លោក​ នួន​ ផារ័ត្ន​ ចែករំលែកបទពិសោធន៍ជាអតីតនិស្សិតអាហារូបករណ៍ ទៅសិក្សានៅប្រទេសបារាំង កាលពី២០ឆ្នាំមុន

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ នួន​ ផារ័ត្ន​ អភិបាលរង​នៃគណៈអភិបាលរាជធានីភ្នំពេញ​ បានថ្លែង​ឱ្យ​ដឹង​នៅព្រឹកថ្ងៃសុក្រទី០៤​ ខែកុម្ភៈ​ ឆ្នាំ​២០២២នេះ​ថា៖​ « លោកតំណាងឱ្យលោកអភិបាលរាជធានីភ្នំពេញ មានឱកាសជួបសំណេះសំណាល ជាមួយនិស្សិតជ័យលាភីអាហារូបករណ៍រដ្ឋាភិបាលអូស្រ្តាលី ឆ្នាំ២០២១-២០២២ ទាំង ២៩រូប ដែលនឹងចេញទៅបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសអូស្រ្តាលី នាពេលខាងមុខ »។

នៅក្នុងឱកាសនោះ លោក​ នួន​ ផារ័ត្ន​ បានជម្រាបជូនពួកគាត់អំពីចក្ខុវិស័យនៃការអភិវឌ្ឍរបស់រាជធានីភ្នំពេញ តាមរយៈការរៀបចំឯកសារគោលសំខាន់ៗ រួមមាន៖ ប្លង់គោលប្រើប្រាស់ដីធ្លីឆ្នាំ២០៣៥, ផែនការមេស្តីពីការលើកកម្ពស់ប្រព័ន្ធប្រឡាយ-លូ និងទឹកកខ្វក់ក្នុងរាជធានីភ្នំពេញ, ផែនការមេស្តីពីការគ្រប់គ្រងប្រព័ន្ធដឹកជញ្ជូន និងការឈានទៅអនុម័តឱ្យប្រើប្រាស់ឯកសារផែនទីយុទ្ធសាស្ត្រស្តីពីទីក្រុងវៃឆ្លាត និងប្រកបដោយនិរន្តរភាពរបស់រាជធានីភ្នំពេញឆ្នាំ២០៣៥ នាពេលខាងមុខនេះ ។

ជាមួយគ្នានេះ អភិបាលរងក្រុង​រូបនេះ​ ក៏បានចែករំលែកបទពិសោធន៍ជាអតីតនិស្សិតអាហារូបករណ៍ ទៅសិក្សានៅប្រទេសបារាំង កាលពី ២០ ឆ្នាំ មុន ព្រមទាំងឆ្លៀតផ្តាំផ្ញើប្អូនៗនិស្សិតជ័យលាភីអំពីភាពជាតំណាងរបស់កម្ពុជា (Ambassador of Cambodia) ទៅកាន់បរទេស, ដូចនេះ សូមប្អូនៗចូលរួមផ្សព្វផ្សាយអំពីការអភិវឌ្ឍរបស់ប្រទេសជាតិ និងខិតខំប្រឹងប្រែងរៀនសូត្រក្រេបយកចំណេះដឹង ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិយើង នៅពេលត្រឡប់មកកាន់មាតុប្រទេសវិញ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print