ខេត្តមណ្ឌលគិរី ៖ លោក សៀក មុន្នី អភិបាលស្រុក អូររាំង ខេត្តមណ្ឌលគិរី តែងតែ ប្រើអំណាចគម្រាមកំហែងប្រជាពលរដ្ឋជនជាតិដេីមភាគតិច និងឃុបឃិតគ្នាជាប្រព័ន្ធធ្វើឯកសារយកដីរដ្ឋ និង ដីប្រជាពលរដ្ឋជនជាតិដេីមភាគតិច ធ្វើជាកម្មសិទ្ធិរួចយកទៅលក់អោយឈ្មួញ មកដល់ពេលនេះមិនទាន់មានចំណាត់ការ ហាក់ទុកអោយបុគ្គលរូបនេះ ប្រព្រឹត្តអំពើពុករលួយ តាមអំពើចិត្ត។
ប៉ុន្តែថ្មីៗនេះ លោក ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានធ្វើលិខិតអន្តរាគមន៍មួយច្បាប់គោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដោយស្នេីសុំសម្ដេចក្រឡាហោម ស ខេង ធ្វើការពិនិត្យលេីលោក សៀក មុន្នី អភិបាលស្រុក អូររាំង ខេត្តមណ្ឌលគីរី និង មន្ត្រីស្រុក អូររាំងមួយចំនួនទៀតដែលតែងតែប្រើអំណាចគម្រាមកំហែងប្រជាពលរដ្ឋជនជាតិដេីមភាគតិច និងឃុបឃិតគ្នាជាប្រព័ន្ធធ្វើឯកសារយកដីរដ្ឋ និង ដីប្រជាពលរដ្ឋជនជាតិដេីមភាគតិច ធ្វើជាកម្មសិទ្ធិរួចយកទៅលក់អោយឈ្មួញ ។ លោក សៀក មុន្នី មានរឿងច្រើនដងហើយ បងប្អូនជនជាតិដេីមភាគតិចរងគ្រោះច្រើនណាស់ សង្ឃឹមថាលេីកនេះ បែបគេចមិនរួចពីសំណាញ់ច្បាប់ទេមេីលទៅ ខណៈប្រទេសគ្រប់គ្រងដោយច្បាប់ ។
អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន “នគរវត្ត” សូមដកស្រង់ លិខិតលោក ប៉ែន អ៊ាន ទីប្រឹក្សាផ្ទាល់សម្ដេចតេជោ ហ៊ុន សែន បានធ្វើលិខិតអន្តរាគមន៍មួយច្បាប់គោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ ដោយស្នេីសុំសម្ដេចក្រឡាហោម ស ខេង ធ្វើការពិនិត្យលេីលោក សៀក មុន្នី អភិបាលស្រុក អូររាំង ខេត្តមណ្ឌលគីរី ដូចខាងក្រោម :
ខ្ញុំ ប៉ែន អាន ទីប្រឹក្សាផ្ទាល់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្តី នៃព្រះរាជាណាចក្រកម្ពុជា គោរពចូលមក សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
កម្មវត្ថុ : សុំ សម្ដេចក្រឡាហោម ធ្វើការពិនិត្យលើលោក សៀក មុន្នី អភិបាលស្រុកអូររាំង ខេត្ត មណ្ឌលគិរី និងមន្ត្រីស្រុកអូររាំងមួយចំនួនទៀត ដែលតែងតែប្រើអំណាច គម្រាមគំហែង ប្រជាពលរដ្ឋជនជាតិដើមភាគតិច និងឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើឯកសារ យកដីរដ្ឋ និងដីបូជា ពលរដ្ឋជនជាតិដើមភាគតិច ធ្វើជាកម្មសិទ្ធិ និងលក់អោយឈ្មួញ មិនការពារផលប្រយោជន៍ ស្របច្បាប់របស់ប្រជាពលរដ្ឋតូចតាច ការពារតែអ្នកមានលុយ មានអំណាច ។
យោង : ពាក្យសុំអន្តរាគមន៍របស់ប្រជាពលរដ្ឋ (ជនជាតិដើមភាគតិច) រស់នៅក្រុងសែនមនោរម្យ និងភូមិពូ ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ចុះថ្ងៃទី ២៧ ខែធ្នូ ឆ្នាំ២០២១។
-បទបញ្ហា លេខ ០១ បប របស់រាជរដ្ឋាភិបាល ស្តីពី វិធានការពង្រឹង និងំបង្កើនប្រសិទ្ធិភាពនៃការគ្រប់គ្រងសម្បទានដីសេដ្ឋកិច្ច ចុះថ្ងៃទី ៧ ខែឧសភា ឆ្នាំ២០១២ ។ -សេចក្តីប្រកាសពត៌មាន លេខ ០៥ ប្រភព របស់ទីស្តីការគណ:រដ្ឋមន្ត្រី ចុះថ្ងៃទី ០៣ ខែ កក្កដា ឆ្នាំ ២០២០ ស្តីពី លទ្ធផលនៃសម័យប្រជុំពេញអង្គគណ:រដ្ឋមន្ត្រី ( ប្រការ១ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងរៀបចំដែនដីនគរូប នីយកម្មនិងសំណង់ រដ្ឋបាលថ្នាក់ក្រោមជាតិ ត្រូវកាត់ឆ្កៀលដីនិងផ្តល់កម្មសិទ្ធិជូនប្រជា ពលរដ្ឋ ដែលបានកាន់កាប់និងអាស្រ័យផលជាក់ស្ដែងជាយូរមកហើយ លើទីតាំងដី ដែលស្ថិតក្នុងផែនទីតំបន់ការពារធម្មជាតិនិងកម្របព្រៃឈើ ) ។
-ប្រកាសអន្តរក្រសួង ចុះថ្ងៃទី ២៦ ខែវិច្ឆិកា ឆ្នាំ២០០៣ របស់ក្រសួងយុត្តិធម៌ និងក្រសួង រៀបចំដែនដី នគរូនីយកម្មនិងសំណង់ ស្តីពី ការកំណត់ភារកិច្ចរបស់តុលាការ និងគណ: កម្មការសុរិយោដី ពាក់ព័ន្ធនិងវិវាទដីធ្លី ( ដីធ្លីមិនទាន់ចុះបញ្ជី)។
តាមកម្មវត្ថុនិងយោងខាងលើ ខ្ញុំ សូមជម្រាបជូន សម្តេចក្រឡាហោម មេត្តាជ្រាបថា ខ្ញុំ បានចុះទៅពិនិត្យមើលស្ថានភាពជាក់ស្ដែងនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី បានជួបប្រជាពលរដ្ឋជន ជាតិដើមភាគតិចមួយចំនួន រាយការណ៍ជូនខ្ញុំផ្ទាល់ ក្រោយមកទៀត ខ្ញុំបានចាត់ក្រុមការងារនិងមេធាវីចុះស្រាវជ្រាវបន្ថែម ឃើញថា ប្រជាពលរដ្ឋជនជាតិដើមភាគតិចមួយចំនួន ដែលបានរស់នៅ អាស្រ័យ ផល ធ្វើផ្ទះ ដាំដំណាំលើដីតាមជើងភ្នំ និងដងអូរ តាមទំនៀមទម្លាប់ប្រពៃណីជាយូរមកហើយ និងដឹ សហគមន៍ជនជាតិដើមភាគតិច ត្រូវបានគេរំលោភបំពានយក ដកហូត ដោយយកលេសថាជាដីរដ្ឋ ហើយក្រោយមក ក៍ក្លាយជាដីរបស់អ្នកមានលុយ មានអំណាច គេធ្វើរបងហ៊ុំព័ន្ធ មានឯកសារកាន់កាប់ ទៅវិញ ហើយដីរបស់ប្រជាពលរដ្ឋមួយចំនួនទៀត មានឯកសារកាន់កាប់ ទិញលក់ ទទួលស្គាល់ដោយ អាជ្ញាធរ ភូមិ ឃុំ ស្រុក តែបែជាអាជ្ញាធរខាងកសិកម្ម រឺរដ្ឋបាលព្រៃឈើ និងស្រុកថា ខុសច្បាប់ ត្រូវ តុលាការចោទប្រកាន់ ចាប់ដាក់គុតក៍មាន ។ គឺច្បាស់ណាស់ថា អាជ្ញាធរគ្រប់គ្រង ដឹងលឺថា ដីណាស្រប ច្បាប់ ដីណាជាដីរដ្ឋ តែបើប៉ះពាល់ផលប្រយោជន៍ពួកគេ ក៍ក្លាយជារឿងរ៉ាវ ហើយអ្នករងគ្រោះ គឺប្រជា ពលរដ្ឋតូចតាច
ទន់ខ្សោយ ដែលគ្មានខ្សែ គ្មានបក្សពួក ។
ថ្មីៗនេះ ប្រជាពលរដ្ឋជនជាតិដើមភាគតិចមួយចំនួន រាយការណ៍ជូនក្រសួងមហាផ្ទៃនិងអាជ្ញាធរ ថ្នាក់ជាតិតាមរយះខ្ញុំ ប៉ែន អ៊ាន ថា លោក សៀក មុន្នី បានប្រើមន្ត្រីជាកូនចៅ ក្លែងឯកសារ ស្នាមមេដៃ យកដីប្រជាពលរដ្ឋមួយចំនួន លក់អោយ ឧកញ៉ា ស្រី ចន្ធូរ ធ្វើប័ណ្ណកម្មសិទ្ធិ គម្រាមគំហែងទិញដីពី ប្រជាពលរដ្ឋក្នុងតម្លៃទាប ដើម្បីទៅលក់បន្ត និងដើម្បីធ្វើការអភិវឌ្ឍន៍ ។ ហើយដីមួយមចំនួនទៀត ជាដី ចំការស្រល់ ក៍ជាកម្មសិទ្ធិរបស់អ្នកធំ អ្នកមានលុយដែរ ។ មិនតែប៉ុណ្ណោះ ពេលមានរឿងរ៉ាវទាំនាស់ដីធ្លី លោក សៀក មុន្នី មិនដែលយកចិត្តទុកដាក់ ជួយដោះស្រាយ រកយុត្តិធម៌អោយប្រជាពលរដ្ឋទេ ហាក់ ដូចជាមានការរើសអើង ។ បានលឺថា លោក សៀក មុន្នី មានអំណាច មិនខ្លាចច្បាប់បែបនេះ ដោយសារ មានបងប្អូន ខ្សែបក្សពួក នៅក្រសួងមហាផ្ទៃ ជាអ្នកចាំជួយជ្រោមជ្រែង ។
ដូចដែល សម្តេចក្រឡាហោម ធ្លាប់បានលើកឡើង និងណែនាំជាច្រើនដងមកហើយថា រាជរដ្ឋា ភិបាល ថ្នាក់ដឹកនាំ ក្រសួង ខិតខំប្រឹងប្រែងខ្លាំងណាស់ ដើម្បីបំរើប្រជាពលរដ្ឋ ការពាររដ្ឋធម្មនុញ្ញ ការពារជាតិ សាសនា ព្រះមហាក្សត្រ តែមន្ត្រីថ្នាក់ក្រោមជាតិនិងមន្ត្រីមូលដ្ឋានមួយចំនួន ដែលគិតតែពី ផលប្រយោជន៍ផ្ទាល់ខ្លួន ធ្វើអោយខូចប្រជាប្រិយភាពរបស់បក្ស ខូចប៉ះពាល់ដល់ការដឹកនាំរបស់រាជរដ្ឋា ភិបាល ជាពិសេស សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី ។
ប៉ុន្មានថ្ងៃមកនេះ ខាងក្រសួងកសិកម្ម កំពុងធ្វើយុទ្ធនាការ ពាក់ព័ន្ធដីធ្លីនៅស្រុកអូររាំង ខេត្ត មណ្ឌលគិរី និងស្នើសុំអោយក្រសួងធ្វើដោយមានតម្លាភាព ស្រមតាមច្បាប់និងគោលការណ៍របស់រាជ រដ្ឋាភិបាល ដើម្បីការពារផលប្រយោជន៍ស្របច្បាប់របស់ប្រជាពលរដ្ឋជនជាតិដើមភាគតិច ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សម្តេចក្រឡាហោម មេត្តាពិនិត្យ ស្រាវជ្រាវករណី នេះអោយបានច្បាស់លាស់ ដើម្បីអោយមានតម្លាភាព យុត្តិធម៌ ដល់គ្រប់ភាគី ទាំងប្រជាពលរដ្ឋនិង អាជ្ញាធរ និងពិន័យចំពោះមន្ត្រីដែលប្រព្រឹត្តខុស ដើម្បីការពារការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាល ។
សូម សម្ដេចក្រឡាហោម ទទួលនូវការគោរព ស្រលាញ់អំពីខ្ញុំ ៕