ខេត្តបន្ទាយមានជ័យៈ មនុស្ស០២នាក់បានស្លាប់ក្នុងថ្ងៃតែមួយ ដោយគ្រោះថ្នាក់ចរាចរណ៍០២ករណីផ្សេងពីគ្នា មួយករណីនៅស្រុកម៉ាឡៃ រវាងម៉ូតូនិងរថយន្ត និងមួយករណីទៀតរវាងម៉ូតូនិងគោយន្តកន្ត្រៃ នៅស្រុកស្វាយចេក ។
លោក សួន នីប៉ូ នាយរងការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្ត បានឲ្យដឹងថា៖ករណីទី០១នៅវេលាម៉ោង០៥និង៤០នាទីល្ងាចថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរា ចរណ៍កើតឡើង នៅលើកំណាត់ផ្លូវជាតិលេខ៥៩ ត្រង់ចំណុចភូមិបន្ទាយទីមួយ ឃុំទួលពង្រ ស្រុកម៉ាឡៃ រវាងម៉ូតូនិងរថយន្ត ។
លោកនាយរងការិយាល័យនគរបាលចរាចរណ៍ បានបញ្ជាក់ថា៖នៅមុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាកHonda wave ចាស់គ្មានលក្ខណះបច្ចេកទេសមិនមាន ស្លាកលេខ បើកបរដោយឈ្មោះ សុន សន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិអភិវឌ្ឍន៍ ឃុំទួលពង្រ ស្រុកម៉ាឡៃ បើកបរក្នុងទិសដៅពីកើតទៅលិច ដល់ចំណុចកើតហេតុបានប្ដូរគន្លងបត់ឆ្វេង ពេលនោះមានឧបសគ្គនៅខាងមុខ ម៉ូតូក៏ងាកមកស្តាំវិញដោយខ្វះការប្រុប្រយ័ត្ន ក៏ត្រូវ រថយន្តម៉ាកស៊ីណា ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ2AT-9833 បើកបរទិសដៅផ្ទុយគ្នាពីលិចទៅកើត ដោយល្បឿនលឿនអ្នកបើកបររថយន្តឃើញម៉ូតូបត់ឆ្វេងហើយរេមកស្តាំវិញក៏បានគេចមកឆ្វេងដៃវិញទៅបុកប៉ះម៉ូតូបណ្តាលឲ្យមានគ្រោះថ្នាក់តែម្តង អ្នកបើកម៉ូតូស្លាប់នៅនឹងកន្លែង ចំណែកអ្នកបើករថយន្តបានរត់គេចខ្លួន បន្សល់រថយន្តនៅកន្លែងកើតហេតុ។ចំពោះវត្ថុតាងម៉ូតូនិងរថយន្តខូចធ្ងន់ទាំង០២គ្រឿង យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកម៉ាឡៃ ចំណែកសពបានប្រគល់ជូនក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពីណៃ។
លោក សួន នីប៉ូ បានឲ្យដឹងទៀតថា៖ករណីទី០២ មានគ្រោះថ្នាក់ចរាចរណ៍បានកើតឡើងនៅវេលាម៉ោង០៦យប់ថ្ងៃទី០១ខែកុម្ភៈ ឆ្នាំ ២០២២ រវាម៉ូតូបុកគោយន្តពីក្រោយ នៅលើកំណាត់ផ្លូវជាតិលេខ៥៦A នៅខាងត្បូងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទ្រាសចម្ងាយ៤០០ម៉ែត្រ ស្ថិតក្នុងភូមិទ្រាស ឃុំទ្រាស ស្រុកស្វាយចេក ។ជនរងគ្រោះឈ្មោះ សឿម សុក ភេទប្រុស អាយុ១៧ឆ្នាំរស់នៅភូមិត្រយឹង ឃុំគំរូ ស្រុកថ្មពួក។បើកបរម៉ូតូម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២១ពណ៍ខ្មៅ ពាក់ស្លាកលេខ1X.0395 ។ចំណែកអ្នកបើកបរគោយន្តកន្ត្រៃ ត្រូវបានគេស្គាល់ឈ្មោះ លីនឡេត ភេទប្រុស អាយុ៥០ឆ្នាំរស់នៅភូមិតាវឹក ឃុំទ្រាសស្រុកស្វាយចេក ។
លោកនាយរងការិយាល័យនគរបាលចរាចរណ៍បានបញ្ជាក់បន្ថែមថា៖នៅមុនពេលកើតហេតុ មានគោយន្តកន្ត្រៃ០១គ្រឿង គ្មានចំណាំងផ្លាតឬភ្លើងបំភ្លឺខាងក្រោយជាសញ្ញានោះទេ បានធ្វើដំណើរក្នុងទិសដៅ ពីត្បូងទៅជើងពេលបើកមកដល់ចំណុចកើតហេតុខាងត្បូងប៉ុស្តិ៍នគរបាលទ្រាសប្រហែល៤០០ម៉ែត្រ មានម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០២១ ពណ៍ខ្មៅ ពាក់ស្លាកលេខ1X.0395 បើកបរម្នាក់ក្នុងល្បឿនលឿន បានជ្រុលទៅបុកគោយន្តកន្ត្រៃពីក្រោយ បណ្តាលឲ្យអ្នកបើបរម៉ូតូស្លាប់ភ្លាមៗនៅនឹងកន្លែង ។ បន្ទាប់ពីកើតហេតុអ្នកបើកបរគោយន្តបានបើកគោយន្តមកឈប់នៅមុខប៉ុស្តិ៍នគរ បាលរដ្ឋបាលឃុំទ្រាស ហើយទុកគោយន្តចោលរត់គេចខ្លួនដោយសុវត្ថិភាព ។ម៉ូតូខូចខាតធ្ងន់ គោយន្តខូចខាតស្រាល នគរបាលយកមករក្សាទុកនៅអធិការដ្ឋាននគរបាល ស្រុកស្វាយចេក រងចាំធ្វើការដោះស្រាយនៅពេលក្រោយ ។ចំណែកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕ វណ្ណា