Red Picture ចាក់បញ្ចាំងរឿង «ទង់ព្រលឹង» ក្រោយស្នាដៃដំបូងរកចំណូលបាន៣០ម៉ឺនដុល្លារ

ចែករំលែក៖

ភ្នំពេញ៖ក្រោយពីស្នាដៃទី១រឿង «ភូមិអត់មនុស្ស» បានបំបែកកំណត់ត្រាជាខ្សែភាពយន្តខ្មែរដែលមានអ្នកចូលទស្សនាច្រើនជាងគេក្នុងឆ្នាំ២០១៥។ ផលិតកម្ម Red Picture បានប្រកាសបើកសម្ពោធដាក់បញ្ចាំងខ្សែភាពយន្តទី២រឿង «ទង់ព្រលឹង» ដែលជាខ្សែភាពយន្តបែបកំប្លែងនិងភ័យរន្ធត់ ។

ពិធីប្រកាសបើកការដាក់បញ្ចាំងជាផ្លូវការខ្សែភាពយន្តថ្មីនេះត្រូវបានធ្វើឡើងកាលពីរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ នៅផ្សារទំនើបស្ទឹងមានជ័យថ្មីក្រោមវត្តមានមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណារោងភាពយន្ត ផលិតករសិល្បករជាច្រើនរូបចូលរួមផងដែរ។

លោក ឌៀប សុវណ្ណរ៉ា អ្នកដឹកនាំរឿងនិងជាចាងហ្វាងផលិតកម្ម Red Picture បានបញ្ជាក់ថា ក្រោយពីទទួលបានជោគជ័យក្នុងការផលិតខ្សែភាពយន្តលើកដំបូងផលិតកម្មបានសម្រេចចេញថតខ្សែភាពយន្តថ្មីមួយទៀតកាលពីចុងឆ្នាំ២០១៥ ដែលដែលការចំណាយការផលិតប្រមាណពី៤ទៅ៥ម៉ឺនដុល្លារ។ លោកបញ្ជាក់ថា រឿង «ភូមិអត់មនុស្ស» ដែលជាស្នាដៃដំបូងរបស់ផលិតកម្មទទួលបានការគាំទ្រច្រើនដែលចំណូលសរុបប្រមាន ៣០ម៉ឺនដុល្លារគឺមិនទាន់គិតការចែកភាគរយរវាងផលិតកម្មនិងរោងភាពយន្តនោះទេ។

លោកបន្តថា រឿងថ្មីនេះមានការចូលរួមសម្តែងពីតារាល្បីឈ្មោះជាច្រើនដូចខ្សែភាពយន្តទី១ដែរនិងបញ្ចូលតារាសម្តែងថ្មីមួយចំនួនបន្ថែមទៀត ហើយការសម្រិតសម្រាំងការផលិតកាន់តែពិសេសទាំងសាច់រឿងនិងបច្ចេកទេសក្នុងការផលិត។ លោកថា រឿង «ទង់ព្រលឹង» ត្រូវបានផលិតទៅតាមតម្រូវការទីផ្សារភាពយន្តបច្ចុប្បន្នសម្រាប់យុវវ័យខណៈដែលការផលិតខ្សែភាពយន្តមនោសញ្ចេតនានៅមិនទាន់មានទីផ្សារអ្នកទស្សនាច្រើននៅឡើយ។ ទោះជាយ៉ាងណារឿងនេះនៅតែបង្កប់ដោយទស្សនៈអប់រំច្រើន ហើយលោកក៏នៅតែរំពឹងខ្ពស់ជាមួយនឹងការផលិតខ្សែភាពយន្តថ្មីនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជនមិនខុសពីរឿងទីមួយនោះទេ។

អ្វីដែលធ្វើឲ្យគេចាប់អារម្មណ៍ផងដែរនោះគឺខ្សែភាពយន្តនេះមានបញ្ចូលនូវបទចម្រៀងមនោសញ្ចេតនា ២បទដែលច្រៀងដោយតារាចម្រៀងល្បីឈ្មោះរបស់ផលិតកម្ម ថោន គឺកញ្ញា មាស សុខសោភា និង លោកគូម៉ា និងបទចម្រៀងញាក់កន្ត្រាក់អារម្មណ៍មួយបទទៀតរបស់តារាសម្តែងសំខាន់ៗក្នុងខ្សែភាពយន្តខាងលើ។

ប្រធាននាយកដ្ឋានភាពយន្តលោក ស៊ិន ចាន់សាយ៉ា បានកោតសរសើរចំពោះផលិតកម្ម Red Picture ដែលធ្លាប់បានបំបែកកំណត់ត្រាចំនួនអ្នកទស្សនាកាលពីឆ្នាំមុន និងបន្តផលិតខ្សែភាពយន្តដែលមានគុណភាពសម្រាប់ទស្សនិកជន។ អ្វីដែលលោកសរសើរផងដែរនោះគឺការសហការផលិតរបស់ក្រុមការងារផលិតកម្ម ពិសេសការសហការរួបរួមគ្នារវាងផលិតកម្មនេះជាមួយនឹងតារាចម្រៀងផលិតកម្ម ថោន ដោយបានបញ្ចូលនូវបទចម្រៀងទំនុកច្រៀងថ្មីដាក់បញ្ចូលក្នុងខ្សែភាពយន្តដែលបានបង្ហាញពីភាពសម្បូរបែបនឹងការសាមគ្គីគ្នារវាងផលិតកម្មនិងផលិតកម្ម ។ លោករំពឹងដែរថា ខ្សែភាពយន្តនេះនឹងក្លាយជាទស្សនីយភាពល្អមួយថ្មីទៀតសម្រាប់អ្នកទស្សនា ហើយលោកក៏សំណួមពរឲ្យបណ្តាផលិតករ សិល្បករ ព្យាយាមបំពេញតួនាទីរបស់ខ្លួនក្នុងការចូលរួមផលិតខ្សែភាពយន្តប្រកបដោយគុណភាពប្រកួតប្រជែងក្នុងស្រុក និងក្នុងតំបន់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

គួរបញ្ជាក់ដែរថា ខ្សែភាពយន្តរឿង «ទង់ព្រលឹង» មានការចូលរួមសម្តែងពីតារាក្មេងចាស់ប្រុសស្រីជាច្រើនដូចជាអ្នកនាង សុខ សោម៉ាវត្តី, លោក ជា សុវណ្ណនរាហ៍, លោក ទេព រិន្ទដារ៉ូ, លោក ប៊ីអាយជី, នាយពាក់មី, នាយគ្រឿន, នាយក្រូច, នាយចឺម, នាងប៉ោងប៉ោង, នាយក្តិប, កញ្ញា No More, កញ្ញា សុវណ្ណរ៉ាផា ជាដើម។

ជាមួយនឹងការប្រកាសចាក់បញ្ចាំងខ្សែភាពយន្តថ្មីនេះផលិតកម្មនេះក៏គ្រោងនឹងចេញថតខ្សែភាពយន្តខ្នាតធំបែបកំប្លែងថ្មីមួយនៅប៉ុន្មាថ្ងៃខាងមុខនេះផងដែរ៕

IMG_0227

IMG_0123

IMG_0155

IMG_0162

IMG_0168

IMG_0218

IMG_0187

ដោយ៖ វឌ្ឍនា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print