ការប្រកួតវាយកូនបាល់ជើងឯកថ្នាក់ជាតិ ជាការត្រៀមលក្ខណៈឆ្ពោះទៅស្វែងរកមេដាយ៣គ្រឿង ក្នុងឋានៈម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣

ចែករំលែក៖

ភ្នំពេញ៖ លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាគូសបញ្ជាក់ថា បើទោះបីជាស្ថិតនៅក្នុងបរិបទកូវីដ-១៩ក្តី ក៏ការហ្វឹកហាត់របស់កីឡាករ កីឡាការិនីវាយកូនបាល់កម្ពុជានៅតែបន្តការហ្វឹកហាត់នៅតាមតំបន់នីមួយៗ ដើម្បីចូលរួមប្រជែងសមត្ថភាព នៅក្នុងការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១ ដែលជាជំហានថ្មីមួយទៀត ក្នុងដំណើរឆ្ពោះទៅស្វែងរកមេដាយឲ្យបាន៣គ្រឿង ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។ នេះបើយោងតាម ផេក (Cambodia 2023) CAMSOC ជាមួយពាក្យស្លោក #យើងនាំគ្នាឆ្ពោះទៅស៊ីហ្គេម_អាស៊ានប៉ារ៉ាហ្គេម_ឆ្នាំ២០២៣
#កីឡារស់ក្នុងសន្ដិភាព_SPORT:LIVE_IN_PEACE នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២ ។

លោកអគ្គលេខាធិការសង្កត់ធ្ងន់ថា ចំពោះកម្រិតបច្ចេកទេសរបស់កីឡាករ កីឡាការិនីវាយកូនបាល់កម្ពុជា គឺទទួលយកបាន ខណៈមន្ត្រីរៀបចំការប្រកួត អាជ្ញាកណ្តាលជាដើមក៏ត្រូវបានពង្រឹងសមត្ថភាពក្នុងពេលជាមួយគ្នាដែរ។ «យើងកំពុងបន្តកិច្ចខិតខំបន្ថែមទៀត ចំពោះការអភិវឌ្ឍសមត្ថភាព កីឡាករ កីឡាការិនី ហើយខ្ញុំមានក្តីសង្ឃឹមខ្ពស់ថា ប្រភេទកីឡាវាយកូនបាល់កម្ពុជានឹងបង្កើតឱកាសថ្មីមួយ ក្នុងប្រកួតប្រជែងមេដាយជូនជាតិ ពីក្នុងការប្រកួតកម្រិតអន្តរជាតិតំបន់ នាស៊ីហ្គេម ឆ្នាំ២០២៣»។

លោក ទេព រិទ្ធិវិទ្ធ លើកឡើងទៀតថា ឆាប់ៗខាងមុខនេះសហព័ន្ធនឹងទទួលបានកីឡាករ កីឡាការិនីខ្មែរ-អាមេរិក២នាក់បន្ថែមទៀតមកចូលរួមជាមួយសហព័ន្ធវាយកូនបាល់កម្ពុជា ជាពិសេសគឺសមាសភាពកីឡាករចាស់ៗ ដែលមានបទពិសោធនអន្តរជាតិច្រើន ដូចជាកីឡាករ ប៊ុន កេន្នី ជាដើមនោះនឹងត្រៀមគ្រប់លក្ខណៈសម្បត្តិ ដើម្បីត្រៀមគោលដៅដ៏ចម្បងនៃការទទួលធ្វើម្ចាស់ផ្ទះ កីឡា ស៊ីហ្គេម ឆ្នាំ២០២៣។ «ជាមួយនឹងការប្រឹងប្រែងរួមគ្នានេះ យ៉ាងហោចណាស់ក៏យើងត្រូវយកមេដាយឲ្យបាន ៣គ្រឿង ដោយក្នុងគោលដៅមេដាយ៣គ្រឿងនេះ គឺឆ្ពោះទៅរកមេដាយមាស១គ្រឿងហើយ។ អត្តពលិកខ្មែររស់នៅអាមេរិក២នាក់ ដែលជាគោលដៅដណ្តើមេដាយមាស ក្នុងស៊ីហ្គេម ២០២៣នោះ គឺពួកគាត់មាន Rangking អន្តរជាតិខ្ពស់»។

ជាមួយគ្នានេះ លោកអគ្គលេខាធិការ បានចាត់ទុកថា ការជួយជ្រោមជ្រែងទាំងសម្ភារ ស្មារតី ក៏ដូចជាថវិការគាំទ្ររបស់ក្រសួងអប់រំ យុវជន និងកីឡា គឺជារឿងសំខាន់បំផុត ជាពិសេសនៅក្នុងបរិបទជំងឺកូវីដ-១៩នេះ បើមិនមានការគាំទ្រពីក្រសួងអប់រំនោះទេ សហព័ន្ធកីឡាវាយកូនបាល់កម្ពុជាក៏មិនមានឱកាសបានបន្តសកម្មភាពអភិវឌ្ឍបែបនេះឡើយ៕

...


ដោយ: សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print