ទោះបីអឺរ៉ុបមានករណីឆ្លងកូវីដ-១៩ នៅតែខ្ពស់ក៏ដោយ ក៏ប្រទេសក្នុងតំបន់មួយចំនួនបានលុបចោលរាល់វិធានការរឹតត្បិត

ចែករំលែក៖

ក្នុងមួយសប្តាហ៍កន្លងមក តំបន់អឺរ៉ុបមានករណីឆ្លងកូវីដ-១៩ ច្រើនជាងគេ គឺជាង១០លាននាក់។ ប៉ុន្តែមានប្រទេសក្នុងតំបន់អឹរ៉ុបបានសម្រេចលុបចោលរាល់ការរឹតត្បិតទប់ស្កាត់ការឆ្លងកូវីដ-១៩ ជាក់ស្តែងគឺប្រទេសដាណឺម៉ាក។

ទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថា ដាណឺម៉ាកនៅថ្ងៃអង្គារ ទី០១ ខែកុម្ភៈ ឆ្នាំ២០២២នេះ បានក្លាយជាប្រទេសមុនគេនៅសហភាពអឺរ៉ុប (EU) ដែលដកចេញនូវវិធានការទប់ស្កាត់ COVID-19 ទាំងអស់ ខណៈអត្រាចាក់វ៉ាក់សាំង នៅក្នុងប្រទេសនេះបានកើនឡើងដល់កម្រិតខ្ពស់ ដែលត្រូវបានគេជឿជាក់ថា អាចទប់ទល់នឹងវីរុសបំប្លែងថ្មី Omicronបាន។
បន្ទាប់ពីការសាកល្បងដកចេញនូវវិធានការទប់ទល់ COVID-19 កាលពីអំឡុងខែកញ្ញា និងខែវិច្ឆិកា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ ប្រទេសដាណឺម៉ាកជាថ្មីម្តងទៀត បានសម្រេចចិត្តដកការរឹតត្បិត ពាក់ព័ន្ធនឹងការពាក់ម៉ាស់ និងការកំណត់ម៉ោងឱ្យបារ និងភោជនីយដ្ឋានបើកដំណើរការ។
និស្សិតដាណឺម៉ាកអាយុ១៧ឆ្នាំម្នាក់ បានប្រាប់ AFP នៅមុនមួយថ្ងៃនៃការដកវិធានការរឹតត្បិត COVID-19 ទាំងស្រុងនេះថា «ខ្ញុំពិតជាសប្បាយចិត្តខ្លាំងណាស់ ដែលអ្វីៗគ្រប់យ៉ាងនឹងត្រូវបញ្ចប់ ចាប់ពីថ្ងៃស្អែកនេះតទៅ។ វាល្អណាស់សម្រាប់ជីវិតអ្នកទីក្រុង និងជីវិតពេលរាត្រី ដែលអាចឱ្យយើងដើរលេងខាងក្រៅបានកាន់តែយូរ…»។
គួរបញ្ជាក់ថា នៅថ្ងៃអង្គារទី០១ ខែកុម្ភៈនេះ ក្លិបកម្សាន្តរាត្រីក៏អាចបើកដំណើរការឡើងវិញផងដែរ និងមិនមានការកំណត់ចំនួនអ្នកចូលកម្សាន្តទៀតនោះឡើយ។ យ៉ាងណាក៏ដោយ ការរឹតបន្តឹងតាមតំបន់មួយចំនួននៅព្រំដែនដាណឺម៉ាកនៅតែបន្តចំពោះអ្នកមិនបានចាក់វ៉ាក់សាំងមកពីប្រទេសក្រៅ។ គិតត្រឹមពេលនេះ ប្រជាជនដាណឺម៉ាកជាង ៦០% បានទទួលការចាក់វ៉ាក់សាំងបង្ការ COVID-19 «ដូសជំរុញ» និង ៨១% បានទទួលការចាក់គ្រប់ដូស៕ ដោយសាធី

...


រូបថត៖AFP.

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print