ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានឱ្យដឹងនៅរសៀលថ្ងៃចន្ទទី២៤ ខែមករា ឆ្នាំ២០២២នេះថា៖ បន្ទាប់ពីកម្លាំងជំនាញរបស់នគរបាលខណ្ឌកំបូល បានឃាត់ខ្លួនមនុស្សចំនួន ៤នាក់ ពាក់ពន្ធ័ករណីឆក់យកទូរស័ព្ទ នៅចំណុចមុខដីវាល ផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ យកមកសាកសួររហូតបញ្ចប់នីតិវិធី។ រហូតមកទល់ពេលនេះ បានបញ្ជូនពួកគេទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដេីម្បីចាត់ការតាមច្បាប់។
របាយការណ៍ដដែល បន្តថា សង្ស័យចំនួន ០៤នាក់នេះរួមមាន៖ទី១.ឈ្មោះ អឿន ដេវីត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួនគ្មានសារធាតុញៀន)។ ទី២.ឈ្មោះ ថោង ច័ន្ទរិទ្ធីពង្ស ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួនគ្មានសារធាតុញៀន)។ ទី៣.ឈ្មោះ ស៊ុំ ដារិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិតាកេរ្តិ៍ សង្កាត់កំបូល ខណ្ឌកំបូល (ឃាត់ខ្លួនគ្មានសារធាតុញៀន)។ ទី៤.ឈ្មោះ ផល្លី ផល្លា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅ ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល (ឃាត់ខ្លួនគ្មានសារធាតុញៀន)។ ចំណែកទី៥.ឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល១៨ឆ្នាំ (គេចខ្លួន) បច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងស្វែងរកចាប់ខ្លួន។
ប្រភពដដែលបន្តថា ដោយមានការចង្អុលបង្ហាញពីលោកវរសេនីយ៍ឯក ហង្ស មុនី អធិការនគរបាលខណ្ឌកំបូល កាលពីវេលាម៉ោង ៩យប់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២ សមត្ថកិច្ចរបស់អធិការដ្ឋាននគរបាលខណ្ឌកំបូល បានទទួលដំណឹងថា«មានករណី ឆក់ យកទូរស័ព្ទ នៅចំណុចមុខដីវាល ផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ តែជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងទេ» រហូតដល់ម៉ោងប្រហែល ០២និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ កម្លាំងនគរបាលខណ្ឌកំបូល បានល្បាតក្នុងមូលដ្ឋាន ដល់ចំណុច មុខក្លោងទ្វារវត្តស្ងួនពេជ្រ ផ្លូវជាតិលេខ៤ ភូមិត្រពាំងគល់ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ ក៏ឃើញជនសង្ស័យឈ្មោះ ថោង ច័ន្ទរិទ្ធីពង្ស កំពុងបើកម៉ូតូម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរី០១៣ ពាក់ផ្លាកលេខ ភ្នំពេញ 1BL-7948 ឌុបជនសង្ស័យឈ្មោះ អឿន ដេវីត ដោយមានការសង្ស័យ សមត្ថកិច្ចយើងបានហៅជនសង្ស័យឲ្យឈប់សាកសួរ ពេលនោះជនសង្ស័យឈ្មោះ អឿន ដេវីត និងជនសង្ស័យឈ្មោះ ថោង ច័ន្ទរិទ្ធីពង្ស បានសារភាពថា«ខ្លួន និងបក្ខពួក ចំនួន០៣នាក់ទៀត (ឈ្មោះ ស៊ុំ ដារិទ្ធ ភេទប្រុស អាយុប្រហែល១៨ឆ្នាំ, ឈ្មោះ ផល្លី ផល្លា ភេទប្រុស អាយុប្រហែល១៨ឆ្នាំ និងឈ្មោះ រ៉ា ភេទប្រុស អាយុប្រហែល១៨ឆ្នាំ ពិតជាបានធ្វើសកម្មភាពឆក់យកទូរស័ព្ទរបស់ជនរងគ្រោះ ជាមនុស្សប្រុស ចំនួន ០១នាក់ ជិះម៉ូតូម៉ាកប៊ីត ពណ៌ខៀវ មិនចាំសេរី និងផ្លាកលេខ ដែលកំពុងជិះម៉ូតូដល់មុខចំណុចទីវាល ផ្លូវជាតិលេខ៤ ភូមិត្រពាំងទួល(សង្កាត់កំបូល) ពិតប្រាកដមែន»។
បន្ទាប់ពីមានចម្លើយសារភាព នៅវេលាម៉ោងប្រហែល ១៥និង០០នាទី ថ្ងៃខែឆ្នាំដដែល សមត្ថកិច្ចយើងបានឈានទៅឃាត់ខ្លួនជនសង្ស័យឈ្មោះ ស៊ុំ ដារិទ្ធ និងឈ្មោះ ផល្លី ផល្លា ដែលកំពុងដេកនៅក្នុងបន្ទប់ ភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រួមទាំងមធ្យោបាយ ម៉ូតូ ចំនួន ០១គ្រឿង ម៉ាកប៊ីត ពណ៌សលាយក្រហម សេរី០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1HM-3283 លេខតួ 9011586 លេខម៉ាស៊ីន 9011753 នាំយកមកសាកសួរបន្ត ចំណែកជនសង្ស័យឈ្មោះ រ៉ា បានគេចខ្លួនបាត់។
ដោយឡែកសម្ភារបន្សល់ទុកមាន៖ ម៉ូតូ ចំនួន០២គ្រឿង ម៉ាកហុងដា សេ១២៥ ពណ៌ខ្មៅ សេរី០១៣ ពាក់ផ្លាកលេខ ភ្នំពេញ 1BL-7948 លេខតួ+លេខម៉ាស៊ីន 8547685, ម៉ាកប៊ីត ពណ៌សលាយក្រហម សេរី០១៨ ពាក់ផ្លាកលេខ ភ្នំពេញ 1HM-3283 លេខតួ 1901586 លេខម៉ាស៊ីន 9011753។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមនឹងវត្ថុតាង ត្រូវបានកម្លាំងផ្នែកជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖សហការី