ភ្ញាក់ផ្អើលនាយប៉ុស្តិ៍ឃ្មួញមកកាន់តំណែងថ្មីគឺធ្លាក់ពីលើមេឃ

ចែករំលែក៖

ភ្នំពេញ÷ ថ្មីៗនេះមានការភ្ញាក់ផ្អើលជាខ្លាំងនៅក្នុងចំណោមមន្ត្រីនគរបាលដែលបម្រើការងារនៅប៉ុស្តិ៍ឃ្មួញ ពីព្រោះថានឹងមាននាយប៉ុស្តិ៍ថ្មីមកដឹកនាំព្រោះតែនាយប៉ុស្តិ៍ចាស់ចូលនិវត្តន៍។ មានការភ្ញាក់ផ្អើលជ្រួលច្របល់ក៏ព្រោះតែនាយប៉ុស្តិ៍ថ្មីនោះជាមនុស្សដែលធ្លាក់ពីលើមេឃ ព្រោះក្រុមមន្ត្រីនគរបាលចាស់ៗនៅទីនោះមិនធ្លាប់ស្គាល់ឡើយ។ នគរបាលនៅទីនោះជជែកគ្នាមិនដាច់សូរ ព្រោះតែការតែងតាំងនាយនគរបាលប៉ុស្តិ៍ឃ្មួញនោះហាក់ដូចជាមិនបានសួរនាំមន្ត្រីនៅក្នុងប៉ុស្តិ៍នោះឡើយ។

បើតាមការជជែកតគ្នានៅក្នុងចំណោមមន្ត្រីនគរបាលនៅឯអធិការដ្ឋាននគរបាលខណ្ឌសែនសុខបានបង្ហើបថា មន្ត្រីនគរបាលដែលត្រូវតែងតាំងជានាយប៉ុស្តិ៍ឃ្មួញនោះគឺមកពីអធិការដ្ឋានខណ្ឌទួលគោក។ គេមិនដឹងថាអារឿងតែងតាំងមន្ត្រីមកពីអធិការដ្ខាននគរបាលខណ្ឌទួលគោកឱ្យធ្វើជានាយប៉ុស្តិ៍នគរបាលឃ្មួញនោះជារឿងត្រឹមត្រូវដែរឬយ៉ាងណានោះទេ។ ប៉ុន្តែពិធីប្រកាសចូល កាន់តំណែងផ្លូវការនឹងត្រូវធ្វើឡើងនៅក្នុងថ្ងៃស្អែកឬខានស្អែកនេះហើយ។

ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃធ្លាប់បានលើកឡើងថា ប្រសិនបើមានអ្នកចូលនិវត្តន៍គួរតែផ្ដល់ឱកាសឱ្យមន្ត្រីនៅនឹងកន្លែងឡើងបំពេញភារកិច្ចការងារបន្ត។ ប៉ុន្តែគេមិនដឹងថា តើមន្ត្រីនគរបាលនៅប៉ុស្តិ៍ឃ្មួញនោះគ្មានសមត្ថភាពឡើងធ្វើជាមេប៉ុស្តិ៍ឬយ៉ាងណានោះទេបានជាត្រូវយកមនុស្សពីកន្លែងផ្សេងឱ្យឡើងធ្វើជាមេប៉ុស្តិ៍យ៉ាងដូច្នេះ។ ប្រការនេះវាហាក់ដូចជាផ្ទុយទៅនឹងគោលការណ៍របស់ក្រសួងមហាផ្ទៃទៅហើយដែរ។យ៉ាងណាក៏ដោយវាមិនអាចបកក្រោយបានទេពីព្រោះថាពិធីប្រកាសមេប៉ុស្តិ៍ថ្មីនឹងធ្វើឡើងក្នុងពេលឆាប់ៗនេះហើយ។

ការយកមន្ត្រីពីកន្លែងផ្សេងមកដាក់ឱ្យត្រួតត្រាលើមន្ត្រីនៅទីកន្លែងមួយទៀតមិនមែនជារឿងងាយស្រួលនោះទេ។
បើទោះបីជាមានការលំបាកយ៉ាងណាក៏ដោយក៏ថ្នាក់ដឹកនាំនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានសម្រេចរួចហើយចំពោះករណីមន្ត្រីនគរបាលនៅប៉ុស្តិ៍រដ្ឋបាលឃ្មួញនេះ។ អ្វីដែលជាបញ្ហានោះគឺពួកមន្ត្រីនគរបាលតូចតាចនៅប៉ុស្តិ៍ឃ្មួញមានតែទ្រាំខាំមាត់សង្កត់ចិត្តតទៅទៀតប៉ុណ្ណោះ។ ការធ្វើការងារទាំងខាំមាត់សង្កត់ចិត្តគឺមិនសូវទទួលបានលទ្ធផលជាវិជ្ជមានផ្លែផ្កាធំដុំប៉ុន្មានទេ៕

...

ដោយ៖ ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print