គុយបានឹងឲ្យមន្ត្រីចូលនិវត្តន៍ក្នុងអាយុ៧០ឆ្នាំ

ចែករំលែក៖

បច្ចុប្បន្នមេដឹកនាំគុយបាសុទ្ធតែមានអាយុចាស់ៗពិបាកក្នុងការដឹកនាំដែល កត្តានេះហើយ ទើបថ្វើឲ្យមេដឹកនាំគុយបា លោក រ៉ាអ៊ូល កាស្ត្រូ ប្រកាសថា អនាគតថ្នាក់ដឹកនាំជាន់ខ្ពស់បក្សកុម្មុយនីស្តគុយបាត្រូវតែចូលនិវត្តន៍នៅអាយុ៧០ឆ្នាំយ៉ាងយូរ។ ឥស្សរជនចាស់ៗ ត្រូវដើរចេញដើម្បីទុកកន្លែងឱ្យក្មេងជំនាន់ក្រោយធ្វើការម្តង ការប្រកាសខាងលើកើតឡើងក្រោយ ពេលដែលគុយបាបានរួចផុតពីទណ្ឌកម្ម ហើយមានទំនាក់ទំនងយ៉ាងល្អប្រសើរជាមួយសហរដ្ឋអាមេរិក។

នៅក្នុងចំណោមថ្នាក់ដឹកនាំគុយបា បច្ចុប្បន្ននេះមានឥស្សរជនជាច្រើនរូប ណាស់ ដែលមានអាយុលើសពី៧០និង ៨០ឆ្នាំ។ ឥស្សរជនខ្លះគឺជាសកម្មជនរបស់បក្សនិងបានចូលធ្វើបដិវត្តន៍នៅឆ្នាំ១៩៥៩ដែលបានជំរុញឱ្យលោកហ្វ៊ីដែល កាស្ត្រូ បានឡើងកាន់តំណែងជាប្រមុខដឹកនាំ គុយបា។

លោកហ្វ៊ីដែល កាស្ត្រូ អាយុ៩០ឆ្នាំ នៅខែសីហាខាងមុខ ហើយបានដកខ្លួន ចេញពីឆាកនយោបាយ នៅឆ្នាំ២០០៨ បន្ទាប់ពីមានបញ្ហាសុខភាពជាទម្ងន់។ លោក រ៉ាអ៊ូល កាស្ត្រូបានបន្តតំណែងពីបង និងបានដាក់កំហិតកំណត់អាណត្តិជាប្រធានាធិបតីត្រឹម៥ឆ្នាំនិងអាចពន្យារបានត្រឹមពីរអាណត្តិសម្រាប់ប្រមុខដឹកនាំប្រទេសម្នាក់ៗ។

កាលពីថ្ងៃសៅរ៍ ទី១៧ ខែមេសា លោក រ៉ាអ៊ូល កាស្ត្រូ បានប្រកាសកំណត់អាយុ របស់មន្ត្រីនៃគណៈកម្មាការធិការកណ្តាលបក្សឱ្យធ្វើការត្រឹមអាយុ៦០ឆ្នាំនិងយ៉ាងយូរ បំផុតត្រូវចូលនិវត្តន៍នៅអាយុ៧០ឆ្នាំសម្រាប់ តំណែងជាមេដឹកនាំនៅក្នុងបក្ស។

សេចក្តីប្រកាសរបស់ប្រធានាធិបតី គុយបានៅក្នុងសុន្ទរកថា រយៈពេល២ម៉ោង នាឱកាសបើកសមាជបក្សកុម្មុយនីស្តត្រូវបានទទួលការស្វាគមន៍ដោយភាពស្ងប់ស្ងាត់យ៉ាងចម្លែក ព្រោះគណៈប្រតិភូគុយបាភាគច្រើនទំនងជាភ្ញាក់ផ្អើលនឹងសេចក្តីសម្រេចរបស់លោក រ៉ាអ៊ូល កាស្ត្រូ ដែល បានដាក់ជាសំណួរបន្ថែមទៀតថា “ម្តេច ស្ងាត់ល្អមេ្ល៉ះ”? អ្នកគិតថា គ្មានតួនាទីនៅ ក្នុងចំណាត់ការប្រទេសអ្នកនឹងគ្មានអ្វីធ្វើ ឬ? លោករ៉ាអ៊ូល កាស្ត្រូ ចង់មានន័យថាថ្នាក់ដឹកនាំចាស់ៗអាចនៅតែជាសកម្មជនបក្សនិងចំណាយពេលមើលចៅៗ។វិធានការថ្មីកំណត់អាយុចូលនិវត្តន៍នេះក៏នឹងត្រូវអនុវត្តដូចគ្នានៅក្នុងស្ថាប័នរដ្ឋនិងជួររដ្ឋា ភិបាលផងដែរ។

នៅថ្ងៃចន្ទ ទី១៨ ខែមេសា សមាជបក្សកុម្មុយនីស្តគុយបាត្រូវបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំថ្មីនិងទំនងជាត្រូវបោះឆ្នោត រក្សាលោក រ៉ាអ៊ូល កាស្ត្រូ អាយុ៨៤ឆ្នាំនិងបុរសខ្លាំងទីពីររបស់បក្សអាយុ៨៥ឆ្នាំឱ្យ នៅដដែល។ ច្បាប់ថ្មីនេះទំនងជាមិនត្រូវ បានអនុវត្តលើឥស្សរជនកំពូលទាំងពីរនេះទេ។ ប៉ុន្តែលោក រ៉ាអ៊ូល កាស្ត្រូ បានបញ្ជាក់ ថា លោកនឹងបញ្ចប់តួនាទីជាប្រធានាធិបតី នៅឆ្នាំ២០១៨៕

url

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print