ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋានកិច្ចការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឱ្យដឹងនៅព្រឹកថ្ងៃពុធទី២៦ ខែមករា ឆ្នាំ២០២២នេះថា៖ មន្ត្រីក.ប.ប.ប្រចាំខេត្តកំពង់ចាម ខេត្តពោធិ៍សាត់ ខេត្តបន្ទាយមានជ័យ ខេត្តស្វាយរៀង និង ខេត្តសៀមរាប បានធ្វើការចុះអង្កេតទីផ្សារនានា កាលពីថ្ងៃទី២៥ ខែមករាម្សិលមិញនេះ ដើម្បីធានាបាននូវគុណភាពទំនិញដែលចរាចរលើទីផ្សារ និងដើម្បីឆ្លើយតបនឹងកំណើនតម្រូវការទំនិញម្ហូបអាហារក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីចិនខាងមុខនេះ។
ក្នុងប្រតិបត្តិការខាងលេីនេះដែរ មន្ត្រីជំនាញបានរកឃើញទំនិញខូចគុណភាពចំនួន ២២៨.២៩ គីឡូក្រាម។ ដោយទំនិញទាំងនេះ ត្រូវបានមន្ត្រីក.ប.ប. ដកហូតយកមករក្សាទុកដើម្បីកម្ទេចចោល ខណៈម្ចាស់ទំនិញត្រូវបានធ្វើការពិន័យអន្តរការណ៍ និងណែនាំឱ្យបញ្ឈប់ការចែកចាយទំនិញខូចគុណភាពផងដែរ។
ប្រភពដដែលបន្តថា នៅថ្ងៃដដែលនោះ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តកែប បានបន្តប្រតិបត្តិការចុះត្រួតពិនិត្យម្ហូបអាហារគ្រប់ប្រភេទ ជាពិសេសនោះគឺគ្រឿងសមុទ្រដែលប្រជាពលរដ្ឋចូលចិត្តជាវសម្រាប់បរិភោគស្ថិតក្នុងផ្សារក្ដាម នៃខេត្តកែប។ គោលបំណងគឺដើម្បីធានាសុខុមាលភាព ជូនប្រជាពលរដ្ឋក្នុងខេត្តកែបទទួលបាននូវទំនិញមានអនុលោមភាពសម្រាប់ទទួលទាន មិនប៉ះពាល់ដល់សុខភាព ទប់ស្កាត់អំពើមិនសុចរិតផ្សេងៗ។
ក្រោយប្រតិបត្តិការចប់ យោងតាមលទ្ធផលមន្រ្តីជំនាញបានបញ្ជាក់ថា មិនមានគំរូសំណាកណាមួយមានសារធាតុគីមីហាមឃាត់ និងមិនមានអនុលោមភាពនោះទេ ឬប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនោះឡើយ៕
ដោយ៖ស តារា