ខេត្តមណ្ឌលគិរី៖ រថយន្តវេអងមួយដឹកឈើគ្រឿងផ្ទះពេញព្រៀបដោយដាក់បាវអង្កាមពីលើបន្លំភ្នែកមហាជននិងសមត្ថកិច្ច តែជួបគ្រោះស៊យរថយន្តបានក្រឡាប់នៅត្រង់ចិញ្ចើមផ្លូវចុះចំណោតបង្កឱ្យមានអ្នកស្លាប់ម្នាក់និងរងរបួសធ្ងន់បីនាក់ដាយសារត្រូវឈើសង្កត់លើ។ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើលដល់អ្នកធ្វើដំណើរតាមដងផ្លូវចោមរោមឈរមើលទាំងនឹកហួសចិត្ត។
ហេតុការណ៍រថយន្តដឹកបាវអង្កាមចុះចំណោតក្រឡាប់ចេញសុទ្ធតែឈើសង្កត់មនុស្សស្លាប់និងរបួសធ្ងន់នោះបានកើតឡើងនៅវេលារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២២លើកំណាត់ផ្លូវជាតិលេខ៧៦A ត្រង់ចំណុចអូរងើយត្រង់ផ្លូវបត់កោងហើយចោតទៀតផងស្ថិតក្នុងភូមិអណ្តូងក្រឡឹង ឃុំសែនមនោរម្យ ស្រុកអូររាំងខេត្តមណ្ឌលគិរី។
រថយន្តដែលក្រឡាប់នោះម៉ាកវេអង ពាក់ស្លាកលេខស្វាយរៀង3A-0854 ដោយមានដឹកអង្កាមដាក់គ្របពីលើឈើបន្លំភ្នែកមហាជនបើកបរចេញពីស្រុកកោះញែកឆ្លងកាត់ទីរួមខេត្តមណ្ឌលគិរីឆ្ពោះទៅកាន់ខេត្តត្បូងឃ្មុំនិងខេត្តកំពង់ចាម តែចំថ្ងៃស៊យធំទើបមកដល់ត្រង់ចំណុចខាងលើនោះបើកចុះចំណោតខ្លាំងក៏ដាច់ហ្វ្រ័ងជ្រុលចង្កូតធ្លាក់ផ្លូវក្រឡាប់តែម្តងចេញសុទ្ធតែឈើសង្កត់លើមនុស្សបណ្តាលឱ្យស្លាប់និងរបួសតែម្តង។
នៅក្នុងរថយន្តនោះមានមនុស្សម្នាក់ស្លាប់នៅក្នុងគំនរឈើនិងអ្នករួមដំណើរ៣នាក់ទៀតរងរបួសធ្ងន់ត្រូវបានគេបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបបង្អែកខេត្ត ប៉ុន្តែអ្នករងគ្រោះទាំងអស់នោះគេមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយទេ។
រថយន្តដែលក្រឡាប់នោះគេសង្កេតឃើញមានដឹកឈើគ្រឿងផ្ទះចាស់ខ្លះនិងបង្កប់ឈើថ្មីខ្លះនៅពីក្រោមដោយមានអង្កាមដាក់គ្របពីលើដើម្បីបិទបាំងភ្នែកមហាជន ប៉ុន្តែគេសង្ស័យថាអាចត្រូវរ៉ូវមួយសមត្ថកិច្ចរួចខ្លះហើយទើបអាចរបូតមកដល់ទីតាំងកើតហេតុនេះ។
ក្រោយកើតហេតុនោះភ្លាមក៏មានមន្ត្រីបរិស្ថានបានមករឹបអូសយករថយន្តនិងឈើទៅទៅរក្សាទុករង់ចាំចាត់ការបន្តទៅតាមនីតិវិធីច្បាប់ព្រៃឈើនិងធនធានធម្មជាតិ៕