ភ្នំពេញ៖ បុរសម្នាក់បានបើករថយន្តក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលចង្កូតទៅបុកពីក្រោយរថយន្តកូរ៉េដឹកទំនិញធុនធំបណ្ដាលឱ្យរថយន្តខូចខាតខ្ទេចស្ទើរទាំងស្រុង ចំណែកអ្នកបើកបររងរបួសធ្ងន់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះបន្ទាន់ភ្លាមៗ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២ និង២០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេបានឃើញបុរសម្នាក់បើករថយន្តកូរ៉េដឹកទំនិញធុនធំ ពណ៌សមួយគ្រឿងពាក់ស្លាកលេខកំពង់ចាម3A-6600 បើកបរតាមបណ្ដោយផ្លូវជាតិលេខលេខ៤ ក្នុងទិសដៅពីកើតទៅលិច ខណៈបើកមកដល់ចំណុចកើតហេតុទល់មុខបុរីសែនមនោរម្យ ស្រាប់តែមានបុរសម្នាក់បានបើករថយន្តម៉ាកតូយ៉ូតាព្រូស ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2BG-3010 បើកតាមបណ្តោយផ្លូវជាតិលេខ៤ ក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនយ៉ាងលឿនបានជ្រុលទៅបុករថយន្តកូរ៉េដឹកទំទិញចំពីក្រោយពេញទំហឹងបណ្តាលឱ្យរថយន្តខូចខ្ទេចស្ទើរទាំងស្រុង និងអ្នកបើករថយន្តរងរបួសធ្ងន់ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្រ្គោះបន្ទាន់ ចំណែកអ្នកបើករថយន្តដឹកទំនិញបានរត់គេចខ្លួនបាត់ស្រមោល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់រួចក៏ទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចរាចរណ៍ឱ្យចុះមកវាស់វែងស្ទូចយករថយន្តទាំង២គ្រឿងទៅរក្សាទុកនៅខាងការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ