រដ្ឋាភិបាលទីក្រុងតេអេរ៉ង់ បានបញ្ជាក់កាលពីថ្ងៃទី៣១ខែមករាថា ការលុបទណ្ឌកម្មទាំងឡាយគឺជាកត្តាដ៏សំខាន់សម្រាប់កិច្ចពិភាក្សា ឈានដល់កិច្ចព្រមព្រៀងស្តីពីកម្មវិធីបរមាណូ ក៏ដូចជាដំណើរការឡើងវិញនូវកិច្ចព្រមព្រៀងកាលពីឆ្នាំ២០១៥ ។
មានប្រសាសន៍នៅក្នុងសន្និសីទកាសែតក្នុងទីក្រុងតេអេរ៉ង់ អ្នកនាំពាក្យក្រសួងការបរទេសអុីរ៉ង់លោក Saeed Khatibzadeh បញ្ជាក់ថា«បញ្ហាសំខាន់ និងជាបញ្ហាចម្បងបំផុតស្ថិតនៅទីនោះនៅឡើយ គឺការលុបទណ្ឌកម្ម ។ ទាំងនោះហើយទើបកិច្ចព្រមព្រៀងមិនទាន់សម្រេចបាននៅឡើយទេ»។
ក្រៅពីនេះលោក Saeed Khatibzadeh ក៏បានលើកឡើង ពីការធានាថា អាមេរិកនឹងមិនដកខ្លួនចេញពីកិច្ចព្រមព្រៀងដូចកាលពីឆ្នាំ២០១៥ទៀតឡើយ។ កាលពីឆ្នាំ២០១៨ លោកដូណាល់ត្រាំ ដែលនៅកាន់តំណែងជាប្រធានាធិបតីអាមេរិកបានដកកិច្ចព្រមព្រៀងបរមាណូជាឯកតោភាគី ហើយបន្តដាក់ទណ្ឌកម្មទៅលើប្រទេសអុីរ៉ង់ជាថ្មី។
កាលពីថ្ងៃទី២៤ខែមករាកន្លងមក អុីរ៉ង់បានលើកឡើងថា នឹងពិភាក្សាដោយផ្ទាល់ជាមួយអាមេរិក ។ ក្នុងពេលនោះដែរទីក្រុងវ៉ាស៊ីនតោន ក៏បានយល់ព្រមសម្រាប់កិច្ចពិភាក្សានោះដែរ ៕ ដោយសាធី