សាស្ត្រាចារ្យស្តីពីទំនាក់ទំនងអន្តរជាតិ លោក Jin Canrong បានព្រមានថា ប្រធានាធិបតីចិន ស៊ីជីនពីងនឹងប្រើប្រាស់កម្លាំងដើម្បីបង្រួបបង្រួមកោះតៃវ៉ាន់ជាមួយចិនដីគោកនៅក្នុងឆ្នាំ២០២៧ ។
សារព័ត៌មាន Nikkei Asia នៅថ្ងៃទី៣១ខែមករាឆ្នាំ២០២២បានដកស្រង់សម្តីលោក Jin Canrong ជាសាស្ត្រាចារ្យស្រាវជ្រាវអន្តរជាតិមកពីមហាវិទ្យាល័យ Renmin និងជាទីប្រឹក្សាឱ្យរដ្ឋាភិបាលទីក្រុងប៉េកាំងស្តីពីគោលនយោបាយការបរទេសដែលបានលើកឡើងថា ក្នុងពេលមហាសន្និបាតបក្សកុម្មុយនីស្តចិន បញ្ចប់នៅរដូវស្លឹកឈើជ្រុះឆ្នាំ២០២២ យុទ្ធសាស្ត្របង្រួបបង្រួមកោះតៃវ៉ាន់នឹងត្រូវចាប់ផ្តើមអនុវត្ត។
លោក Jin Canrong បានបញ្ជាក់ថា «មេដឹកនាំទីក្រុងប៉េកាំង អាចនឹងប្រើប្រាស់កម្លាំងប្រដាប់អាវុធក្នុងការបង្រួមបង្រួមកោះតៃវ៉ាន់នៅក្នុងឆ្នាំ២០២៧ ក្នុងឱកាសនៃខួប១០០ឆ្នាំថ្ងៃបង្កើតកម្លាំងទាហានរំដោះប្រជាជនចិន PLA »។
ការប្រឈមមុខតានតឹងជុំវិញបញ្ហាកោះតៃវ៉ាន់មិនទាន់ចុះកម្តៅនៅឡើយទេ ។ ចិនដីគោកតែងតែចាត់ទុកកោះតៃវ៉ាន់ជាចំណែកមួយនៃចិនដីគោកមិនអាចកាត់ផ្តាច់បានឡើយ ហើយចិនបានស្នើដល់អាមេរិកមិនត្រូវជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងនិងបញ្ឈប់រាល់ទំនាក់ទំនងជាមួយកោះតៃវ៉ាន់៕ ដោយសាធី
រូបថត៖Reuters.