ខេត្តរតនគិរី៖ លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានថ្លែងនៅលេីបណ្ដាញសង្គមហ្វេសប៊ុកផ្ទាល់ខ្លួន នៅព្រឹកថ្ងៃសៅរ៍ទី២៩ ខែមករា ឆ្នាំ២០២២នេះ យ៉ាងដូច្នេះថា៖ លោកសូមអរគុណដល់សមាគមដំរីអេរាវត្តា Airavata Elephant Foundation ដែលបានយកចិត្តទុកដាក់ខ្ពស់ថែរក្សាកូនដំរីណូអែល។ កូនដំរីណូអែលមានសុខភាពល្អ។
លោករដ្ឋលេខាធិការរូបនេះ បានបន្ថែមថា ក្រសួងបរិស្ថាន បានគាំទ្រការអភិរក្សដំរីនៅកម្ពុជាដោយបានប្រគល់ថវិកាមូលនិធិបរិស្ថាន និងសង្គមជូនទៅ«សមាគមអភិរក្សដំរីអៃរាវត្តា»។
ជាក់ស្ដែង ក្រសួងបរិស្ថាន បានគាំទ្រ ចំពោះស្មារតីរបស់សមាគមអៃរាវត្តា ក្នុងការចូលរួមការពារ និងអភិរក្សសត្វដំរី ដែលជាសត្វកម្រ និងជិតផុតពូជ។
ជាមួយគ្នានោះ ក្រសួងបរិស្ថាន នៅព្រឹកថ្ងៃនេះដែរក៏បានបង្ហាញពីសំពោចកលឿង (ឈ្មោះអង់គ្លេស៖ Yellow-throated Marten ឈ្មោះវិទ្យាសាស្រ្ត៖ Martes flavigula) កំពុងរស់នៅក្នុងតំបន់ការពារធម្មជាតិកម្ពុជា។ សំពោចកលឿងមានរូបរាងប្រហាក់ប្រហែលនឹងសំពោចដែរ ប៉ុន្តែស្តើងទ្រវែងបន្តិច។
នៅក្នុងប្រទេសកម្ពុជា វាមានពណ៌ប្រែប្រួលទៅតាមតំបន់ផ្សេងៗដែលវារស់នៅ ដូចជានៅភូមិភាគនិរតី ពួកវាមានដងខ្លួនស្ទើរទាំងមូលណព៌លឿង រីឯនៅភូមិភាគខាងកើត ពួកវាមានពណ៌លឿងតែនៅត្រង់ក និងពោះប៉ុណ្ណោះ ហើយដងខ្លួនមានពណ៌ត្នោត។ ជាទូទៅ វាមានពណ៌លឿងជានិច្ច ទោះបីវារស់នៅទីកន្លែងផ្សេងៗគ្នាក៍ដោយ។
សត្វប្រភេទនេះអាចរស់នៅក្នុងទីជម្រកគ្រប់ប្រភេទ ប៉ុន្តែវាចូលចិត្តរស់នៅក្នុងតំបន់ព្រៃស្រោងជាងគេ ហើយវាអាចឡើងដើមឈើបានយ៉ាងលឿន។ ចំណីអាហាររបស់វាមានដូចជា កំប្រុក ស៊ុត ពស់ បង្គួយ កង្កែប សត្វល្អិត ផ្លែឈើ ឬទឹកឃ្មុំផងដែរ។ សំពោចកលឿង ស្ថិតនៅក្នុងក្រុមប្រភេទមានដោយបង្គួរ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN (LC) ជាប្រភេទងាយរងគ្រោះថ្នាក់តិចតួច៕