អ្នកចូលចិត្ត​ហូបបង្គា! ខណៈ​មន្ត្រី​ជំនាញ​​ បន្តបង្រ្កាប និងរឹបអូសបង្គាមានចាក់បញ្ចូលសារធាតុ​ CMC (ចាហួយ) ជាង​ច្រើន​តោននៅតាមមាត់ច្រកព្រំដែនចូលមកខេត្តកំពត​ ប៉ុន្មាន​ថ្ងៃ​នេះ

ចែករំលែក៖

ខេត្តកំពត៖ ដើម្បីធានាថារាល់ទំនិញដាក់លក់ជូនប្រជាពលរដ្ឋនៅលើទីផ្សារមានសុវត្ថិភាព និងមិនប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ​ មន្រ្តី ក.ប.ប. ប្រចាំខេត្តកំពត​ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានបន្តសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ​ ស្រាវជ្រាវ និងស្ទាក់ចាប់រថយន្តដឹកគ្រឿងសមុទ្រដែលចូលមកតាមច្រកព្រំដែន មកកាន់ខេត្តកំពត។ នេះបេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ។

មន្រ្តី ក.ប.ប. បានឱ្យដឹងទៀតថា​ ប្រតិបត្តិការ​ខាងលេីនេះ​គោលបំណងគឺដើម្បីទប់ស្កាត់ទំនិញដែលមិនមានអនុលោមភាពដែលប៉ះពាល់សុខភាពប្រជាពលរដ្ឋ ជាពិសេសក្នុងឱកាសបុណ្យប្រពៃណីជាតិចិន និងវៀតណាមខាងមុខ។ ជាក់ស្ដែង​លទ្ធផលគឺមន្រ្តីជំនាញ​ បានស្ទាក់ និងឃាត់រថយន្តកូរ៉េមួយគ្រឿងដោយរកឃើញបង្គាចំនួន ១តោន និង៤៨៤គីឡូក្រាមដែលមានសារធាតុ​ CMC (ចាហ៊ួយ)​ គីមីហាមឃាត់។

ក្រោយ​ប្រតិបត្តិការ​ចប់​ មន្រ្តីជំនាញបានធ្វើការដកហូតមកកម្ទេចចោលភ្លាមៗ និងម្ចាស់ទំនិញត្រូវរងពិន័យពីមន្រ្តីជំនាញផងដែរ។

គួរបញ្ជាក់ថា​ កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ថ្មីៗ​នេះ​ ក្រោមការសម្របសម្រួលពីលោក ឈារី ម៉ារូ ព្រះរាជអាជ្ញារង នៃសាលាដំបូងខេត្តកំពត មន្ត្រី ក.ប.ប. ប្រចាំខេត្តកំពត សហការជាមួយអាជ្ញាធរដែនដី បានធ្វើការត្រួតពិនិត្យរថយន្តដឹកគ្រឿងសមុទ្រចំនួន០៣ ផ្ទុកបង្គាស្រស់ បង្គាក្រៀម និងមឹកក្រៀម ដែលសមត្ថកិច្ចយើងស្ទាក់ចាប់ និងឃាត់ទុកនៅមុខការិយាល័យកសិកម្មស្រុកកំពង់ត្រាច និងអធិការដ្ឋានស្រុកឈូក។ តាមរយៈលទ្ធផលនៃការត្រួតពិនិត្យ មន្ត្រីជំនាញបានត្រួតពិនិត្យឃើញ បង្គាស្រស់ចំនួន២កេសបន្ថែមទៀត ស្មើនឹង ២០គីឡូក្រាម មានចាក់សារធាតុចាហួយនៅក្នុងក្បាលបង្គា។

ដោយឡែក​ កាលពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ មន្ត្រី ក.ប.ប. សហការជាមួយអាជ្ញាធរពាក់ព័ន្ធ បានស្ទាក់ចាប់រថយន្តដឹកគ្រឿងសមុទ្រចំនួន ៥គ្រឿងរួចមកហើយ ដោយបានរកឃើញបង្គាសរុបចំនួន ៦,២៦៨គីឡូក្រាម មានចាក់បញ្ចូលគីមីទៅក្នុងក្បាលបង្គាដែលធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់ផងដែរ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print