ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអង្គភាពប្រឆាំងអំពើពុករលួយ( ACU) ដែលបានឱ្យផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២នេះ បានចេញលិខិតកោះហៅជាលើកទី២ ចំពោះមនុស្សប្រុសស្រីចំនួន១១នាក់ ឱ្យចូលខ្លួនបំភ្លឺ នៅវេលាម៉ោង ៨:០០នាទីព្រឹកថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខនេះ នៅអង្គភាពប្រឆាំងអំពើពុករលួយ។ នេះបើយោងតាមលិខិតកោះហៅ ដែល ACUកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ថ្មីៗនេះ។
ជាក់ស្ដែងនៅក្នុងលិខិតរបស់អង្គភាពប្រឆាំងអំពើពុករលួយ( ACU) បានបញ្ជាក់ថាការចេញលិខិតកោះហៅជាសាធារណៈ លើកនេះ ដោយមូលហេតុសាមីខ្លួនទាំង ១១រូប បានព្យាយាមគេចវេសពីលំនៅឋាន និងមិនបានទទួលលិខិតកោះ ឱ្យចូលខ្លួនបំភ្លឺ នៅអង្គភាពប្រឆាំងអំពើពុករលួយ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ មានដូចខាងក្រោម ៖
១. ឈ្មោះ ម៉ែន សោភ័ណ ភេទស្រី
២. ឈ្មោះ ម៉ែន សូលីណា ភេទស្រី
៣. ឈ្មោះ សុខ មលិកា ភេទស្រី
៤. ឈ្មោះ ជា សានីន ភេទប្រុស
៥. ឈ្មោះ ឡេង ដោក ភេទប្រុស
៦. ឈ្មោះ ទន់ វិឡាម៉ូលីន ភេទស្រី
៧. ឈ្មោះ ព្រំ សេង ភេទប្រុស
៨. ឈ្មោះ សុខ ចិន្ដា ភេទប្រុស
៩. ឈ្មោះ មាស ពិសី ភេទស្រី
១០. ឈ្មោះ អ៊ូ មករា ភេទស្រី
១១. ឈ្មោះ អ៊ិន និមល់ ភេទប្រុស ។
ក្នុងចំណោមបុគ្គលទាំង ១១រូប ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការកោះហៅ (០៤នាក់) ឆ្លើយបំភ្លឺ អំពើក្លែងបន្លំឯកសារសាធារណៈ និងប្រើប្រាស់ឯកសារសាធារណៈក្លែង ។ កោះហៅ (០១នាក់) ឆ្លើយបំភ្លឺ អំពើសមគំនិតក្នុងការក្លែងបន្លំឯកសារសាធារណៈ ។ និងកោះហៅ (០៦នាក់) ឆ្លើយបំភ្លឺ អំពើប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស ។ ដែលជនសង្ស័យទាំងអស់ ប្រព្រឹត្តនៅសង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ ។
ដោយឡែកក្នុងករណីដែលសាមីខ្លួននៅតែគេចវេសមិនចូលខ្លួនឆ្លើយបំភ្លឺតាមកាលបរិច្ឆេទ ដែលបានកំណត់ក្នុងលិខិតកោះហៅនេះ ពោលគឺ នៅថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុននេះ ទេ អង្គភាពប្រឆាំងអំពើពុករលួយ នឹងចេញលិខិតបញ្ជាឱ្យចូលខ្លួនដែលអនុញ្ញាតឱ្យមន្រ្ដីនគរបាលយុត្តិធម៌ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំឱ្យចូលបង្ហាញខ្លួន៕
ដោយ៖សហការី