រដ្ឋបាលខណ្ឌចំការមន បើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដើម្បីពង្រឹងការងារសន្តិសុខ សណ្ដាប់ធ្នាប់ ការងារជម្រុញការចាក់វ៉ាក់សាំង ដូសជម្រុញ និងការងារតាមដានត្រួតពិនិត្យគ្រប់គ្រងអ្នកជំងឺកូវីដ-១៩ (អូមីក្រុង) ក្នុងមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលខណ្ឌចំការមន បានរៀបចំកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌចំការមន ក្រោមអធិបតីភាពលោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌចំកាមន និងជាប្រធានគណៈបញ្ជាការឯកភាពខណ្ឌចំការមន ដោយមានការចូលរួមពីលោក-លោកស្រីអភិបាលរងខណ្ឌ, លោកនាយក-នាយករងរដ្ឋបាលខណ្ឌ, លោកមេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ, លោកអធិការនគរបាលខណ្ឌ, លោកប្រធានក្រុមយោធាភូមិភាគពិសេសប្រចាំខណ្ឌ,  លោក-លោកស្រីប្រធានការិយាល័យ-អង្គភាពចំណុះរដ្ឋបាលខណ្ឌទាំង១១, លោកចៅសង្កាត់ទាំង០៥,  លោក-លោកស្រីនាយករងប៉ុស្ដិ៍នគរបាលរដ្ឋបាលទាំង០៥ ,  តំណាងក្រុមហ៊ុន  ស៊ិន  ទ្រី,  លោកប្រធានមណ្ឌលសុខភាពផ្សារដើមថ្កូវ  និងមន្ត្រីពាក់ព័ន្ធ នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ។

នៅកិច្ចប្រជុំខាងលើនេះ លោក ថេង សុថុល មានប្រសាសន៍លើកឡើងពីការងារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ដោយបានកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋានទាំងអស់ ចំពោះកិច្ចខិតខំប្រឹងប្រែងកន្លងមក ។ លោកអភិបាលខណ្ឌ ក៏បានលើកឡើងពីសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញដែរថា ដើម្បីរក្សាបាននូវសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ក្នុងឱកាសបុណ្យចូលឆ្នាំចិន និងវៀតណាម ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២២ ដល់ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២ ខាងមុខ សូមធ្វើការណែនាំដូចតទៅ៖ ហាមដាច់ខាតមិនឱ្យមានការដុតផាវ កាំជ្រួច ឬបង្កសម្លេងផ្ទុះគ្រប់ប្រភេទ, មិនឱ្យមានការលេងល្បែងស៊ីសងគ្រប់ប្រភេទ ការហែក្បួនផ្សេងៗទាំងបែបសាសនា ឬប្រពៃណីដែលគ្មានការអនុញ្ញាត។ នៅគ្រប់ទីកន្លែងកម្សាន្តសប្បាយនានាត្រូវអនុវត្តនូវវិធានសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩ ជាពិសស់មេរោគបំប្លែងថ្មីអូមីក្រុង និងត្រូវរក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ សេចក្តីថ្លៃថ្នូ និងត្រូវប្រុងប្រយ័ត្នក្នុងការអុជទៀនធូប ក្រដាស សែន ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដែលអាចបង្កឱ្យមានគ្រោះអគ្គិភ័យកើតឡើងជាយថាហេតុ។ ត្រូវផ្សព្វផ្សាយណែនាំដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ឱ្យអនុវត្តតាមការណែនាំនេះឱ្យមានប្រសិទ្ធិភាព។ 

ជាមួយគ្នានេះដែរ លោក ថេង សុថុល ក៏បានណែរនាំ និងជំរុញឱ្យអាជ្ញាមូលដ្ឋានខណ្ឌ-សង្កាត់ បន្តសហការជាមួយសម្ថកិច្ចពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណារក្សាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ ជូនបងប្អូនប្រជាពលរដ្ឋ ដូចជាបញ្ហាក្មេងទំនើង បញ្ហាគ្រឿងញៀនជាដើម ។

ក្នុងកិច្ចប្រជុំនេះ លោក ថេង សុថុល ក៏បានលើកឡើងពីការងារជម្រុញការចាក់វ៉ាក់សាំង ដូសជម្រុញ ទាំងដូសទី៣ និងដូសទី៤ ជូនប្រជាពលរដ្ឋ ក៏ដូចជាការងារតាមដានត្រួតពិនិត្យគ្រប់គ្រងអ្នកជំងឺកូវីដ-១៩ ជាពិសេស ប្រភេទបំប្លែងថ្មី អូមីក្រុង ក្នុងមូលដ្ឋាន ។ លោកអភិបាលខណ្ឌបានថ្លែងថា ការចាក់វ៉ាកសាំងនេះ ឃើញថា នៅតែមានប្រជាពលរដ្ឋ មិនទាន់បានទៅទទួលច្រើន ដូច្នេះត្រូវជំរុញឱ្យពួកគាត់ទៅទទួលវ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា និងបន្តផ្សព្វផ្សាយពីវិធានការ ៣កុំ និង៣ការពារ ដើម្បីបញ្ជៀសបាននូវការឆ្លងរីករាលដាលពីជំងឺកូវីដ-១៩ ជាពិសេសប្រភេទបំប្លែងថ្មី តែម្ដង ៕

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print