ភ្នំពេញ៖ បេីយោងតាមប្រភពព័ត៍មានពីផេកហ្វេសប៊ុកផ្លូវការរបស់ក្រសួងបរិស្ថាន បានឱ្យដឹងថា សត្វជ្រូកពោន ឬជ្រូកព្រុល មានឈ្មោះជាភាសាអង់គ្លេសថា Hog Badger និងចំណែកឈ្មោះតាមវិទ្យាសាស្ត្រវិញគឺ Arctonyx collaris) និងជាប្រភេទសត្វមានដោយកម្រ និងត្រូវបានចុះក្នុងបញ្ជីក្រហម IUCN ជាប្រភេទងាយរងគ្រោះថ្នាក់ជាសាកល ប៉ុន្តែសត្វប្រភេទនេះគេឃើញកំពុងរស់នៅតំបន់ការពារធម្មជាតិកម្ពុជា។
ក្រសួងបរិស្ថាន បានឱ្យដឹងទៀតថា សត្វប្រភេទនេះ ត្រូវគេថតបានកំពុងរស់នៅតាមតំបន់ការពារធម្មជាតិកម្ពុជា។
សូមជម្រាបថា សត្វជ្រូកពោន ឬជ្រូកព្រុល មានប្រវែងក្បាល-ដងខ្លួនពី ៦៥០-១.០៤០មម និងមានទម្ងន់ពី ៧-១៤គ.ក កន្ទុយប្រវែង ១២០-១៧០មម និងជើងក្រោយ ១១៥-១៣៤មម។វាជាសត្វមានមាឌធំ មានកន្ទុយខ្លី ជើងធំៗ និងមានក្រចកមាំ កោងវែងពណ៌ស ច្រមុះរាងដូចច្រមុះជ្រូក។ សត្វប្រភេទនេះរស់នៅតាមរូង ឬក្រហែងថ្ម និងរកស៊ីនៅពេលយប់។ ចំណីអាហាររបស់វាមានដូចជាមើមរុក្ខជាតិ ឫសឈើ ជន្លេន សត្វល្អិត និងសត្វតូចៗ។
គួរបញ្ជាក់ថា ជ្រូកពោន ឬជ្រូកព្រុល មានវត្តមាននៅតាមតំបន់ព្រៃស្ទើទូទាំងប្រទេសកម្ពុជា ជាពិសេសនៅភាគនិរតី ឦសាន និងភាគខាងជើងផងដែរ៕ដោយ៖សហការី