ខេត្តកណ្ដាល៖ អ្នកបើករថយន្តម៉ាកហ៊ីយ៉ាន់ដាយមួយគ្រឿងបើកមិនប្រយ័ត្នបានជ្រុលទៅបុករថយន្តមួយគ្រឿងទៀតម៉ាកស៊ីណា ធ្វើឱ្យរថយន្តម៉ាកស៊ីណាខ្ទាតទៅបុកឡំប្រឺតាបណ្ដាលឱ្យអ្នកបើកបររថយន្តស៊ីណាស្លាប់ រីឯមនុស្សប្រុសស្រី៣នាក់ទៀតរងរបួសធ្ងន់។ ករណីនេះ.បានកើតឡើងនៅវេលាម៉ោង១៦និង៣០នាទីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២២ ត្រង់ចន្លោះគីឡូម៉ែត្រលេខ៣២-៣៣ ស្ថិតក្នុងភូមិតាឡឹក ឃុំត្រពាំងវែង ស្រុកកណ្ដាលស្ទឹងខេត្តកណ្តាល។
មន្ត្រីនគរបាលចរាចរណ៍ស្រុកកណ្ដាលស្ទឹងបានឱ្យដឹងថា រថយន្តបង្ក
ម៉ាកហុីយ៉ាន់ដាយ ប្រភេទដឹកទំនិញ
ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3D-4017 បើកបរដោយឈ្មោះ សុខ ផល ភេទប្រុស អាយុ៥៤ឆ្នាំ(ឃាត់ខ្លួន) មានទីលំនៅភូមិត្រពាំងលើក ឃុំក្រាំងស្បូវ ស្រុកឈូក ខេត្តកំពត និងមានអ្នករួមដំណើរ២នាក់ ស្រី១នាក់(មិនទាន់ស្គាល់អត្តសញ្ញាណ)។ ចំណែកជនរងគ្រោះស្លាប់ឈ្មោះ ខន ប៉ែត ភេទប្រុស អាយុ៤២ឆ្នាំ មានទីលំនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បើកបររថយន្តម៉ាកសុីណា ប្រភេទទេសចរណ៍ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AJ-5658។ ដោយឡែកភាគីរងគ្រោះម្ខាងទៀតឈ្មោះ ហោ មាន ភេទប្រុស អាយុ៤៧ឆ្នាំ នៅភូមិត្រពាំងមាន ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បើកបរឡំប្រឺតា ពណ៌លឿង ពាក់ស្លាកលេខកំពង់ស្ពឺ1N-0094(របួសធ្ងន់)។
ប្រភពដដែលបន្តថា នៅមុនពេលកើតហេតុគេបានឃើញរថយន្តបង្កម៉ាកហ៊ីយ៉ាន់ដាយ បើកបរក្នុងទិសដៅពីត្បូងមកជើង(តាកែវ-ភ្នំពេញ) លុះមកដល់ចំណុចកើតហេតុខាងលើបានបុកពីក្រោយរថយន្តម៉ាកសុីណា ធ្វើឱ្យរថយន្តស៊ីណា ខ្ទាតទៅបុកឡំប្រឺតាដែលចតទន្ទឹមគ្នា បណ្ដាលឱ្យអ្នកបើកបររថយន្តម៉ាកស៊ីណាស្លាប់បាត់បង់ជីវិត ខណៈដែលបញ្ជូនទៅដល់មន្ទីរពេទ្យ។ ចំណែកជនរងគ្រោះជាអ្នករួមដំណើរក្នុងរថយន្តហ៊ីយ៉ាន់ដាយ២នាក់ និងជនរងគ្រោះជាអ្នកបើកឡំប្រឺតាម្នាក់ទៀតរងរបួសធ្ងន់។
ក្រោយពីមានហេតុការណ៍កើតឡើង ជនរងគ្រោះរបួសធ្ងន់ទាំង៣នាក់ត្រូវបានបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យក្នុងរាជធានីភ្នំពេញ រីឯសាកសពជនរងគ្រោះត្រូវបានសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។
តាមការសន្និដ្ឋានរបស់សមត្ថកិច្ចបានឱ្យដឹងថា ករណីនេះបណ្ដាលមកពីអ្នកបើកបររថយន្តម៉ាកហ៉ីយ៉ាន់ដាយ បើកបរក្នុងល្បឿនលឿន មិនមើលពីស្ថានភាពផ្លូវឱ្យបានច្បាស់លាស់ ខ្វះការប្រុងប្រយ័ត្ន ទើបបណ្ដាលឲ្យមានគ្រោះថ្នាក់ដល់អ្នកដទៃ៕
ដោយ៖ ស្អាងជ័យ