ខេត្តព្រះសីហនុ៖ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ និងជាប្រធានគណៈកម្មាធិការមូលដ្ឋាន សមាគមមិត្តនគរបាលជាតិកម្ពុជា នៅព្រឹកថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានអញ្ជើញជួបសំណះសំណាល និងបើកថវិកាឧបត្ថម្ភគោលនយោបាយជូនមន្រ្តីនគរបាលចូលនិវត្តន៍ចំនួន២៤នាក់ និងគ្រួសារមន្រ្តីនគរបាលមរណភាពចំនួន៤នាក់ នៅស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។
នៅក្នុងឱកាសនោះផងដែរ លោកឧត្តមសេនីយ៍ទោស្នងការ បាននាំយកនៅប្រសាសន៍ផ្តាំផ្ញើរសួរសុខទុក្ខពីសំណាក់សម្តេចក្រឡាហោម ស ខេង ឧបនាយរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ,លោកនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សារឿន អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការថ្នាក់កណ្តាល សមាគមមិត្តនគរបាលជាតិកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ពីសុខទុក្ខ និងជីវភាពរស់នៅរបស់កងកម្លាំងនគរបាលជាតិ ដែលបានខិតខំបំពេញភារកិច្ចនាពេលកន្លងមក ។
ជាចុងក្រោយ លោកឧត្តមសេនីយ៍ទោស្នងការ បានផ្តាំផ្ញើរដល់បងៗទាំងអស់ សូមថែទាំសុខភាពឲ្យបានល្អ និងបន្តអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងវិធានការ ៣កុំ ៣ការពារ ដើម្បីរួមគ្នាទប់ស្កាត់ជម្ងឺកូវីដ-១៩ ជាពិសេសវីរុសបំម្លែងខ្លួនថ្មី អូរមីក្រុង ចូលក្នុងសមាគមន៍របស់យើង ៕ដោយ៖ស តារា