ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលក្រុងបាវិតបានឃាត់ខ្លួនជនសង្ស័យជនជាតិវៀតណាម២នាក់ពាក់ព័ន្ធករណីហិង្សាបណ្ដាលអោយបុរសជាអ្នករត់រថយន្តឈ្នួលរងរបួស។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង១០នាទីល្ងាច
ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២២
ចំណុចភូមិសាមគី្គ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាបុរសសង្ស័យមានឈ្មោះ
ឈ្មោះលូ ស៊ានធាត អាយុ៣១ឆ្នាំ មានទីលំនៅតឹននិញ ឃុំទឺម៉ាយ ស្រុកអ៊ៀងយ៉ុង ខេត្តបាក់យ៉ាង និងឈ្មោះង្វៀង កុងឌិន អាយុ២៦ឆ្នាំ មានទីលំនៅលីវញ៉ាម ឃុំតឹងលីវ ស្រុកអ៊ៀងយ៉ុង ខេត្តបាក់យ៉ាងប្រទេសវៀតណាម។
ចំណែកជនរងគ្រោះមានឈ្មោះ
ឈ្មោះលឹម រដ្ឋា អាយុ៣៦ឆ្នាំជនជាតិខ្មែរ មុខរបររត់រថយន្តឈ្នួល មានទីលំនៅភូមិចុងព្រែក សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ខេត្តស្វាយរៀង ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យ ជនជាតិវៀតណាមបានឆ្លើយសារភាពថាកាលពីថ្ងៃទី២៦ខែមករាឆ្នាំ២០២២ វេលាម៉ោង៣:៣០នាទីរសៀល មានបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ចេះនិយាយបីភាសា ខ្មែរ ចិន វៀតណាម បាននាំពួកខ្លួនទៅធ្វើការនៅក្នុងក្រុមហ៊ុនប៉ារីសបូព៌ា ហើយបានអោយរថយន្តមួយគ្រឿងដែលមានអ្នកបើករថយន្តជាជនជាតិខ្មែររងគ្រោះមកដឹកពួកខ្លួនទៅក្រុមហ៊ុន តែមិនបានដឹកចូលក្រុមហ៊ុនទេ បែរជាដឹកពួកខ្លួន រហូតដល់ចំណុចភូមិសាមគី្គ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយពួកខ្លួនភ័យមិនដឹងថាគេដឹកយកទៅណា ក៏ធ្វើលេសចុះជុះនោម ហើយពួកខ្លួនក៏បានប្រតាយប្រតប់ជាមួយអ្នកបើករថយន្តរួចរត់គេចខ្លួន តែត្រូវសមត្ថកិច្ចឃាត់ខ្លួនបានតែម្ដង។
បច្ចុប្បន្ន ជនជាតិវៀតណាមទាំង០២នាក់ ខាងលើ សមត្ថកិច្ចត្រូវបានឃាត់ខ្លួន បណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីដោះស្រាយតាមច្បាប់ ។
ចំណែកអ្នកបើករថយន្តរងគ្រោះ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ៕
ដោយ៖ យឹម សុថាន