។ លោកថា ដំណោះស្រាយនយោបាយនេះ គឺជាមធ្យោបាយដែលអាចទទួលយកដោយភាគីទាំងអស់។
នៅក្នុងជំនួបនេះដែរ លោកប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានមានប្រសាសន៍ដែរថា ឥណ្ឌូនេស៊ីពិតជាគាំទ្រដល់ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ក្នុងការជំរុញការងារនេះ។ រីឯចំណុចផ្ដួចផ្ដើមផ្សេងទៀតដូចជា អាស៊ាន-ត្រយការ និងយន្តការផ្សេងទៀតនេះ គឺយើងនឹងពិភាក្សាឲ្យរដ្ឋមន្ត្រីការបរទេសអាស៊ាន នឹងជួបពិភាក្សាគ្នា ដើម្បីរកមធ្យោបាយក្នុងការជំរុញការងារទៅមុខទៀត។ នៅក្នុងជំនួបនេះដែរ លោកប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានអរគុណសម្ដេចតេជោ នូវកិច្ចសន្ទនាដែលមានសារៈសំខាន់នេះ ហើយឯកឧត្តមសង្ឃឹមថា យើងនឹងស្វែងរកនូវដំណោះស្រាយបញ្ហានៅមីយ៉ាន់ម៉ានេះ នៅពេលខាងមុខ ។
សម្តេចតេជោ ក៏បានថ្លែងនូវការអរគុណដល់ លោកប្រធានាធិបតី ចំពោះកិច្ចពិភាក្សានេះ ដើម្បីធ្វើយ៉ាងណា ឱ្យមានវឌ្ឍនភាពនៃការងាររបស់យើង ហើយសម្ដេចបានគូសបញ្ជាក់ដែរថា បច្ចុប្បន្ននេះ អាស៊ាន ពិតជាមានការងារធ្វើច្រើនណាស់ ហើយយើងទាំងអស់គ្នានៅក្នុងអាស៊ាន ក៏មិនត្រូវក្លាយជាចំណាប់ខ្មាំងនៃប្រទេសមីយ៉ាន់ម៉ាផងដែរ ហើយយើងត្រូវតែខិតខំជំរុញធ្វើយ៉ាងណា បោះជំហានទៅមុខ ដើម្បីជំរុញការងាររបស់យើង ដូច្នេះហើយយើងនឹងឱ្យរដ្ឋមន្ត្រីការបរទេសរបស់យើង ជួបពិភាក្សាគ្នានៅពេលខាងមុខនេះ ៕